រដ្ឋធានីកៀវ៖ បន្ទាប់ពីមានការវាយប្រហារផ្ទួនៗ ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់កងទ័ពជើងទឹក និង មូលដ្ឋានយោធារបស់ក្រុងមូស្គូ នៅលើឧបទ្វីបគ្រីមៀ បណ្ដាលឲ្យខូចខាតយន្ដហោះជាច្រើនគ្រឿងនោះមក ក៏មានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានដកហូតតំណែងមេបញ្ជាការ ប្រចាំនៅសមុទ្រខ្មៅចេញ ហើយតែងតាំងមេបញ្ជាការថ្មី ជំនួសវិញ។
សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ដោយដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរុស្ស៊ី RIA Novosti បានរាយការណ៍ប្រភពពីមន្រ្ដីយោធារុស្ស៊ី ថា ក្រុងមូស្គូ បានតែងតាំងមេបញ្ជាការថ្មី ប្រចាំនៅក្នុងកងនាវារុស្ស៊ី នៅសមុទ្រខ្មៅ។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតមែននោះ លោកមេបញ្ជាការ អ៊ីហ្គ័រ អូស៊ីប៉ូវ (Igor Osipov) នឹងត្រូវដកចេញពីតំណែង ហើយជំនួសមកនេះ គឺលោក វិកទ័រ សូកូឡូវ (Viktor Sokotov) ហើយវាក្លាយជាការបណ្ដេញមន្រ្ដីយោធាកំពូលមួយ នៅក្នុងជួរកងទ័ពរុស្ស៊ី ចាប់តាំងពីការឈ្លានពានរបស់វិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

ការតែងតាំងមេបញ្ជាការថ្មីរបស់កងទ័ពជើងទឹករុស្ស៊ី ឈរជើង នៅឧបទ្វីគ្រីមៀ សម្រាប់កងនាវា ប្រចាំនៅសមុទ្រខ្មៅនោះ បានកើតឡើង ក្រោយពេលមូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់កងទ័ពជើងទឹករុស្ស៊ី និង មូលដ្ឋានកងទ័ពផ្សេងទៀត នៅលើឧបទ្វីបនេះ ត្រូវបានបំផ្ទុះជាបន្ដបន្ទាប់ បណ្ដាលឲ្យខូចខាតយន្ដហោះ ជាច្រើនគ្រឿង និង បំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្ដហោះនោះ។
ក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ដ៏កម្រ ជាលើកដំបូង ថា ការបំផ្ទុះនៅក្នុងឃ្លាំងគ្រឿងសព្វាវុធមួយកន្លែង ស្ថិតនៅភាគខាងជើង តំបន់គ្រីមៀ បានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ៣ ០០០នាក់ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ហើយរុស្ស៊ី បានចាត់ទុក ជា «សកម្មភាពវិច្ឆេទកម្ម»។ ការបំផ្ទុះនេះ បានកើតឡើង ក្រោយពេលមានបំផ្ទុះជាច្រើនលើក នៅក្នុងមូលដ្ឋានទ័ពអាកាសសាគីរបស់កងទ័ពជើងទឹករុស្ស៉ី នៅលើឧបទ្វីបគ្រីមៀ កាលពីថ្ងៃអង្គារ ទី៩ ខែសីហា។ ប៉ុន្ដែការបំផ្ទុះដ៏មានកម្លាំងខ្លាំង បំផ្លិចបំផ្លាញយន្ដហោះយោធារបស់រុស្ស៊ី អស់ជាច្រើនគ្រឿង នាពេលនោះ ក្រុមមន្ត្រីក្រុងមូស្គូ បានអះអាងថា វាជាការបំផ្ទុះដោយគ្រោះថ្នាក់ជាចៃដន្យ តែប៉ុណ្ណោះ។
បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានរាយការណ៍ថា មន្រ្ដីយោធាអ៊ុយក្រែន សុំលក្ខខណ្ឌ មិនបង្ហាញអត្ដសញ្ញាណ បានទទួលស្គាល់ថា កងទ័ពការពារទឹកដីរបស់ពួកគេ ស្ថិតនៅពីក្រោយការបំផ្ទុះ ចំនួន៣លើក នៅក្នុងមូលដ្ឋានកងទ័ពរបស់រុស្ស៊ី នៅភាគខាងជើង ឧបទ្វីបគ្រីមៀ (Crimea) កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា និង ការបំផ្ទុះ នៅក្នុងមូលដ្ឋានទ័ពអាកាសសាគីរបស់កងទ័ពជើងទឹករុស្ស៊ី នៅតំបន់ឆ្នេរ ភាគខាងលិច ឧបទ្វីបនេះ កាលពីថ្ងៃអអង្គារ ទី៩ ខែសីហា ដោយបានបំផ្លាញយន្តហោះ ជាច្រើនគ្រឿង។ ប៉ុន្តែ រដ្ឋាភិបាលអ៊ុយក្រែន មិនទាន់បានទទួលស្គាល់ជាផ្លូវការ ហើយក៏មិនបានបដិសេធ ថាតើកងទ័ពក្រុងកៀវ មានការជាប់ពាក់ព័ន្ធនឹងការវា.យប្រ.ហារ នៅឧបទ្វីបគ្រីមៀ ឬក៏យ៉ាងណានោះដែរ។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៉ី RIA បានដកស្រង់ប្រភព ពីមន្រ្ដីយោធារុស្ស៊ី យកមកចុះផ្សាយថា ក្រុងមូស្គូ បានតែងតាំងលោក វិកទ័រ សូកូឡូវ (Viktor Sokolov) ជាមេបញ្ជាការថ្មី នៃកងទ័ពជើងទឹករុស្ស៉ី ប្រចាំនៅតំបន់សមុទ្រខ្មៅ ជំនួសមេបញ្ជាការ លោក អ៊ីហ្គ័រ អូស៊ីប៉ូវ (Igor Osipov)។ ប្រសិនបើសេចក្ដីរាយការណ៍ អំពីការតែងតាំងមេបញ្ជាការថ្មីនេះ ក្លាយជាពិតមែន វានឹងក្លាយជាការបណ្ដេញមន្ត្រីយោធាជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៉ី ចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN












