ស្តាប់មើលទៅហាក់ដូចជារឿងដែលហួសនឹងជឿខ្លាំងណាស់ បើសិនមានអ្នកណាម្នាក់ប្រាប់ថា ត្រីអារ៉ាផៃម៉ា ឬដែលជនជាតិខ្មែរយើងហៅថា ត្រីរ៉ស់យក្សអាម៉ាហ្សូន កំពុងតែចាប់ផ្តើមបាត់អស់ ពីប្រភពទឹកជាច្រើនខ្សែក្នុងដងទន្លេអាម៉ាហ្សូន ដែលជាប្រភពកំណើតរបស់ត្រីប្រភេទនេះ តែតាមរយៈរបាយការណ៍មួយនៅក្នុងព្រឹត្តបត្រ Aquatic Conservation: Freshwater and Marine Ecosystems បានរកឃើញថា ៤១ទីប្រជុំជន ដែលធ្លាប់តែជាប្រភពដ៏សម្បូររបស់ត្រី អារ៉ាផៃម៉ានោះ មាន ៨ទីប្រជុំជន ដែលគេលែងប្រទះឃើញមានត្រីប្រភេទនេះទៀតហើយ។
តាមរយៈព័ត៌មាននៅក្នុងព្រឹត្តបត្រមួយច្បាប់នោះ គេបានរកឃើញថា ក្រៅពីផលប៉ះពាល់ខាងបរិស្ថាន ដែលធ្វើឱ្យត្រីប្រភេទនេះបាត់បង់កន្លែងស្នាក់អាស្រ័យ នៅក្នុងប្រភពទឹកធម្មជាតិហើយនោះ មូលហេតុមួយទៀត ដែលធ្វើឱ្យត្រីប្រភេទនេះបាត់ខ្លួនចេញពីទីកន្លែងមួយចំនួននោះ គឺដោយសារតែលទ្ធផលនៃការប្រមាញ់ ដើម្បីយកសាច់របស់ត្រីប្រភេទនេះ ដែលមានបរិមាណច្រើន និងជាអាហារសំខាន់របស់មនុស្សនៅក្នុងតំបន់នោះ ដែលលក់បានក្នុងតម្លៃខ្ពស់ខ្លាំង។ ដូច្នេះហើយ ទោះជាបរិមាណត្រីថយចុះក៏ដោយ តែក៏អ្នកនេសាទក្នុងតំបន់ នៅតែនាំគ្នាចេញប្រមាញ់ត្រីប្រភេទនេះ សឹងតែរហូតពេញ ១ឆ្នាំៗ ទោះជាមានបម្រាម ហាមចាប់ក្នុងរដូវខ្លះក៏ដោយ។
តែដោយសារតែមូលហេតុនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បែរមកជំរុញឱ្យមានការពង្រីកពូជត្រីរ៉ស់យក្សអាម៉ាហ្សូននេះ ឱ្យកាន់តែច្រើនឡើង ដោយប្រើវិធីបែបដូចគ្នានឹងការបង្កាត់ពូជក្នុងមុខជំនួញលក់ត្រីសម្រាប់ចិញ្ចឹមលម្អ ដែលគេនាំគ្នាធ្វើមកជាច្រើនឆ្នាំហើយនោះដែរ រួមទាំងនៅមានការកំណត់តំបន់ហាមចាប់ត្រីរ៉ស់យក្សអាម៉ាហ្សូននេះពីប្រភពទឹកមួយចំនួន ដើម្បីបើកឱកាសឱ្យចំនួនប្រជាករត្រីក្នុងធម្មជាតិមួយនេះ បានស្តារខ្លួនឡើងវិញផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ការលបលួចប្រមាញ់ត្រីអារ៉ាផៃម៉ា ទាំងយកមកធ្វើជាអាហារ (ព្រោះជឿថា មានរសជាតិឆ្ងាញ់ណាស់) ទាំងចាប់លក់នៅក្នុងមុខជំនួញត្រីចិញ្ចឹមលម្អ (ព្រោះជឿថា ជាត្រីធម្មជាតិដែលស្អាត និងប្លែកខ្លាំងណាស់) នៅតែកើតមានដដែល ទើបធ្វើឱ្យអនាគតរបស់ត្រីទឹកសាបទំហំធំ ក្នុងធម្មជាតិប្រភេទនេះ នៅតែមិនសូវមានភាពប្រាកដប្រជាប៉ុន្មានដដែល៕