Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

ទោះជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រលៀន គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមែនក៏ដោយ តែមិនអាចប្រៀបធៀបជាមួយនឹងអាការ “បេះដូងគាំងភ្លាមៗ” បានឡើយ…អ្វីដែលមិនអាចប្រៀបបាននោះគឺ រយៈពេលនៃការបង្ហាញអាការ ព្រោះភាគច្រើនមនុស្សទាំងឡាយ ច្រើនតែមិនបានដឹងខ្លួនមុនឡើយថា ខ្លួនឯងកំពុងតែកើតជំងឺបេះដូង ទើបមិនដឹងថា ខ្លួនកំពុងមានភាពប្រឈមក្នុងការកើតអាការគាំងបេះដូងភ្លាមៗ ដូច្នេះហើយទើបគ្មានការត្រៀមខ្លួនអ្វីទាំងអស់ និងមានពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះ មុននឹងទៅដល់ដៃគ្រូពេទ្យ ធ្វើឱ្យឱកាសរួចជីវិតពីសភាវគាំងបេះដូងភ្លាមៗនេះ មានតិចបំផុត។ ដូច្នេះថ្ងៃនេះ នាទីសុខភាពយើង សូមនាំយកវិធីសង្កេតមើលបែបងាយៗថា តើខ្លួនអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នក កំពុងស្ថិតក្នុងសភាវគាំងបេះដូងភ្លាមៗឬទេ? ព្រោះមិនថាខ្លួនអ្នក ឬអ្នកណាក៏ដោយសុទ្ធតែមានភាពប្រថុយប្រថានក្នុងការកើតអាការនេះទាំងអស់។

គោលការណ៍ងាយៗ ចូរនឹកដល់ពាក្យថា F A S T ជាប់ជានិច្ច

F = Face
ចង្វែកមាត់ម្ខាង នឹងធ្លាក់ចុះ (មើលទៅឃើញដូចរាងពេបមាត់ម្ខាង) ដោយមិនដឹងមូលហេតុ និងមិនអាចបញ្ជាឱ្យចង្វែកមាត់ត្រឡប់មកដូចដើមវិញបាន។
A = Arms
មិនអាចលើកដៃឡើងដំណាលគ្នាបានទាំងសងខាង ឬមិនអាចលើកដៃម្ខាងណាឡើងបាន។
S = Speech
វិធីការនិយាយ ការបញ្ចេញសំឡេងប្រែប្រួល។ សុខៗ ក៏ចាប់ផ្ដើមនិយាយលែងច្បាស់ និយាយយឺតៗ ខុសទម្លាប់ ស្ដាប់មិនយល់។
T = Tongue
អណ្ដាតឡើងរឹង ឬអណ្ដាតអាចនឹងឡើងរមួល ដោយរាងកាយមិនអាចបញ្ជាទិសដៅរបស់អណ្ដាតបានឡើយ។

៨អាការ ដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”

១.ញ័រដើមទ្រូង៖ បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។
២.ឆាប់ហត់៖ នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ ក៏មានច្រើនមូលហេតុដែរ តែវាក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រឈមនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលជាបន្ត។
៣.ហើមជើង៖ នៅពេលការបឺតបាញ់ឈាមរបស់បេះដូង ដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។
៤.ចុកណែនក្នុងដើមទ្រូង៖ អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះ ក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុក នឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។
៥.ងងឹតមុខ វិល និងខ្យល់គញឹកញាប់៖ ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដែតបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។
៦.ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម៖ ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅ ដើម្បីដកដង្ហើម ឬក្អក ឱ្យមានអារម្មណ៍ថា ធូរស្រាលឡើង។
៧.ពេលគេងផ្ងារហើយ ពិបាកដកដង្ហើម៖ គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់ រហូតដកដង្ហើមមិនប្រក្រតី។
៨.ចូលបន្ទប់ទឹកពេលកណ្ដាលយប់ញឹកញាប់៖ បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅ ដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យពីមូលហេតុនេះហើយ។

វិធីជួយសង្គ្រោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ

នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង “ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេ អ្នកគួរប្រញាប់ ប្រាប់ទៅបុគ្គលិកមន្ទីរពេទ្យ ឬអង្គភាពសង្គ្រោះបន្ទាន់ ឬហៅរថយន្តសង្គ្រោះដែលនៅជិតបំផុត ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្គ្រោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្គ្រោះដោយចលនា CPR ជាបន្ទាន់។

វិធីការពារសភាវគាំងបេះដូងភ្លាមៗ
មនុស្សជាច្រើនមានភាពធ្វេសប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យសុខភាពរាងកាយប្រចាំឆ្នាំឡើយ ព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺតម្កាត់អ្វីឡើយ និងថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះ ក៏មិនមែនថា មិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះ គឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារ ដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំង រួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗផងនោះ វាក៏ជាមូលហេតុ ដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

×