នៅពេលធាតុអាកាសក្ដៅខ្លាំងម្ដងៗ មិនឱ្យញ៉ាំទឹកត្រជាក់ម្ដេចនឹងបានទៅ? តែមានមនុស្សជាច្រើន អាចធ្លាប់បានឮមកថា ទឹកត្រជាក់ខ្លាំងៗ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ដូច្នេះសួរថា ចុះដែលយើងនាំគ្នាញ៉ាំរាល់ដងហ្នឹង តើមានគ្រោះថ្នាក់ចំពោះរាងកាយខ្លាំងប៉ុនណាដែរ ឬក៏មិនមែនជាការពិត? ចម្លើយមានដូចខាងក្រោម…
តើទឹកត្រជាក់ខ្លាំងៗ បំផ្លាញរាងកាយយើងយ៉ាងដូចម្ដេច?
បើនិយាយយ៉ាងងាយៗនោះគឺ ការញ៉ាំទឹកដែលត្រជាក់ខ្លាំង ក្នុងរយៈពេលដ៏ឆាប់រហ័ស(ញ៉ាំលឿនៗពេក) អាចធ្វើឱ្យកើតអាការ Brain freeze ឬអាការត្រជាក់ខ្លាំងឡើងដល់ខួរក្បាល ធ្វើឱ្យឈឺក្បាលមួយភ្លែត។ គឺជាកម្មវិធីរបស់ខួរក្បាល ដែលបញ្ជាការបញ្ជូនឈាម ទៅសរសៃឈាមនៅម្ដុំដែលត្រជាក់ខ្លាំងនោះភ្លាមៗ ដើម្បីធ្វើឱ្យសរសៃឈាមនៅម្ដុំនោះ កក់ក្ដៅឡើងវិញ និងពង្រីកសរសៃឈាមឱ្យធំឡើង និងទៅជំរុញសរសៃប្រសាទផ្នែកដែលទទួលដឹងពីការឈឺចាប់ ទើបធ្វើឱ្យកើតអាការឈឺក្បាលភ្លាមៗឡើង តែមិនចាំបាច់បារម្ភទេ អាការនេះកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមិនបង្កផលប៉ះពាល់រយៈពេលវែងដល់រាងកាយឡើយ។
តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយ ក្នុងរយៈពេលវែងក៏មានដូចគ្នាដែរ។ ការញ៉ាំទឹកដែលត្រជាក់ខ្លាំងញឹកញាប់ នឹងធ្វើឱ្យក្រលៀនត្រូវបំពេញតួនាទី កម្ចាត់ភាពត្រជាក់ចេញពីរាងកាយយ៉ាងឆាប់រហ័ស ដោយការបណ្ដេញទឹកត្រជាក់ ចេញទៅស្តុកទុកនៅក្នុងប្លោកនោម។ ក្រៅពីក្រលៀននឹងធ្វើការខ្លាំងឡើងហើយ ភាពត្រជាក់ខ្លាំងញឹកញាប់ នៅធ្វើឱ្យសរសៃឈាមពង្រឹងខ្លួន មិនយឺតយារ ឈាមឡើងខាប់ស្អិត រំកិលខ្លួនយឺត និងលំបាក។ ធ្វើឱ្យមានកំណកខ្លាញ់ និងរបស់សំណល់នៅក្នុងឈាម តោងជាប់នៅតាមជញ្ជាំងសរសៃឈាម និងអាចប្រមូលសន្សំ ពូនច្រើនឡើង រហូតក្លាយជាជំងឺត្បៀតសរសៃឈាម។
ដូច្នេះ បើចង់ចៀសវាងពីគ្រោះថ្នាក់ទាំងនោះ គួរញ៉ាំទឹកក្ដៅឧណ្ឌៗ ឬទឹកធម្មតាជំនួសទឹកដែលត្រជាក់ខ្លាំង ឬកាត់បន្ថយការញ៉ាំទឹកត្រជាក់ខ្លះ ទទួលទានអាហារដែលមានជាតិខ្លាញ់តិច គ្រប់គ្រងអាហារពពួកម្សៅ និងស្ករឱ្យសមល្មមនឹងតម្រូវការរបស់រាងកាយ ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលការធ្វើការងាររបស់អវយវៈខាងក្នុង រួមទាំងសរសៃឈាមឱ្យប្រក្រតីផង៕