Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០% ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០% ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេស​ចរណ៍ នៅខេត្តសៀមរាប នាពេលកន្លងទៅថ្មីៗនេះថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា «ក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ៧៤ម៉ឺននាក់ កើនឡើង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ»។

ឯកឧត្ដម លើកឡើងថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេស​ចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥។

គួរបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង ១,២៤លាននាក់ កើន​ឡើង ៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១,១៥លាននាក់ កើនឡើង ៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨ម៉ឺន៣៨៥៤នាក់ កើនឡើង ១៣៥២%៕

×