មនុស្សជាច្រើនប្រហែលជាធ្លាប់លេបគ្រាប់ផ្លែឈើចូលពោះដោយមិនបានតាំងចិត្ត តាំងពីគ្រាប់តូចៗ ដូចជាគ្រាប់ផ្លែក្រូចពោធិ៍សាត់ គ្រាប់ក្រូចឆ្មារ គ្រាប់ត្របែក ឬគ្រាប់ដែលធំៗជាងនោះ ដូចជាគ្រាប់អម្ពិល គ្រាប់ទៀប គ្រាប់ផ្លែបំពេញរាជ្យ ឬគ្រាប់ផ្លែគុយ ជាដើមមិនខាន។ ទាំងអស់នេះ វាធ្វើឱ្យមានចម្ងល់មួយកើតឡើងថា ការពិតទៅ ការច្រឡំលេបគ្រាប់ផ្លែឈើចូលទៅក្នុងពោះនេះ មានគ្រោះថ្នាក់ច្រើន-តិចប៉ុនណា និងបើជ្រុលលេបចូលទៅហើយ គួរធ្វើយ៉ាងណា?
លេបគ្រាប់ផ្លែឈើចូលពោះ មានគ្រោះថ្នាក់យ៉ាងណា?
គ្រោះថ្នាក់ចំពោះផ្លូវដង្ហើម
មុននឹងចូលជ្រៅទៅដល់ប្រអប់ពោះ គ្រាប់ផ្លែឈើទាំងនោះមានភាពប្រឈមនឹងការស្លាក់ក្នុងបំពង់ក បិទផ្លូវដង្ហើម រហូតធ្វើឱ្យដកដង្ហើមមិនរួច(ក្នុងករណីនេះ បើមិនអាចយកគ្រាប់ផ្លែឈើ ដែលស្លាក់ជាប់នៅក្នុងនោះចេញមក បានទាន់ពេលវេលាទេនោះ អាចប្រឈមនឹងការស្លាប់បាន ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ) ជាពិសេសគ្រាប់ដែលមានទំហំធំ និងរឹង អាចរឹតតែមានគ្រោះដល់ជីវិតបានយ៉ាងឆាប់រហ័ស។ ក្នុងករណីដែលស្លាក់ជាប់នៅក្នុងបំពង់ផ្លូវដង្ហើម តែមិនបានបិទជិត រហូតដល់ដកដង្ហើមមិនរួចទេនោះ វាអាចធ្វើឱ្យបំពង់ផ្លូវដង្ហើម ឆ្លងមេរោគ រលាកក្លាយ និងក្អកមានឈាម ឬខ្ទុះចេញមកជាដើម។
គ្រោះថ្នាក់ចំពោះបំពង់អាហារ
ក្នុងករណីដែលឆ្លងផុតបំពង់ដង្ហើមហើយ តែក៏អាចមិនមែនមានន័យថា វត្ថុចម្លែក ដូចជាគ្រាប់ផ្លែឈើទាំងនោះ នឹងហូររអិលធ្លាក់ចុះទៅដល់ក្រពះ -ពោះវៀនធំ រហូតបន្ទោបង់ចេញមកក្រៅរាងកាយវិញ បានសម្រេចជានិច្ចនោះដែរ។ បើជាគ្រាប់ដែលមានទំហំធំ ឬមានផ្នែកមុតស្រួច ដែលអាចជាប់នៅក្នុងបរិវេណបំពង់អាហារ ក្នុងរយៈពេលយូរ ដោយមិនព្រមរបូតធ្លាក់ចេញ អាចធ្វើឱ្យសាច់ភ្នាសបរិវេណនោះ មានអាការរលាកក្លាយជាដំបៅ អាចដល់ថ្នាក់ធ្លុះបំពង់អាហារនៅត្រង់នោះបាន។
គ្រោះថ្នាក់ចំពោះពោះវៀនធំ
តែបើគ្រាប់ផ្លែឈើនោះ មានភាពរលោងរអិលខ្លះនោះ វាអាចនឹងហូរចុះទៅបានឆ្ងាយ រហូតទៅដល់ពោះវៀនធំ តែនៅតាមផ្លូវ អាចនឹងជាប់នៅត្រង់ផ្នែកណាមួយ ជាពិសេសពោះវៀនធំ ដែលច្រើនតែជួបប្រទះថា ធ្វើឱ្យកើតសភាវបាំងស្ទះនៅក្នុងពោះវៀន ឬបើជាគ្រាប់ដែលមានភាពមុតស្រួច ដូចជាគ្រាប់ផ្លែទៀប និងគ្រាប់ផ្លែបំពេញរាជ្យ ជាដើមនោះ នៅពេលឆ្លងផុតក្រពះហើយ សាច់ផ្លែឈើដែលរអិលៗនោះក៏នឹងបាត់អស់ នៅសល់តែគ្រាប់រឹងៗ ដែលមានភាពមុតស្រួច ដែលអាចបង្កឱ្យពោះវៀនធំមានរបួស ឬធ្លុះ ធ្វើឱ្យលាមកលេចជ្រាបចេញមកក្នុងប្រអប់ពោះ នាំឱ្យកើតអាការឆ្លងមេរោគនៅក្នុងក្រសែឈាម រហូតធ្វើឱ្យអាការឈឺចាប់ ធ្លាក់ចុះធ្ងន់ធ្ងរដល់ថ្នាក់ស្លាប់បានដូចគ្នា។
ចុះបើភ្លេចខ្លួន ច្រឡំលេបគ្រាប់ផ្លែឈើចូលពោះហើយ តើត្រូវធ្វើយ៉ាងណា?
បើជាគ្រាប់តូចៗ ដូចជាគ្រាប់ក្រូចពោធិ៍សាត់ គ្រាប់ផ្លែក្រូចឆ្មារ គ្រាប់ត្របែក ឬគ្រាប់ផ្សេងទៀត ដែលមានខ្នាតមិនធំនោះ បើឆ្លងផុតបំពង់ខ្យល់(បំពង់ដង្ហើម) និងបំពង់អាហារទៅដល់ក្រពះហើយ ប្រហែលជាមិនមានអ្វីគួរឱ្យបារម្ភនោះទេ(លើកលែងតែស៊យធំ គ្រាប់នោះធ្លាក់ចូលទៅក្នុងខ្នែងពោះវៀន ធ្វើឱ្យកើតបញ្ហាធំ រហូតដល់ត្រូវធ្វើការវះកាត់ ទើបជាសះស្បើយ)។
តែបើជាគ្រាប់ដែលមានទំហំធំបន្តិច ដូចជា គ្រាប់អម្ពិល គ្រាប់ផ្លែទៀប ឬគ្រាប់មង្ឃុត ដែលមានភាពរឹង និងមិនសូវជារអិលខ្លាំងប៉ុន្មាននោះ អាចមានភាពប្រថុយប្រថានក្នុងការស្លាក់ជាប់នៅក្នុងបំពង់ខ្យល់ ឬផ្លូវដង្ហើមបាន។ ចូរសង្កេតមើលអាការរបស់ខ្លួនឯងថា អាចដកដង្ហើមចេញ-ចូលបានស្រួលដែរឬទេ និងរង់ចាំសង្កេតមើលអាការ ២-៣ថ្ងៃ បើគ្មានអាការខុសប្រក្រតីអ្វីទេ ក៏អាចរស់នៅតាមប្រក្រតីបាន តែបើសិនជាដកដង្ហើមមិនស្រួល ថប់ៗ ឬចុកពោះ គួរប្រញាប់ទៅពេទ្យជាបន្ទាន់។
និងចុងក្រោយ បើសិនជាគ្រាប់ទំហំធំ និងមានភាពមុតស្រួចនៅខាងក្នុង ដូចជាគ្រាប់ផ្លែបំពេញរាជ្យវិញ អ្នកជំនាញណែនាំឱ្យប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យតាំងពីដំបូងៗ ដោយមិនចាំបាច់រង់ចាំសង្កេតមើលអាការអ្វីឡើយ ព្រោះមានភាពប្រឈមខ្ពស់ ដែលនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយបានខ្លាំង ជាងគ្រាប់ផ្លែឈើតូចៗ៕