អាមេរិក ៖ លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី (Anthony Fauci) ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងវិទ្យាស្ថានជាតិ អាឡែរហ្សី និងជំងឺឆ្លង និងជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន គ្រោងនឹងលាលែងពីតំណែងតួនាទីរបស់លោកនៅ ខែធ្នូ ចុងឆ្នាំនេះ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា វេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំនឹងចាកចេញពីតួនាទីទាំងនេះ នៅខែធ្នូឆ្នាំនេះ ដើម្បីចាប់ផ្តើមជំពូកបន្ទាប់ នៃអាជីពរបស់ខ្ញុំ, តួនាទីសព្វថ្ងៃនេះសម្រាប់ខ្ញុំ គឺជា «កិត្តិយសពេញមួយជីវិតរបស់ខ្ញុំណាស់ទៅហើយ»។

បើទោះជា អាន់តូនី ហ្វូស៊ី មានប្រសាសន៍លើកឡើងបែបនេះក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់ថា តើមូលហេតុអ្វីទៅដែលនាំឲ្យលោកលាលែងពីមុខតំណែង និងតួនាទីនេះ, តាមមើលទៅ លោកមិនមានការអាក់អន់ស្រពន់ចិត្តអ្វីនឹងកន្លែងធ្វើការរបស់លោកនោះទេ អាចថា លោកចង់ផ្លាស់ប្ដូរបរិបទនៃការងារថ្មីតែប៉ុណ្ណោះ។
សម្រាប់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន វិញ បានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយសរសើរលោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី ថា មិនថា អ្នកបានជួបគាត់ផ្ទាល់ ឬអត់? ប៉ុន្តែគាត់មានឥទ្ធិពលលើជីវិតប្រជាជនអាមេរិកទាំងអស់ ជាមួយនឹងការងាររបស់គាត់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសេវាកម្មសាធារណៈរបស់គាត់។ សហរដ្ឋអាមេរិកកាន់តែរឹងមាំ ធន់ និងសុខភាពកាន់តែល្អ ដោយសារគាត់…។
គេបានកត់សម្គាល់ថា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី តែងតែប្រយុទ្ធនឹងព័ត៌មានមិនពិត។ ការប្តេជ្ញាចិត្តឥតងាករេរបស់លោកចំពោះវិទ្យាសាស្ត្រដែលលោកគ្រប់គ្រង គឺបានធ្វើឱ្យលោកក្លាយជាមនុស្សល្បីល្បាញ និងគួរឲ្យគោរពម្នាក់នៅទូទាំងប្រទេស ប៉ុន្តែពេលនេះ លោកអាចនឹងបន្ធូរបន្ថយភាពតានតឹងនៃការងារក៏អាចថាបាន, ទើបលោកលាលែងពីតំណែងនឹងចាប់យកបរិបទការងារថ្មី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







