Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន បង្ហាញសមត្ថភាពថ្មី វា.យប្រ.ហារចូលទឹកដីរុស្ស៊ី

រដ្ឋធានីកៀវ៖ អ៊ុយក្រែន សង្ឃឹមថា សមត្ថភាពរកឃើញថ្មីរបស់កងទ័ពក្រុងកៀវ នឹងអាចវា.យលុ.ក ទៅលើគោលដៅនានារបស់រុស្ស៊ី នៅពីក្រោយសមរភូមិ ហើយអាចបង្វែរទិសដៅ រំខានដល់ខ្សែផ្គត់ផ្គង់របស់ក្រុងម៉ូស្គូ ដើម្បីគាំទ្រការកាន់កាប់របស់ខ្លួន នៅក្នុងតំបន់ជាច្រើន នៅក្នុងប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមនេះ។

សារព័ត៌មាន Malaysia Now បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២០ ខែសីហា ថា រុស្ស៊ី កាលពីល្ងាច ថ្ងៃសុក្រ បានរាយការណ៍ អំពីការវាយប្រហារជាថ្មីដោយដ្រូនរបស់អ៊ុយក្រែន។ សកម្មភាពនេះ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយការបំផ្ទុះផ្ទួនៗ នៅជិតបន្ទាយទាហាន ស្ថិតក្នុងតំបន់នានារបស់អ៊ុយក្រែន ដែលគ្រប់គ្រង ដោយកងទ័ពក្រុងមូស្គូ និង ឃ្លាំងគ្រឿងសព្វាវុធ នៅលើទឹកដីរបស់រុស្ស៊ី។ នេះជាការបង្ហាញ អំពីសមត្ថភាពថ្មីរបស់កងទ័ពក្រុងកៀវ នៅក្នុងការកម្ទេចទ្រព្យសម្បត្ដិរបស់រុស្ស៊ី ស្ថិតក្នុងតំបន់ឆ្ងាយ ពីសមរភូមិវាយប្រយុទ្ធគ្នា។

អ៊ុយក្រែនសង្ឃឹមថា សមត្ថភាពថ្មីរបស់កងទ័ពក្រុងកៀវ អាចនឹងវាយប្រហារ ទៅលើគោលដៅនានារបស់រុស្ស៊ី នៅខាងក្រៅតំបន់សមរភូមិប្រយុទ្ធជួរមុខ។ ការវាយប្រហារចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីមានការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saky) របស់ទាហានជើងទឹករុស្ស៊ី នៅភាគខាងលិច ឧបទ្វីបគ្រីមៀ (Crimea) កាលពីថ្ងៃអង្គារ ទី៩ ខែសីហា និង ការបំផ្ទុះ នៅក្នុងបន្ទាយយោធា នាភាគខាងជើងឧបទ្វីបនេះ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ហើយការបំផ្ទុះ នៅក្នុងឃ្លាំងសព្វាវុធ ស្ថិតក្នុងខេត្តបែលហ្គោរ៉ូដ ទឹកដីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA និង Tass បានដកស្រង់សម្តីរបស់មន្ត្រីក្នុងតំបន់គ្រីមៀ (Crimea) យកមកបញ្ជាក់ថា សកម្មភាពនេះ ហាក់ដូចជាបង្ហាញ ពីកងកម្លាំងប្រឆាំងនឹងយន្តហោះរបស់រុស្ស៊ី បានធ្វើសកម្មភាព នៅជិតកំពង់ផែ យែវផាតូរីយ៉ា (Yevpatoriya) នាភាគខាងលិចគ្រីមៀ កាលពីយប់ ថ្ងៃសុក្រ សប្ដាហ៍នេះ។ ចំណែក វីដេអូបានបង្ហោះ ដោយគេហទំព័ររុស្ស៊ី បង្ហាញពីអ្វីដែលហាក់ដូចជាមីស៊ីល បាញ់ចេញពីដី ទៅលើអាកាស វាយប្រហារទៅលើគោលដៅ។ ប៉ុន្ដែ Reuters មិនអាចបញ្ជាក់ អំពីភាពត្រឹមត្រូវ នៃវីដេអូនោះ បានភ្លាមៗនោះឡើយ។

សារព័ត៌មាន Tass បានដកស្រង់ប្រភពពីមន្រ្ដីក្នុងតំបន់ បានអះអាងថា កម្លាំងប្រឆាំងនឹងយន្ដហោះរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន ចំនួន៦ គ្រឿង ដែលកំពុងហោះទៅវាយប្រហារ នៅលើទីក្រុងណូវ៉ា កាខូវកា (Nova Kakhovka) នាភាគខាងកើត ទីក្រុងឃើរសុន (Kherson) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។

អ៊ុយក្រែន បានអះអាងថា ការដណ្តើមយកទីក្រុង Kherson មកវិញ គឺជាអាទិភាពចម្បងមួយរបស់ក្រុងកៀវ។ ដោយឡែក មន្ត្រីម្នាក់ នៅគ្រីមៀ បានអះអាងថា កម្លាំងការពារ នៅទីនោះ បានទម្លាក់ដ្រូន១គ្រឿង មិនស្គាល់ប្រភេទ ហោះពីលើទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol)។

ដោយឡែក ការវាយប្រហារចូលទៅលើទឹកដីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបង្ខំឲ្យអាជ្ញាធរក្រុងមូស្គូ ប្រចាំតំបន់ ជម្លៀសអ្នកស្រុក ចំនួន២ភូមិ ក្រោយការបំផ្ទុះឃ្លាំងគ្រាប់ នៅក្នុងខេត្តបែលហ្គោរ៉ូដ (Belgorod) ទឹកដីរុស្ស៊ី ដែលមានចម្ងាយប្រហែល ជាង១០០គីឡូម៉ែត្រ ពីតំបន់គ្រប់គ្រងដោយកងកម្លាំងអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×