ភ្នំពេញ៖ លទ្ធកម្មសាធារណៈជាផ្នែកសំខាន់មួយនៅក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ និងយន្តការទាំង ឡាយសម្រាប់គ្រប់គ្រងការចំណាយថវិការដ្ឋ។

ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងដូចនេះ ក្នុងពិធីពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ដែលមានតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធនានានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពេលកន្លងទៅ។

ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រួមចំណែកធានាឲ្យដំណើរការ នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ សម្រាប់ការទិញ សាងសង់ ជួសជុល ជួលសេវាកម្ម និងការជួលសេវាទីប្រឹក្សា ប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព ភាពយុត្តិធម៌ ប្រសិទ្ធភាព ចីរភាព គុណភាព សមភាព ការសន្សំសំចៃ និងទាន់ពេលវេលា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាស្ថាប័នគ្រប់គ្រងលទ្ធកម្មសាធារណៈ ក៏បាន ដាក់ចេញនូវវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធលទ្ធកម្ម សាធារណៈសម្រាប់ឱ្យស្ថាប័នអនុវត្តលទ្ធកម្ម អនុវត្តកិច្ច លទ្ធកម្មកាន់តែមានប្រសិទ្ធភាពថែមទៀត។ ផ្អែកតាមផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ បូក២ ឆ្នាំ២០២២ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈមានភារកិច្ចរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីលទ្ធកម្មសាធារណៈនិងដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សា ពិនិត្យ និងសម្រេច មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈរដ្ឋមន្ត្រីកិច្ចនៅចុងឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា បើតាមឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មានប្រសាសន៍ថា សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលនឹងត្រូវដាក់ជូនអង្គសិក្ខាសាលាពិនិត្យ ពិភាក្សា និងផ្តល់យោបល់នាពេលបន្តិចទៀតនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយបច្ចេកទេសរបស់សហគមន៍អឺរ៉ុប (EU)៕