Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្ការស្វាយចន្ទី បច្ចុប្បន្នមានប្រមាណ ៧០ម៉ឺនហិកតា ខណៈទិន្នផលធ្លាក់ចុះនៅឆ្នាំនេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ទិន្នន័យចម្ការស្វាយចន្ទីឆ្នាំ ២០២១ នៅកម្ពុជាមានប្រមាណ ៨០ម៉ឺនហិកតា នៅទូទាំងប្រទេស ខណៈបច្ចុប្បន្ននៅសល់ប្រមាណ ៧០ម៉ឺនហិកតា ដែលបានបាត់បង់អស់ប្រមាណ ១០ម៉ឺនហិកតា ជាមួយទិន្នផលធ្លាក់ចុះ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃទិន្នន័យចម្ការស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយសារប្រជាកសិករមួយចំនួនបានបោះបង់ការដាំដុះ និងកាប់បំផ្លាញចោលទៅដាំដំណាំផ្សេងជំនួសវិញ ក្នុងគ្រាដែលពួកគាត់ហាក់អស់ជំនឿទៅលើដំណាំប្រភេទនេះ ក្នុងពេលទិន្នផលធ្លាក់ចុះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាទីផ្សារមិនមានស្ថិរភាព។ របាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ចម្ការស្វាយចន្ទីប្រមាណ ១០ម៉ឺនហិកតា ត្រូវបានកាប់បំផ្លាញចោល នៅឆ្នាំ ២០២២នេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ប្រជាកសិករធុញទ្រាន់នឹងការប្រែប្រួលអាកាសធាតុដែលធ្វើឲ្យគាត់ខាតបង់ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យធ្លាក់ចុះទិន្នផល និងខូចគុណភាពគ្រាប់ស្វាយចន្ទី។ ទន្ទឹមនឹងនេះ បញ្ហាជី ថ្នាំកសិកម្មឡើងថ្លៃ និងប្រេងឡើងថ្លៃ ក៏ជាផ្នែកមួយទៀតដែលធ្វើឲ្យគាត់កាន់តែខកចិត្ត ដែលបោះបង់ដំណាំស្វាយចន្ទីចោល និងកាប់បំផ្លាញចោលហើទៅដាំដំណាំផ្សងជំនួសវិញ។

យោងតាមរបាយការណ៍ ក្នុងរយៈពេល ៧ខែ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមចំនួន ៦៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១.០៧៧លានដុល្លារ ថយចុះ ៣៧% ឬស្មើនឹង ៣៥ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

សូមបញ្ជាក់ថា បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីអាចលក់បានចន្លោះពី ៥.៥០០រៀល ទៅ ៧.២០០រៀលក្នុងមួយគីឡូក្រាម។ ទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា មានប្រទេសវៀតណាម, ចិន, ជប៉ុន,ឡាវ និងអារ៉ាប់៕

×