Monday, September 25, 2023

មន្រ្តីក្រសួងដែនដី៖ ក្នុងមួយឆ្នាំ តម្រូវការលំនៅដ្ឋាន គិតជាមធ្យមមានប្រមាណ ៥ម៉ឺនលំនៅដ្ឋាន សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០)

spot_img

ភ្នំពេញ៖ កម្ពុជា មានតម្រូវការលំនៅឋាន គិតជាមធ្យម ៥ម៉ឺនខ្នងផ្ទះ ក្នុងមួយឆ្នាំៗ ក្នុងចម្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០។ នៅកម្ពុជា កំណើននគរូបនីយកម្ម បានកើនឡើងយ៉ាងឆាប់រហ័ស, ចំនួនប្រជាជនក្នុងរាជធានី ក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួន ៤,៥ លាននាក់ ស្មើនឹង ២៧,១ភាគរយ នៃប្រជាជនសរុប បានកើនឡើងដល់ ៦,១៣ លាននាក់ ស្មើនឹង៣៩,៥ភាគរយ ក្នុងឆ្នាំ២០១៩ និងត្រូវបានគេព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងបន្តកើនដល់៧,៩២លាននាក់ ស្មើនឹង៤៤ភាគរយ។

ក្នុងពិធីសម្ពោធដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ដែលបង្កើតឡើង ដោយកិច្ចសហប្រតិបត្តិការ រវាងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យសេអ៊ូល ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងផែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តាមទិន្នន័យ បង្ហាញថា សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការ ប្រមាណ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ។

ឯកឧត្តម រំពឹងថា តាមរយៈការសម្ពោធដេប៉ាតឺម៉ង់នេះ នឹងចូលរួមលើកកម្ពស់មូលធនមនុស្ស ឲ្យមានសមត្ថភាពខ្ពស់ លើជំនាញនគរូបនីយកម្ម ការអភិវឌ្ឍន៍ដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង ទាំងផ្នែករូបវ័ន្ត សេដ្ឋកិច្ច សង្គម កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន ដំណោះស្រាយថ្មីៗ សម្រាប់បញ្ហាប្រឈមទីក្រុងរួម ទាំងការគ្រប់គ្រងសំណង់រឹងនិងរាវ និងការបង្ការទប់ស្កាត់គ្រោះមហន្តរាយជាដើម។

លោកសាស្ត្រាចារ្យបណ្ឌិត ស៊ូន ថាក់ស៊ូ ប្រធានសកលវិទ្យាល័យសេអ៊ូល បានលើកឡើងថា នៅទីក្រុងសេអ៊ូល និងសាកលវិទ្យាល័យសេអ៊ូល មានបទពិសោធន៍ច្រើន ពាក់ព័ន្ធនឹងនឹងចំណេះដឹង និងបច្ចេកទេស ក្នុងការដោះស្រាយបញ្ហានៅទីក្រុង។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា លោកចង់យកបទពិសោធន៍ និងចំណេះដឹងទាំងអស់នោះ មកចែករំលែកដល់កម្ពុជា ជាពិសេសនិស្សិត ដែលជាអ្នកបន្តវេននាពេលអនាគត ក្នុងការរៀបចំរាជធានី និងទីក្រុងនានារបស់កម្ពុជា។

គួរបញ្ជាក់ថា បើតាមព្រឹទ្ធបុរសមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត រតន៍ សិទ្ធិ បានឱ្យដឹងថា  ដេប៉ាតឺម៉ង់ថ្មីនេះ នឹងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការធ្វើផែនការទីក្រុង ហើយដោយមានការចូលរួមចំណែកបណ្តុះបណ្តាល ពីសំណាក់សាស្ត្រាចារ្យមកពីសាធារណរដ្ឋកូរ៉េនោះ នឹងជាចំណែកមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ក្នុងការរៀបចំផែនការទីក្រុង នាពេលអនាគត៕

+85571 614 000 5
Contact Us Telephone

spot_img