តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា គណៈកម្មាការរដ្ឋាភិបាលជប៉ុន ដែលមានភារកិច្ចក្នុងការដោះស្រាយនៃការកើនឡើងតម្លៃ និងបញ្ហាប្រាក់ឈ្នួល នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ ហើយពិចារណាលើវិធានការគោលនយោបាយបន្ថែមដែលគួរតែត្រូវបានអនុវត្ត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅភាគខាងជើងខេត្ត Niigata របស់ប្រទេសជប៉ុន លោក Kishida បាននិយាយថា រដ្ឋាភិបាល នឹងពិចារណាពិនិត្យ និងបង្កើនការឧបត្ថម្ភធនសម្រាប់ការស្តារឡើងវិញក្នុងតំបន់ ដូច្នេះពួកគេអាចប្រើប្រាស់ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការកើនឡើងតម្លៃ។

លោកបានមានប្រសាសន៍ថា “ខ្ញុំចង់ចងក្រងវិធានការបន្ថែម និងអនុវត្តដោយមិនស្ទាក់ស្ទើរ” លោកបានបន្ថែមថាលោកបានទទួលស្គាល់សារៈសំខាន់នៃការផ្តល់ការគាំទ្រដែលត្រូវនឹងតម្រូវការរបស់សហគមន៍មូលដ្ឋាន។ Kishida បានផ្តល់អាទិភាពចម្បងក្នុងការដោះស្រាយផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល អាហារ និងវត្ថុធាតុដើមលើអាជីវកម្ម និងអ្នកប្រើប្រាស់ ដោយណែនាំរដ្ឋាភិបាលរបស់គាត់កាលពីខែមុនឱ្យរៀបចំវិធានការគោលនយោបាយថ្មី៕ ប្រភព៖ រ៉យទ័រ

