រដ្ឋធានីកៀវ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេល១៧៦ថ្ងៃកន្លងមកហើយ ខណៈកងទ័ពក្រុងកៀវ ហាក់បីដូចជាមានសន្ទុះវា.យប្រ.ហារយ៉ាងខ្លាំង ទៅលើកម្លាំងទាហានរុស្ស៊ី នៅភាគខាងត្បូងប្រទេស ក្រោយទទួលបានគ្រឿងសព្វាវុធទំនើបៗ មកពីបណ្ដាប្រទេសបស្ចិមលោក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ថា មន្រ្ដីយោធាអ៊ុយក្រែន បានអះអាង នៅថ្ងៃព្រហស្បតិ៍ នេះ ថា កម្លាំងការពារទឹកដីរបស់ខ្លួន បានវាយបកយ៉ាងខ្លាំង ទៅលើកម្លាំងទាហានរុស្ស៊ី នៅតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេស។ ប៉ុន្ដែតំបន់ខាកៀវ (Kharkiv) នាភាគខាងជើង ប្រទេសអ៊ុយក្រែន ក៏រងការបា.ញ់ប្រ.ហារពីរុស្ស៊ី ដោយបានសម្លាប់មនុស្ស ចំនួន៧នាក់។ បច្ចុប្បន្ន សង្គ្រាមនេះ បានឈានដល់ដំណាក់កាលមួយ ដោយគ្មានអ្នកឈ្នះ និង គ្មានអ្នកចាញ់ នោះដែរ។
មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងបែបនេះ គឺកើតឡើង មុនពេលលោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ គ្រោងនឹងជួបពិភាក្សាជាមួយលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតិអ៊ុយក្រែន និង លោក រេសេប តាយយីប អេដូហ្គេន (Reccep Tayyip Erdogan) ប្រធានាធិបតីតួកគី នៅល្ងាច ថ្ងៃព្រហស្បតិ៍ ស្ថិតក្នុងទីក្រុងល្វីវ (Lviv) ប្រទេសអ៊ុយក្រែន។

ប្រមុខអង្គការសហប្រជាជាតិ និង ប្រធានាធិបតីទាំង២ប្រទេសនេះ នឹងពិភាក្សាគ្នា ស្វែងរកដំណោះស្រាយនយោបាយ ជុំវិញបញ្ហាជម្លោះជាមួយនឹងរុស្ស៊ី ការគំ.រាមកំ.ហែងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ពិភពលោក និង គ្រោះមហន្ដរាយ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រង ដោយកម្លាំងទាហានរបស់ក្រុងមូស្គូ។
លោក អូឡែកស៊ីយ អារ៉ែស្ដូវវិច (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងតាមឃ្លីបវីដេអូមួយ អះអាងថា «កម្លាំងទាហានរុស្ស៊ី បានសម្រេចគោលដៅតិចតួចណាស់ នៅក្នុងសង្គ្រាម អស់រយៈពេលជិត៦ខែកន្លងមកនេះ។ ប៉ុន្ដែឥឡូវ យើងកំពុងតែវាយបកវិញ ហើយអ្វីដែលយើងកំពុងមើលឃើញ នាពេលបច្ចុប្បន្ន សង្រ្គាមនេះ គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់» ដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN












