ចិន ៖ ក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលស្នើសុំឱ្យធ្វើអត្ថាធិប្បាយ បកស្រាយខ្លឹមសារអំពីសេចក្តីថ្លែងការណ៍រួមសំខាន់ៗចំនួន ៣ របស់ចិន-អាមេរិក ដែលមានតាំងពី ៤០ឆ្នាំមុន (ខួប៤០ឆ្នាំនៃសេចក្ដីថ្លែងការណ៍រួម) តើវានឹងទៅជាយ៉ាងណា?! នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងថា ប្រទេសចិន នៅតែជំរុញឱ្យសហរដ្ឋអាមេរិក គោរពចំពោះសេចក្តីថ្លែងការណ៍រួមទាំង ៣ របស់ ចិន-អាមេរិក និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ចិនតែមួយ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២ ថា ខ្លួនមិនបន្តគោលនយោបាយរយៈពេលវែង នៃការលក់អាវុធទៅឱ្យតៃវ៉ាន់នោះទេ ហើយការលក់អាវុធរបស់ខ្លួនទៅឱ្យតៃវ៉ាន់នឹងមិនលើសចំនួនកំណត់ឡើយ ទោះក្នុងន័យគុណភាព ឬបរិមាណក៏ដោយ និងមានបំណងកាត់បន្ថយការលក់អាវុធទៅឱ្យតៃវ៉ាន់ជាបណ្តើរៗ ហើយឈានដល់ដំណោះស្រាយចុងក្រោយក្នុងរយៈពេលមួយ, ដូច្នេះសហរដ្ឋអាមេរិក គួរណាស់តែរៀនគោរពប្រវត្តិសាស្រ្តនៃខ្លួនឯង។

លោក វ៉ាង វិនពីន បានបញ្ជាក់ថាសេចក្តីថ្លែងការណ៍សៀងហៃ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិក ស្តីពីការបង្កើតទំនាក់ទំនងការទូត ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយ ចិន-សហរដ្ឋអាមេរិក, ហើយខ្លឹមសារស្នូលរបស់វា គឺការគោរពគោលការណ៍របស់ចិនតែមួយ, ឥឡូវ អាមេរិកបានធ្វើវាដល់ណាហើយ?!
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើដាក់ចំៗថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី និងសមាជិកសភាដទៃទៀត ទៅកាន់កោះតៃវ៉ាន់ គឺបានរំលោភលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលថា ខ្លួននឹងអភិវឌ្ឍទំនាក់ទំនងក្រៅផ្លូវការប៉ុណ្ណោះជាមួយតៃវ៉ាន់។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាការធានារបស់ចិន និងសហរដ្ឋអាមេរិក, តើអាមេរិក បានប្រកាន់ខ្ជាប់នូវខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម ឆ្នាំ១៩៨២ នោះយ៉ាងម៉េចហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















