រុស្ស៊ី ៖ ពេលនេះ រុស្ស៊ី បានចាប់ផ្ដើមប្រមូលសម្ព័ន្ធមិត្តវិញម្ដងហើយ ដោយមិនត្រឹមធ្វើតែទំនាក់ទំនងការទូតសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺថែមទាំងចែករំលែកសព្វាវុធទំនើបៗ និងគ្រឿងសឹកទៅដល់បណ្ដាប្រទេសជាមិត្តរបស់ខ្លួនទៀតផង ដើម្បីបញ្ជាក់ទៅកាន់ក្រុមប្រទេសដែលប្រចាំនឹងខ្លួនថា រុស្ស៊ីក៏ចេះសហការកេណ្ឌកម្លាំងបរទេស និងប្រមូលសម្ព័ន្ធមិត្តផងដែរ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទ (១៥ សីហា ២០២២) ថា ទីក្រុងមូស្គូបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់អាវុធទំនើបៗដល់សម្ព័ន្ធមិត្តរបស់ខ្លួន។
លោក ពូទីន បាននិយាយបែបនេះនៅក្នុងពិធីបើកវេទិកាកងទ័ពឆ្នាំ២០២២ នៅជិតទីក្រុងមូស្គូ ដើម្បីអួតពីសមត្ថភាពអាវុធទំនើបរបស់ខ្លួន, ហើយបានសង្កត់ធ្ងន់ទៀតថា យើង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូនសម្ព័ន្ធមិត្តរបស់យើងនូវប្រភេទអាវុធទំនើបបំផុត ចាប់ពីអាវុធធុនតូច រហូតដល់រថពាសដែក និងកាំភ្លើងធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សជិះ។
បើនិយាយពីអាវុធទំនើបៗ និងគ្រឿងសឹករបស់រុស្ស៊ីវិញ គេសង្កេតឃើញសព្វាវុធតែ ៥ ប្រភេទប៉ុណ្ណោះ អាចវាយកម្ទេចអ៊ុយក្រែនបានបាត់ទៅហើយ, ក្នុងនោះ រួមមាន ÷
១- រថក្រោះ T-90 គឺជារថក្រោះចម្បាំងក្នុងសមរភូមិល្អបំផុត ហើយគេបានឃើញការប្រយុទ្ធរបស់រថក្រោះនេះ នៅតំបន់ Dagestan របស់អ៊ុយក្រែន និងស៊ីរី ។
២- រថក្រោះបាញ់កាំភ្លើងធំ Koaltsiya, វាគឺជារថក្រោះបាញ់ស្វ័យប្រវត្តិថ្មី និងសាហាវឈ្មោះ ថា Koalitsiya-SV ដែលស្រដៀងនឹងរថពាសដែក M109A7 Paladin របស់អាមេរិក ។
៣- នាវាផ្ទុករថពាសដែក Rakushka, វាជាម៉ូដែលស្ដង់ដារ ផ្ទុកទាហាន ១៣ នាក់ និងបំពាក់ដោយកាំភ្លើងធុនស្រាលប្រភេទ ៧.៦២ មីល្លីម៉ែត្រ និងកាំភ្លើងបាញ់គ្រាប់ប្រភេទ ៣០ មីលីម៉ែត្រ ។
៤- ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែត Uragan 1M, គឺជាប្រព័ន្ធបាញ់រ៉ុក្កែតដែលបំពាក់លើរថយន្តយោធា ហើយវាអាចបង្កការខូចខាតជាច្រើនដល់កងទ័ពអ៊ុយក្រែន ប្រសិនបើដាក់ពង្រាយ និងប្រើវា។
៥. មីស៊ីល Iskander, ជាមីស៊ីលបាញ់ពីលើដី ជាប្រព័ន្ធចល័ត បាញ់រយៈចម្ងាយខ្លី ។ បច្ចុប្បន្ន រុស្ស៊ីមានមីស៊ីល Iskander ចំនួន ១៣៦ គ្រាប់ ហើយវាគ្រប់គ្រាន់ ដែល អាច គំរាម កំហែង ដល់ អ៊ុយក្រែន។
នេះនិយាយត្រឹមតែគ្រឿងសព្វាវុធប្រភេទមធ្យមតែប៉ុណ្ណោះ មិនទាន់និយាយទៅដល់សព្វាវុធប្រភេទធ្ងន់ៗរួមទាំងនុយក្លេអ៊ែរនោះនៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



























