ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ស្របពេល មេដឹកនាំប្រទេសចំនួន២ ធ្លាប់រួមរស់នៅក្នុងអតីតសហព័ន្ធន៍យូហ្គោស្លាវី នឹងជួបចរចាគ្នា នៅក្នុងទីក្រុង Brussels ដោះស្រាយបញ្ហាតានតឹង នាពេលបច្ចុប្បន្ននេះ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ក៏បានព្រមានធ្ងន់ៗថា កងរក្សាសន្ដិភាពរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលធ្វើអន្ដរាគមន៍ ប្រសិនបើស្ថិរភាព និង សន្ដិសុខត្រូវបានបំផ្លាញ។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៧ ខែសីហា ថា មេដឹកនាំប្រទេសកូសូវ៉ូ (Kosovo) និង ស៊ែប៊ី (Serbia) នឹងចូលរួមកិច្ចចរចា នាថ្ងៃព្រហស្បតិ៍ នៅទីក្រុងប្រ៊ុសសែលស៍ ប្រទេសប៊ែលហ្ស៊ិក ក្រោមការសម្របសម្រួល ពីសហភាពអឺរ៉ុប ក្នុងគោលបំណងបញ្ចៀសនូវអ្វីដែលរដ្ឋាភិបាលក្រុងព្រីស្ទីណា (Pristina រដ្ឋធានីរបស់កូសូវ៉ូ) បានអះអាងថា វាជាការគំរាមកំហែងមួយ នាំឲ្យមានជម្លោះប្រដាប់អាវុធជាថ្មី ខណៈជនជាតិស៊ែប៊ី និង អាល់បានី កំពុងតែរស់នៅក្នុងទីក្រុងកូសូវ៉ូ ខណៈពួកគេមើលឃើញក្តីសង្ឃឹមតិចតួច នៃវឌ្ឍនភាពចរចានេះ។

ភាពតានតឹង អស់រយៈពេលជាយូរនេះ បានផ្ទុះឡើងជាថ្មី នៅក្នុងខែនេះ ក្រោយពេលប្រទេសកូសូវ៉ូ បានអះអាងថា ជនជាតិស៊ែប៊ី រស់នៅក្នុងតំបន់ភាគខាងជើងរបស់ខ្លួន គាំទ្រដោយក្រុងបែលក្រាដ ប្រទេសស៊ែប៊ី មិនព្រមទទួលស្គាល់ស្ថាប័ននានារបស់កូសូវ៉ូ ដែលតម្រូវឲ្យចាប់ផ្តើមប្រើប្រាស់ស្លាកលេខរថយន្ត ចេញដោយរដ្ឋាភិបាលព្រីស្ទីណា (Pristina)។
លោក អាលប៊ីន ឃើរទី (Albin Kurti) នាយករដ្ឋមន្រ្ដីកូសូវ៉ូ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយ កាលពីសប្ដាហ៍មុន ថា គោលនយោបាយរំលោភបំពានរបស់រដ្ឋាភិបាលក្រុងបែលហ្គាដ (Belgrade) អាចនឹងជំរុញឲ្យមានការវាយប្រហារ ប្រឆាំងនឹងប្រទេសកូសូវ៉ូ តាមវិធីសាស្រ្ដមួយ ឬច្រើន។
លោកនាយករដ្ឋមន្រ្ដីកូសូវ៉ូ នឹងចូលរួមចរចាជាមួយប្រធានាធិបតីស៊ែប៊ី លោក អាឡេកសានដារ វូស៊ីក (Aleksandar Vucic) នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក បានយល់ព្រម ក្រោមសម្ពាធរបស់លោកខាងលិច នៅក្នុងការពន្យារពេលបទប្បញ្ញត្តិ លើស្លាកលេខ រហូតដល់ថ្ងៃទី១ ខែកញ្ញា។
លោក ម៉ាលុស បាចរាច (Malush Bajraj) អាយុ៤១ឆ្នាំ ជាជនជាតិភាគតិចអាល់បានី មានលំនៅឋាន នៅក្នុងរដ្ឋធានីព្រីស្ទីណា (Pristina) ប្រទេសកូសូវ៉ូ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters «ខ្ញុំមិនរំពឹងថា បញ្ហាណាមួយ នៅថ្ងៃស្អែក នឹងអាចដោះស្រាយបាននោះឡើយ។ ជាមួយគ្នានេះដែរ ជនជាតិភាគតិចស៊ែប៊ី ប្រហែល៥ភាគរយ នៃប្រជាជនកូសូវ៉ូ ចំនួន១,៨លាននាក់ ដែលភាគច្រើន ជាជនជាតិភាគតិចអាល់បានី ក៏បានបង្ហាញនូវអារម្មណ៍បែបនេះដែរ។
កូសូវ៉ូ ជាប្រទេសមួយ នៅតំបន់បាល់កង់ បានទទួលឯករាជ្យ ពីប្រទេសស៊ែប៊ី នៅក្នុងឆ្នាំ ២០០៨ ដែលមានរយៈពេលជិតមួយទសវត្សរ៍ បន្ទាប់ពីមានការបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់បែលក្រាដ ប្រទេសស៊ែប៊ី ក្រោយការដួលរលំអតីតសហព័ន្ធន៍យូហ្គោស្លាវី។ បច្ចុប្បន្ន ទាំងរដ្ឋាភិបាលក្រុងបែលហ្គាដ និង ក្រុងព្រីស្ទីណា កំពុងតែស្វះស្វែងរកបេក្ខភាពរបស់សហភាពអឺរ៉ុប។ ប៉ុន្ដែស៊ែប៊ី នៅតែពិចារណាតាមផ្លូវច្បាប់ ចាត់ទុកកូសូវ៉ូ ជាផ្នែកមួយ នៃដែនដីរបស់ខ្លួន។ ជាមួយនឹងជំនួយពីរុស្ស៊ី ផងនោះ ស៊ែប៊ី បានរារាំងដល់កូសូវ៉ូ មិនឲ្យក្លាយជាសមាជិក នៃស្ថាប័នអន្ដរជាតិនានានោះឡើយ។
លោក ចេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការរបស់អង្គការណាតូ កាលពីថ្ងៃពុធ បានអំពាវនាដល់រដ្ឋាភិបាលក្រុងបែលហ្គាដ និង ព្រីស្ទីណា ត្រូវតែរក្សានូវភាពអត់ធ្មត់។ ប្រធានណាតូ រូបនេះ សង្កត់ធ្ងន់ថា កម្លាំងរក្សាសន្ដិភាពដ៏ខ្លាំងក្លារបស់សម្ពន្ធមិត្ត ចំនួន ៣ ៧០០នាក់ នៅក្នុងប្រទេសកូសូវ៉ូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើអន្ដរាគមន៍ ប្រសិនស្ថិរភាពនេះត្រូវបានបំផ្លាញ។
លោកប្រធានអង្គការណាតូ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ក្រោយជំនួបរបស់គាត់ជាមួយនឹងប្រធានាធិបតីស៊ែប៊ី លោក Vucic នៅទីក្រុងប៊្រុសសែលស៍ ថា «ណាតូ នឹងចាត់វិធានការណាមួយចាំបាច់ សម្រាប់ការពារសុវត្ថិភាព និង សន្តិសុខ ដល់សហគមន៍ទាំងអស់។ គ្រប់ភាគីទាំងអស់ ត្រូវតែចូលរួមប្រកប ដោយការស្ថាបនា នៅក្នុងកិច្ចសន្ទនា រវាងរដ្ឋាភិបាល Belgrade និង Pristina ក្រោមការដឹកនាំពីសហភាពអឺរ៉ុប»៕រក្សាសិទ្ធិដោយ ៖ សារាយSN












