រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ បានអនុញ្ញាតជូនលោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide Pte. Limited និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការអនុវត្តជាក់ស្តែងនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួង។
ក្នុងជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រក្នុងវិស័យទេសចរណ៍កន្លងមករបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើររបស់ប្រទេសកម្ពុជាកន្លងមកដល់អតិថិជន និងពិភពលោកទាំងមូល។
ក្នុងឱកាសនៃជំនួប គូភាគីទាំងពីរ បានឯកភាពអនុវត្តជាក់ស្តែង និងឱ្យចេញជាផ្លែផ្កាលើកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនដែលបានចុះកន្លងមក ដូចជាការគាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីទំនើប និងទិន្នន័យប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងសន្តិសុខ ជាពិសេសគឺការពិនិត្យលទ្ធភាពលើកិច្ចសហការបង្កើត Tourism Satellite Account៕រក្សាសិទ្ធដោយ៖សុទ្ធលី








