ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស គឺតាមស្មារតីនៃកិច្ចប្រជុំរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត A.K Abdul Momen រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ វិស័យកសិកម្មកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលសល់អតិរេកស្បៀងជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។ ដូច្នេះហើយ ឯកឧត្តមជឿជាក់ថា ភាគីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការអង្កររបស់ភាគីបង់ក្លាដែស។

ជាមួយគ្នានេះ លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានមានប្រសាសន៍ ថា បើទោះបីវិស័យកសិកម្មបង់ក្លាដែស ជាពិសេសផលិតកម្មស្រូវមានការកើនឡើងតាមរយៈការបង្កើនរដូវដាំដុះរហូតដល់ទៅ៣ដង គិតពីឆ្នាំ១៩៧១ មកដល់បច្ចុប្បន្នយ៉ាងណាក្តី ក៏ការផ្គត់ផ្គង់ មិនទាន់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនបង់ក្លាដែស ចំនួនជាង ១៦០លាននាក់ ដែលបង់ក្លាដែសត្រូវការនាំចូលអង្ករពី ១លាន ទៅ ១,៥លានតោនជារៀងរាល់ឆ្នាំ។ ហេតុនេះ លោក សង្ឃឹមថា កិច្ចប្រជុំនេះ នឹងអាចផ្តល់ឱកាសឱ្យភាគីបង់ក្លាដែសយល់ច្បាស់អំពីយន្តការ និងលក្ខខណ្ឌតម្រូវដើម្បីរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញអង្ករកម្ពុជាទៅបង់ក្លាដែស។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ គឺមានពីរជម្រើស សម្រាប់បង់ក្លាដែស ពិនិត្យ និងពិចារណា ទី១ ប្រើប្រាស់យន្តការដែលមានរួចជាស្រេច គឺសំដៅទៅលើការធ្វើកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានសមត្ថភាព និងលទ្ធភាពអាចផ្គត់ផ្គងទីផ្សារតាមតម្រូវចិត្ត និងតម្រូវការនៃភាគីបង់ក្លាដែស។ សម្រាប់ជម្រើសទី២ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នកម្ពុជា មានសហគមន៍កសិកម្មជាង ១ពាន់សហគមន៍ទូទាំងប្រទេស ហេតុដូច្នេះអ្នកវិនិយោគបង់ក្លាដែស អាចមកវិនិយោគនៅកម្ពុជា ដូចតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយបង្កើតជាឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីសហគមន៍កសិករសម្រាប់ស្តុកទុក កិន និងនាំអង្កចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជាតាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យារវាងបង់ក្លាដែសជាមួយកសិករកម្ពុជាផងដែរ៕
