តូក្យូ៖ ប្រមុខទីភ្នាក់ងារប៉ូលីសជាតិរបស់ប្រទេសជប៉ុនបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីការស៊ើបអង្កេតមួយបានបញ្ជាក់ពី “ភាពខ្វះខាត” នៅក្នុងផែនការសន្តិសុខ ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe។

លោក អាបេ ដែលជាអ្នកនយោបាយដ៏ល្បីរបស់ប្រទេសនេះ និងជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេ ត្រូវបានបាញ់សម្លាប់ ខណៈកំពុងថ្លែងសុន្ទរកថាកាលពីថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន។

លោក Itaru Nakamura បានប្រាប់អ្នកយកព័ត៌មានថា “មានការខ្វះខាតនៅក្នុងផែនការសន្តិសុខ និងការវាយតម្លៃហានិភ័យដែលពួកគេផ្អែកលើ ហើយការណែនាំពីមេបញ្ជាការវាលគឺមិនគ្រប់គ្រាន់ទេ” ។ លោកបានបន្ថែមថា “ឫសគល់នៃបញ្ហានេះ គឺស្ថិតនៅលើការកំណត់នៃប្រព័ន្ធបច្ចុប្បន្ន ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ ដែលប៉ូលីសក្នុងតំបន់ ទទួលខុសត្រូវទាំងស្រុងក្នុងការផ្តល់សន្តិសុខ”។

Nakamura បាននិយាយថា គាត់នឹងទទួលខុសត្រូវចំពោះការបរាជ័យ ហើយចុះចេញពីមុខតំណែងជាមេប៉ូលីស។ គាត់បាននិយាយថា “យើងបានសម្រេចចិត្តលាលែងពីតំណែងហើយចាប់ផ្តើមថ្មីជាមួយនឹងភារកិច្ចសន្តិសុខរបស់យើង ហើយនោះហើយជាមូលហេតុដែលខ្ញុំបានស្នើសុំការលាលែងពីតំណែងរបស់ខ្ញុំទៅកាន់គណៈកម្មការសុវត្ថិភាពសាធារណៈជាតិនៅថ្ងៃនេះ”៕ ប្រភព៖ CNA
