Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្នុងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោស លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៦ឆ្នាំបន្ថែមទៀត ក្នុងសំណុំរឿង ៤

spot_img

មីយ៉ាន់ម៉ា ៖ លោកស្រី អោងសាន ស៊ូជី មេដឹកនាំនយោបាយមួយរូបប្រឆាំងនឹងរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានតុលាការនៅក្នុងប្រទេសនេះ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀត ពាក់ព័ន្ធទៅនឹងបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មានសំណុំរឿងពុករលួយចំនួន ៤ ករណីផ្សេងទៀត ដែលត្រូវបានតុលាការសម្រេចកាលពីនាថ្ងៃចន្ទ ដោយចោទប្រកាន់ថា លោកស្រី អោងសាន ស៊ូជី បានប្រើប្រាស់អំណាចរបស់ខ្លួន យកដីរដ្ឋទៅជួលក្រោមតម្លៃក្នុងទីផ្សារ , ហើយថា បានសាងសង់លំនៅឋានមួយកន្លែង ដោយប្រើថវិកា ដែលបានមកពីការបរិច្ចាគសម្រាប់គោលដៅសប្បុរសធម៌។

បើតាមនីតិវិធីរបស់តុលាការនៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានកំណត់ផ្តន្ទាទោស អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ សម្រាប់ករណីបទល្មើសនីមួយៗ ប៉ុន្តែ៣ករណីក្នុងចំណោមនោះ គឺត្រូវអនុវត្តព្រមពេលជាមួយគ្នាតែម្តង ដែលធ្វើឱ្យរយៈពេលជាប់ពន្ធនាគារសរុប គឺត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។

ទាក់ទងទៅនឹងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយនេះ លោកស្រី អោងសាន ស៊ូជី បានច្រានចោលទាំងអស់ ហើយមេធាវីលោកស្រី ត្រូវគេរំពឹងថា នឹងបន្តដាក់ពាក្យប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់តុលាការនេះ។

សូមបញ្ជាក់ថា ក្នុងរឿងក្តីមួយចំនួនកន្លងមកសម្រាប់ លោកស្រី អោងសាន ស៊ូជី គឺត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ រួចទៅហើយ ចាប់តាំងពីលោកស្រី ត្រូវបានក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច និងចាប់ឃុំខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា លោកស្រី អោងសានស៊ូជី ជា អ្នកនយោបាយជនជាតិភូមា និងជាមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ប្រចាំប្រទេសមីយ៉ាម៉ា ដែលមានឈ្មោះថា សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅនេះ លោកស្រី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ចាប់ដាក់ឃុំនៅក្នុងលំនៅឋានរបស់ខ្លួន ក្នុងរយៈពេលសរុបប្រមាណជាង១៥ឆ្នាំរួចទៅហើយ ។

ក្រោយពីមានសេរីភាពប៉ុន្មានឆ្នាំ ក៏បានធ្វើនយោបាយរហូតដល់ជាប់ឆ្នោតឡើងកាន់អំណាចជាប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបានប៉ុន្មានផង ក៏ត្រូវក្រុមមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចវិញក្នុងខែកម្ភ: ឆ្នាំ២០២១ និងចាប់ឃុំខ្លួននៅក្នុងលំនៅឋានរបស់លោកស្រី ព្រមទាំងផ្ដន្ទាទោសជាបន្តបន្ទាប់ទៀត រហូតធ្វើឱ្យលោកស្រីជាប់ឈ្មោះក្លាយជា អ្នកទោសនយោបាយដែលជាប់ឃុំយូរជាងគេលើពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×