Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឲ្យដាក់ទណ្ឌកម្មលើវិស័យនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី

រដ្ឋធានីកៀវ៖ ការបាញ់ផ្លោងជាថ្មី ដាក់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhia កាលពីពេលថ្មីនេះ កំពុងតែធ្វើឲ្យអង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយស្របគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រេន ក៏បានអំពាវនាវដល់ពិភពលោក ត្រូវតែបង្ហាញពីការដាក់ទណ្ឌកម្មជាថ្មី លើវិស័យនុយក្លេអ៊ែរ ប្រឆាំងនឹងក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវ ដល់ពិភពលោក ត្រូវតែដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវបែបនេះ ក្រោយពេលមានការបាញ់ផ្លោងជាថ្មី នៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) អាចនឹងនាំឲ្យមានហានិភ័យ ពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ខណៈរុស្ស៊ី និង អ៊ុយក្រែន កំពុងតែស្ដីបន្ទោសដាក់គ្នាទៅវិញទៅមក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងកៀវ ក៏បានលើកឡើង អំពីហានិភ័យ នៃមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្របពេលប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ ហៅកាត់ IAEA កំពុងតែសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញករណីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។

ទន្ទឹមគ្នានេះដែរ សហភាពអឺរ៉ុប និង ប្រទេសចំនួន៤២ រួមមាន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី ហូឡង់ដ៍ អាល្លឺម៉ង់ នូវ៉ែលហ្សេឡង់ដ៍ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អេស្ប៉ាញ…ជាដើម បានអំពាវនាវដល់រុស្ស៊ី ត្រូវតែដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) និង ប្រទេសអ៊ុយក្រែន។

សហភាពអឺរ៉ុប និង ប្រទេសចំនួន៤២ បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយបុគ្គលិកយោធា និង គ្រឿងសព្វាវុធរបស់រុស្ស៊ី នៅក្នុងរោងចក្រនុយក្លេអ៊ែរ «មិនអាចទទួលយកបាន ហើយរុស្ស៊ី មិនបានគោរពគោលការណ៍សុវត្ថិភាព សន្តិសុខ និង កិច្ចការពារ ដែលសមាជិកទាំងអស់របស់ IAEA បានប្តេជ្ញា ត្រូវតែគោរពតាម»។

សហភាពអឺរ៉ុប និង ប្រទេសទាំង៤២នេះ សូមសម្តែងនូវការគាំទ្ររបស់ពួកគេ ចំពោះការងាររបស់ IAEA និង អគ្គនាយករបស់ទីភ្នាក់ងារនេះ នៅក្នុងការជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងវិស័យសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ និង ការអនុវត្តនូវការការពារ នៅក្នុងអំឡុងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ខណៈការគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន ត្រូវតែធ្វើឲ្យបានពេញលេញ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×