Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ គូស្វាមីភរិយា នឹងគ្មានពាក្យថា ឈ្លោះគ្នាទេ បើបានធ្វើរឿង ៧យ៉ាងនេះ

យើងជឿថា មនុស្សជាច្រើនប្រហែលជាធ្លាប់ឆ្លងកាត់ហេតុការណ៍ ឈ្លោះទាស់ទែង ជាមួយអ្នកនៅជុំវិញខ្លួនខ្លះមិនខាន មិន
ថាតែឈ្លោះជាមួយពួកម៉ាក មនុស្សក្នុងក្រុមគ្រួសារ ឬសូម្បីតែគូស្នេហ៍ក៏ដោយ។ សួរថា តើអ្នកមានវិធីសម្រាប់ទប់ទល់នឹងហេតុការណ៍នេះបែបណាខ្លះដែរទេ? ថ្ងៃនេះយើងមានគន្លឹះល្អៗសម្រាប់ទប់ទល់ និងបង្ក្រាបអារម្មណ៍ខ្លួនឯង កុំឱ្យកើតមានជម្លោះមកជម្រាបជូនដូចខាងក្រោម…

១.ស្តាប់គេនិយាយ និងកុំនិយាយកាត់សម្តីគេ

សូមជឿចុះថា គ្មាននរណាម្នាក់ចូលចិត្ត ឱ្យគេនិយាយកាត់ ពេលដែលខ្លួនកំពុងនិយាយឡើយ ដូច្នេះសាកល្បងផ្លាស់ប្តូរឥរិយាបថ មកធ្វើជាអ្នកអង្គុយចាំស្តាប់គេនិយាយ តាំងពីដើម រហូតដល់ចប់ម្តងទៅមើល៍ ក្រៅពីនឹងធ្វើឱ្យគេមានអារម្មណ៍ល្អឡើងវិញ ដែលអ្នកនៅស្ងៀម មិនតមាត់ហើយនោះ នៅជួយឱ្យគេបាត់ខឹង និងត្រជាក់ចិត្តវិញបានទៀតផង។

២.គិតឱ្យយល់ពីអ្វី ដែលគេចង់និយាយ

ក្រៅពីការនៅស្ងៀមចាំស្តាប់ហើយ រឿងដែលអ្នកគួរធ្វើជាបន្តនោះគឺ ព្យាយាមគិតឱ្យយល់នូវអ្វីដែលគេនិយាយ ទោះជាស្តាប់ទៅ
វាមិនសូវមានហេតុផលត្រឹមត្រូវក៏ដោយ តែសូមជឿចុះថា បើគេមានអារម្មណ៍ថា អ្នកយល់ពីគេហើយនោះ ការឈ្លោះប្រកែកគ្នា នឹងពិតជាត្រូវបញ្ចប់យ៉ាងឆាប់រហ័ស ជាងអ្នកនឹកស្មានទៅទៀត។

៣.ទប់សង្កត់អារម្មណ៍ កុំឱ្យពាក្យសម្តីអាក្រក់ៗ របូតចេញមកឱ្យសោះ

ជាញឹកញាប់ណាស់ ដែលក្នុងពេលខឹងក្តៅក្រហាយ យើងច្រើនតែភ្លេចខ្លួន របូតនូវពាក្យសម្តី ដែលមិនបានគិតចេញមក
រួចហើយទើបមកអង្គុយនឹកសោកស្តាយនៅពេលក្រោយ ដូច្នេះ ចូរកុំបណ្តោយឱ្យហេតុការណ៍បែបហ្នឹង វាកើតឡើងចំពោះខ្លួនអ្នកឱ្យ
សោះ ព្រោះនៅពេលដែលនិយាយចេញទៅហើយ វាជារឿងពិបាកណាស់ ក្នុងការលុបលាងពាក្យសម្តីនោះឱ្យបាត់ទៅវិញ។ គួរធ្វើ
ចិត្តឱ្យត្រជាក់ៗ និងដាស់សតិស្មារតីខ្លួនឯងគ្រប់ពេល មុននឹងបញ្ចេញពាក្យសម្តីអាក្រក់ៗទាំងនោះចេញទៅ ដើម្បីកុំឱ្យហេតុការណ៍ដែលកំពុងតែអាក្រក់ស្រាប់ហើយនោះ វាកាន់តែអាក្រក់ខ្លាំងឡើងទៀត។

៤.បំភ្លេចអតីតកាលចោលខ្លះទៅ

អតីតកាល គឺជាអតីតកាល គ្រវាត់វាចោលទៅ ព្រោះបើអ្នកនៅតែលង់នៅក្នុងរឿងរ៉ាវ ដែលខុសឆ្គងកាលពីគ្រាមុនៗ ហើយនៅតែលើកយកមកប្រកែកប្រណាំងក្នុងពេលឈ្លោះគ្នានោះ ក្រៅពីនឹងធ្វើឱ្យអ្នកមិនអាចដោះស្រាយបញ្ហារបស់អ្នកជាមួយគេបានហើយ នៅធ្វើឱ្យការឈ្លោះគ្នានេះ កាន់តែរីកធំឡើងទៀតផង។ ចូរនឹកជានិច្ចថា គ្មាននរណាម្នាក់មិនធ្លាប់ធ្វើខុសនោះទេ ផ្តល់ឱកាសឱ្យគេបានកែប្រែខ្លួន និងធ្វើជាភ្លេចៗ កុំនិយាយដល់វា គឺជារឿងមួយល្អបំផុត។

៥.ហាត់រៀនសម្របសម្រួល

សាកល្បងផ្លាស់ប្តូរ មកប្រើវិធីការសម្របសម្រួល ជំនួសឱ្យការព្យាយាមយកឈ្នះគ្នាវិញម្តងមើល៍ នោះអ្នកនឹងបានឃើញថា
ការប្រកែកទាស់ទែងគ្នា នឹងថយចុះយ៉ាងមិនគួរឱ្យជឿ តែបើសិននៅមានរឿងអ្វីម្យ៉ាង ដែលទោះជាយ៉ាងណា ក៏អ្នកមិនយល់ស្របដែរនោះ ចូរសាកល្បងប្រើវិធីជួបគ្នាពាក់កណ្តាលផ្លូវម្នាក់(ថយម្នាក់បន្តិច) ប្រហែលជាមិនធ្វើឱ្យអ្នកបាត់បង់កិត្តិយសច្រើនប៉ុន្មានទេមើលទៅ។

៦.ទទួលយកគំនឹតយោបល់របស់គេ

ការឈ្លោះប្រកែកគ្នាភាគច្រើន ច្រើនតែជាការឈ្លោះប្រកែក ដែលត្រូវការឱ្យភាគីម្ខាង យល់ស្របតាមគំនឹតរបស់ខ្លួន ដែល
ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះគ្មានអ្នកណាគេមានគំនឹតយោបល់ ដូចចិត្តអ្នកគ្រប់តែរឿងនោះទេ ទោះជាអ្នកខំព្យាយាម ហើយព្យាយាមទៀត ចង់អធិប្បាយ ឱ្យគេយល់ស្របតាមអ្នកយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ បើអ្នកសាកល្បងផ្លាស់ប្តូរ មកធ្វើជាអ្នកទទួលយកគំនឹតយោបល់របស់គេ មកសិក្សាវិញនោះ ក្រៅពីអ្នកបានសម្តែងឱ្យគេឃើញពីការទទួលយកគំនឹតយោបល់ផ្សេងៗរបស់អ្នកហើយ នៅធ្វើឱ្យអាចកាត់បន្ថយបញ្ហា ដែលនឹងនាំឆ្ពោះទៅរកការឈ្លោះទាស់ទែងគ្នាបានទៀតផង។

៧.នឹកដល់សម្ព័ន្ធភាពល្អៗជានិច្ច

ពេលខ្លះ អារម្មណ៍ក្នុងគ្រាឈ្លោះទាស់ទែងគ្នា ច្រើនតែធ្វើឱ្យអ្នកភ្លេចអស់នូវសម្ព័ន្ធភាពជាមួយគូជម្លោះអស់រលីង ដោយគិត
តែពីខំរកនឹកពាក្យសម្តីអាក្រក់់ៗ ដែលធ្វើគេឈឺចាប់មកឆ្លើយតបទៅវិញ ដូច្នេះចូរសាកល្បងផ្លាស់ មកជានាំយកសម្ព័ន្ធភាពល្អៗ ដែល
អ្នក និងគេធ្លាប់មានពីមុន មកគឹតមុនគេបង្អស់ក្នុងពេលមានជម្លោះម្តងលមើល ទោះជាមើលទៅហាក់ដូចជាអ្នកត្រូវក្លាយជាអ្នកចុះ
ញ៉មគេក៏ដោយ តែវាក៏មានតម្លៃល្អជាងការដែលត្រូវមកអង្គុយធ្វើបាបផ្លូវចិត្តគ្នាទៅវិញទៅមកដែរ។

អានរួចហើយសាកល្បងនាំគ្នាយកទៅប្រើប្រាស់លមើល៍ ពេលនេះអ្នកអាចនឹងគិតថា មិនចាំបាច់ឡើយ ព្រោះមានទាន់ទៅឈ្លោះអី ជាមួយអ្នកណាឯណា?! តែសូមជឿចុះថា មនុស្សយើងវាច្បាស់ជាត្រូវតែមានម្តងណាមួយ ដែលទាស់ចិត្តនឹងគ្រួសារ ដែលអាចមិនមែនជារឿងអីធំដុំមែន តែបើយើងស្គាល់ពីវិធីសម្រាប់ទប់ទល់នឹងហេតុការណ៍ រួចជាស្រេចហើយនោះ តឱ្យហេតុការណ៍នោះ ធ្ងន់ធ្ងរខ្លាំងក្លាប៉ុនណា ក៏អ្នកអាចឆ្លងកាត់បានយ៉ាងងាយស្រួលប្រកបដោយសេចក្តីសុខ និងការយល់ចិត្តយល់ថ្លើមគ្នាដែរ៕

Young couple having argument – conflict, bad relationships. Angry fury woman. Angry young couple sit on couch in living room having family fight or quarrel suffer from misunderstanding
Happy couple showing instant selfie
×