រដ្ឋធានីមូស្គូ៖ កូនស្រីម្នាក់របស់លោក អាឡិចសានដឺរ ឌូនហ្គិន (Alexander Dugin) ជាមិត្តភក្ដិមួយរូបរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានស្លា.ប់ នៅក្នុងការបំផ្ទុះគ្រឿងផ្ទុះមួយ នៅខាងក្រៅរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។
សារព័ត៌មាន Daily Nation Today បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហា ថា លោកស្រី ដារីយ៉ា ឌូហ្គីណា ជាកូនស្រីរបស់លោក Alexander Dugin ដែលជាអ្នកជាតិនិយមជ្រុលដ៏លេចធ្លោមួយរូបរបស់រុស្ស៊ី ហើយមានពាក្យចចាមអារ៉ាមថា គាត់ជាមិត្តភក្ដិដ៏ជិតស្និទ្ធមួយរូបរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ត នៅខាងក្រៅរដ្ឋធានីមូស្គូ តាមអ្វីដែលគេអាចចាត់ទុកថា ជាការប៉ុនប៉ងធ្វើឃាត ទៅលើឪពុករបស់លោកស្រី។
ក្រុមមន្រ្ដីស៊ើបអង្កេត បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា លោកស្រី Darya Dugina អាយុ២៩ឆ្នាំ បានស្លាប់ ក្រោយពេលមានការបំផ្ទុះរថយន្តតូយ៉ូតាឡង់ដ៍គ្រីស័រ (Toyota Land Cruiser) ដែលលោកស្រី កំពុងតែធ្វើដំណើរ កាលពីល្ងាច ថ្ងៃសៅរ៍ ទី២០ ខែសីហា នៅជាយរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។
លោកស្រី ដារីយ៉ា ឌូហ្គីណា ជាកូនស្រីរបស់លោក Alexander Dugin ជាអ្នកមនោគមវិជ្ជានិយម បានតស៊ូមតិ អស់រយៈពេលជាយូរមកហើយ សម្រាប់ការបង្រួបបង្រួមតំបន់ និង ទឹកដីដែលនិយាយភាសារុស្ស៊ី ឲ្យក្លាយជាផ្នែកមួយ នៃចក្រភពថ្មីរបស់រុស្ស៊ី។ លោក Alexander Dugin ត្រូវបានគេជឿថា ជាអ្នកបញ្ចេញសំឡេងដ៏មានឥទ្ធិពល នៅក្នុងការបង្កើតទស្សនៈពិភពលោក និង យុទ្ធសាស្រ្ដរបស់លោក ពូទីន សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជាវិសាលភាព នៃសកម្មភាពរបស់គាត់ លើការគិតរបស់មេដឹកនាំរុស្ស៊ី ត្រូវស្ថិតក្នុងការពិភាក្សាយ៉ាងណក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី គ្រប់គ្រដោយរដ្ឋ Tass បានដកស្រង់សម្ដីរបស់លោក អានដ្រេ ក្រាសណូវ (Andrei Krasnov) បានះអាងថា រូបគាត់ផ្ទាល់ បានស្គាល់លោកស្រី ដារីយ៉ា ឌូហ្គីណា ហើយរថយន្ដនេះ ជារថយន្ដរបស់ឪពុកលោកស្រី។ ករណីនេះ គាត់គិតថា ប្រហែលជាឪពុករបស់លោកស្រី ជាគោលដៅ នៃការវាយប្រហារ ប៉ុន្ដែរថយន្ដនោះ បែរជាត្រូវលោកស្រី ជិះធ្វើដំណើរ។ ប៉ុន្ដែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយ អះអាង អំពីការទទួលខុសត្រូវភ្លាមៗ នៅក្នុងការវាយប្រហារនោះឡើយ។
ដោយឡែក សារព័ត៌មាន Rossiiskaya Gazeta របស់រុស្ស៊ី បានរាយការណ៍ថា លោក Alexander Dugin និង លោកស្រី ដារីយ៉ា ឌូហ្គីណា ជាឪពុក និង កូនស្រី បានទៅចូលរួម នៅក្នុងកម្មវិធីបុណ្យវប្បធម៌មួយ នៅជាយទីក្រុងមូស្គូ ហើយពួកគេបានប្ដូររថយន្ដជិះ នៅនាទីចុងក្រោយ។
ក្រុមមន្រ្ដីស៊ើបអង្កេត បានបញ្ជាក់ថា មន្រ្ដីជំនាញបានស្រាវជ្រាវ លើករណីឃាតកម្មនេះ និងកំពុងតែពិនិត្យ ហើយធ្វើកោសល្យវិច័យ ព្រមទាំងពិចារណាគ្រប់បញ្ហាទាំងអស់ នៅក្នុងព្រឹត្ដិការណ៍នោះ។ បើតាមរូបភាពពីទូរទស្សន៍ បានបង្ហាញក្រុមអ្នកស៊ើបអង្កេត កំពុងតែប្រមូលកម្ទេចកម្ទី និង បំណែកនៅលើផ្លូវហាយវេ ជាកន្លែងដែលលមានការបំផ្ទុះ ស្ថិតនៅជិតភូមិបូលស៊ី វីស្យូមី (Bolshie Vyzyomy) ៕រក្សាសិទ្ធិដោយ ៖ សារាយSN














