Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​៖ រូបភាព​ផ្កាយរណប បាន​បង្ហាញ​ពី​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ

មនុស្សជាង ១,១០០ នាក់ បានបាត់បង់ជិវិតនៅក្នុងទឹកជំនន់ ដែលត្រូវបានពិពណ៌នាដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shebaz Sharif ថា គឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

យោងតាមកាសែត The Guardian (ចក្រភពអង់គ្លេស) រូបភាពពីផ្កាយរណបពីក្រុមហ៊ុនពីរ Planet Labs និង Maxar បង្ហាញវាលស្មៅបៃតង ភូមិ និងអគារនានា ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការខូចខាត នៅពេលដែលទឹកជំនន់ជាប្រវត្តិសាស្ត្រ បានចាប់ផ្តើមវាយប្រហារប៉ាគីស្ថានក្នុងខែមិថុនា។

តំបន់ជាច្រើនត្រឹមតែប៉ុន្មានខែ ឬច្រើនសប្តាហ៍ក្រោយមក ត្រូវបានគ្របដណ្តប់ដោយទឹកល្ហល្ហេវ និងភក់។ នៅ​កន្លែងខ្លះ ផ្លូវបានបាត់អស់ ហើយទឹកជំនន់បានបង្កើតទន្លេ ចាប់ពីខេត្ត Sindh នៅភាគខាងត្បូង រហូតដល់ទន្លេ Kabul នៅភាគខាងជើង ពោលគឺគ្រប់ទីកន្លែង គឺជាសមុទ្រទឹកដ៏ធំទូលាយ។

ទឹកជំនន់ដែលត្រូវបានពិពណ៌នាដោយនាយករដ្ឋមន្ត្រី Shebaz Sharif ថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន រហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ១,១០០ នាក់ និងរាប់លាននាក់បានផ្លាស់ទីលំនៅចេញពីផ្ទះរបស់ពួកគេ។ លោក Sharif បាននិយាយថា នឹងចំណាយប្រាក់យ៉ាងតិច ១០ ពាន់លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

យោងតាមស្ថិតិ ប្រជាជនជាង ៣៣ លាននាក់ ឬ ១ក្នុងចំណោម ៧ ប្រជាជនប៉ាគីស្ថាន ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។

ប្រហែលកន្លះលាននាក់ នៃអ្នកភៀសខ្លួនទាំងនោះ កំពុងរស់នៅក្នុងជំរុំដែលបានរៀបចំ ខណៈពេលដែលអ្នកផ្សេងទៀតត្រូវស្វែងរកទីជំរកសុវត្ថិភាពដោយខ្លួនឯង។

ភ្លៀងធ្លាក់​ដែលបានចាប់ផ្តើម​ក្នុងខែ​មិថុនា ​បានបោកបក់បំផ្លាញផលដំណាំ និងខូចខាត ឬ​បំផ្លាញផ្ទះ​ជាងមួយលានខ្នង។

អាជ្ញាធរប៉ាគីស្ថាន និង​អង្គការសប្បុរសធម៌​កំពុងតស៊ូពន្លឿន​ការផ្តល់ជំនួយ​ដល់អ្នករងគ្រោះ។ នេះគឺជាកិច្ចការដ៏លំបាកមួយនៅក្នុងតំបន់ដាច់ស្រយាលដោយទឹកជំនន់ ដោយសារតែផ្លូវ និងស្ពានជាច្រើន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រី Sharif បាននិយាយថា ទឹកជំនន់បានបំផ្លាញដំណាំយ៉ាងធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលប៉ាគីស្ថានកំពុងពិចារណាលើការនាំចូលស្រូវសាលី ដើម្បីជៀសវាងការខ្វះខាតស្បៀងអាហារ។ ប្រទេសប៉ាគីស្ថានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុងជារៀងរាល់ឆ្នាំ ប៉ុន្តែភ្លៀងធ្លាក់ក្នុងរយៈពេលថ្មីៗនេះ គឺមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៣ទសវត្សរ៍ មកនេះ។

មនុស្សជាច្រើនជឿថា ស្ថានភាពទឹកជំនន់បច្ចុប្បន្ននៅក្នុងប្រទេសប៉ាគីស្ថាន គឺជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដោយសារតែភាពញឹកញាប់ និងអាំងតង់ស៊ីតេនៃអាកាសធាតុខ្លាំង កំពុងកើនឡើងនៅជុំវិញពិភពលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន គឺជាសញ្ញាមួយសម្រាប់ពិភពលោកក្នុងការបង្កើនសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×