ភ្នំពេញ៖ វេទិកាការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងធ្វើនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ខាងមុខ ដែលនឹងផ្តល់ឱកាសការងារសរុបចំនួន ១,៧១៧ សម្រាប់យុវជន និងកម្មករដែលមានសក្តានុពលហើយមានចំណាប់អារម្មណ៍ និងមានតម្រូវការ។

ពិព័រណ៍ការងារពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង៥ល្ងាច ដោយទីភ្នាក់ងារជាតិមុខរបរ និងការងាររបស់ក្រសួង (NEA) សហការជាមួយទីភ្នាក់ងារជ្រើសរើសបុគ្គលិកផ្សេងៗគ្នា។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីឱកាសការងារ និងដាក់ពាក្យស្នើសុំការងារដែលពួកគេចាប់អារម្មណ៍នៅទីភ្នាក់ងារជាតិមុខរបរនិងការងារ ។
ភ្នាក់ងារជ្រើសរើសបុគ្គលិកសំខាន់ៗ ដែលចូលរួមក្នុងពិព័រណ៍ការងារនេះ រួមមាន ធនាគារកាណាឌីយ៉ា ក្រុមហ៊ុន AEON (Cambodia) Co., Ltd., GFG Investment, Vattanac Brewery, Mega Asset Management Co., Ltd., Lucky Supermarket, AMK Bank, UDAYA Technology, Prime MF Micro Finance, និង Cambrew Ltd.

សូមជម្រាបថា វេទិកាដែលធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង គឺជាដំណោះស្រាយមួយទៀត ដែលអាចធ្វើទៅបានដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយការបើកឱកាសការងារបន្ថែមទៀតដល់ប្រជាជនកម្ពុជា៕