«បើនឹងប្រៀបធៀបឱ្យងាយយល់ ថ្លើមប្រៀបដូចជា អាគុយខ្នាតធំបំផុតនៅក្នុងរាងកាយ ដោយមានទម្ងន់ប្រមាណជា ១,២គីឡូក្រាម ជាបន្ទះតគ្នា តែបែងចែកជាបន្ទះខាងស្ដាំ និងបន្ទះខាងឆ្វេង ស្ថិតនៅក្នុងប្រអប់ពោះ ផ្នែកខាងលើក្រោមឆ្អឹងជំនីខាងស្ដាំ»
ក្រៅពីលក្ខណៈខាងកាយវិភាគវិទ្យា ដែលច្បាស់លាស់ហើយ ថ្លើមនៅមានតួនាទីសំខាន់ជាច្រើនយ៉ាងទៀត…
១.ផលិតសារធាតុអាហារ និងសារធាតុចាំបាច់
នៅពេលថ្លើមទទួលឈាមពីប្រព័ន្ធរំលាយអាហារ ដោយឆ្លងកាត់តាមសរសៃឈាមខ្មៅធំ (Portal Vein)មកហើយ ឈាមនឹងហូរចូលទៅក្នុងសរសៃឈាមតូចៗ និងប៉ះពាល់ជាមួយកោសិកាថ្លើម កើតការបំប្លែងសារធាតុអាហារ ទាំងកាបូហាយដ្រេត ប្រូតេអ៊ីន ខ្លាញ់ និងវីតាមីន ឱ្យស្ថិតនៅក្នុងរូបរាងដែលរាងកាយអាចយកទៅប្រើការបាន។ បន្ទាប់ពីនោះសារធាតុអាហារ ដែលបំប្លែងហើយ នឹងហូរចេញមកពីថ្លើម តាមរយៈសរសៃឈាម អេប៉ាទិក(Hepatic Vein)ចូលទៅក្នុងបេះដូង និងបឺត-បាញ់ទៅចិញ្ចឹមរាងកាយជាបន្ត។
ឧទាហរណ៍របស់សារធាតុអាហារ ដែលថ្លើមធ្វើការបំប្លែង ដើម្បីឱ្យស័ក្តិសមនឹងការនាំយកទៅប្រើការ មានដូចជា បំប្លែងពីម្សៅ និងស្ករ ទៅជាគ្លុយខូស បំប្លែងពីខ្លាញ់ ទៅជាខូលេស្តេរ៉ូល(ទាំងប្រភេទល្អ និងមិនល្អចំពោះរាងកាយ) រួមទាំងសាងប្រូតេអ៊ីនសំខាន់ៗច្រើនប្រភេទ មានជាអាទិ៍ អ៊ែលបូមីន ឬប្រូតេអ៊ីនស៊ុតស មានតួនាទីសំខាន់ក្នុងការបន្ថយអាការហើមដោយសារទឹក។
ក្រៅពីសារធាតុអាហារដែលចាំបាច់ដល់ការធ្វើការងាររបស់រាងកាយហើយ ថ្លើមនៅបានផលិតសារធាតុសំខាន់ផ្សេងៗទៀតដូចជា សារធាតុការពារការបង្កកខ្លួនរបស់ឈាម ជាដើម។
២.ប្រមូលសន្សំអាហារ
ក្រៅពីមានតួនាទីផលិតសារធាតុអាហារ ដើម្បីនាំយកទៅប្រើប្រាស់ហើយ ថ្លើមថែមទាំងជាប្រភពប្រមូលសន្សំអាហារ ដែលនៅមិនទាន់បានប្រើប្រាស់ទៀតផង ដោយវេជ្ជបណ្ឌិតជំនាញខាងរោគថ្លើម បានអធិប្បាយថា នៅពេលថ្លើមផលិតក្លុយខូស ពីកាបូហាយដ្រេតបានច្រើនជាងបរិមាណដែលរាងកាយត្រូវការប្រើហើយនោះ ថ្លើមនឹងបំប្លែងគ្លុយខូសទាំងនោះ ទៅជាក្លៃខូជេន(Glycogen) និងសន្សំទុក ដើម្បីធ្វើជាថាមពលបម្រុង។ បើសិននៅពេលណាកម្រិតគ្លុយខូសក្នុងរាងកាយធ្លាក់ចុះទាប ថ្លើមនឹងបំប្លែងក្លៃខូជេន ដែលសន្សំទុកនោះទៅជាគ្លុយខូសវិញ និងបញ្ជូនទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយភ្លាម។
ក្រៅពីនេះ ថ្លើមថែមទាំងជាប្រភពរក្សាទុកវីតាមីនសំខាន់ៗ ដូចជា វីតាមីនA វីតាមីនD វីតាមីនE វីតាមីនK និងវីតាមីនB12 រួមទាំងសារធាតុរ៉ែដែលចាំបាច់ចំពោះរាងកាយ ដូចជា ស័ង្កសី ដែក ម៉ាញេស្យូម និងទង់ដែង ដោយនឹងបញ្ចេញឆ្ពោះទៅចរន្តឈាម ក្នុងគ្រាដែលរាងកាយចាំបាច់ត្រូវប្រើការ។
៣-ផលិតទឹកប្រមាត់
ថ្លើមថែមទាំងមានតួនាទីសំខាន់ ក្នុងការផលិតទឹកប្រមាត់ទៀតផង។ ទឹកប្រមាត់ ពិតជាមានប្រយោជន៍ណាស់ ព្រោះមានតួនាទីជួយរំលាយអាហារប្រភេទខ្លាញ់ជាចម្បង។ ក្រោយពីថ្លើមផលិតទឹកប្រមាត់ហើយ នឹងបញ្ជូនតាមរយៈបំពង់ទឹកប្រមាត់ ចេញទៅរួមគ្នានៅក្នុងថង់ទឹកប្រមាត់ ដែលនៅជាប់នឹងពោះវៀនតូចផ្នែកគល់។ នៅពេលញ៉ាំអាហារប្រភេទខ្លាញ់ ថង់ទឹកប្រមាត់នឹងច្របាច់ខ្លួន បញ្ចេញទឹកប្រមាត់ ចុះទៅរំលាយខ្លាញ់នៅក្នុងពោះវៀន។
តាមរយៈតួនាទីសំខាន់នេះ ធ្វើឱ្យអ្នកដែលមានបញ្ហារោគថ្លើម ភាគច្រើននឹងឆ្អល់ពោះពេលញ៉ាំអាហារខ្លាញ់ៗ។ បើថ្លើមមិនបញ្ចេញទឹកប្រមាត់ចេញមក វីតាមីនមួយចំនួន ក៏ត្រូវបឺតជ្រាបយកដោយខ្លាញ់ ដូចជា វីតាមីនA វីតាមីនD វីតាមីនE វីតាមីនK ក៏នឹងធ្វើឱ្យមានបរិមាណទាបតិច រហូតលែងគ្រប់គ្រាន់សម្រាប់ការនាំយកទៅប្រើ។
៤.កម្ចាត់វត្ថុសំណល់ និងសារធាតុពុល
តួនាទីសំខាន់ម្យ៉ាងទៀតរបស់ថ្លើមគឺ ការកម្ចាត់វត្ថុសំណល់ចេញពីរាងកាយ។ ជាប្រក្រតីរាងកាយរបស់យើង មានអវយវៈច្រើនយ៉ាង ដែលជួយក្នុងការកម្ចាត់វត្ថុសំណល់ ដូចជាក្រលៀន បញ្ចេញវត្ថុសំណល់តាមទឹកមូត្រ ស្បែកក៏បញ្ចេញតាមរយៈញើស ថ្លើមក៏ដូចគ្នា ដោយថ្លើមនឹងបញ្ចេញកាកសំណល់តាមរយៈទឹកប្រមាត់។ ក្រៅពីវត្ថុសំណល់ ដែលកើតចេញពីកម្មវិធីខាងក្នុងរាងកាយហើយ ថ្លើមថែមទាំងមានតួនាទីបញ្ចេញសារធាតុពុល ឬតុកស៊ីនដែលកើតចេញពីការដុតបំផ្លាញជាតិអាល់កុល ថ្នាំប្រភេទខ្លះ មេរោគ រួមទាំងសារធាតុពុលពីរុក្ខជាតិទៀតផង។
៥.កម្ទេចកោសិកាផុតអាយុ
ក្រៅពីកម្ចាត់វត្ថុសំណល់ និងសារធាតុពុលផ្សេងៗហើយ ថ្លើមនៅបំពេញតួនាទី ជួយប្ដូរសភាពសារធាតុផ្គុំរបស់កោសិកាគ្រាប់ឈាម ដែលចុះខ្សោយ ឬខូចឱ្យអាចបញ្ចេញចោលពីរាងកាយ ទៅតាមលាមកបានទៀតផង។
ការដែលថ្លើមត្រូវទទួលបន្ទុក និងមានភារកិច្ចច្រើនបែបនេះ ចុះបើសិនថ្ងៃណាមួយ កើតមានភាពខុសប្រក្រតីចំពោះថ្លើម តើវានឹងហុចផលប៉ះពាល់ដល់រាងកាយយើងយ៉ាងណាទៅ?៕