ស្ត្រីម្នាក់ ត្រូវបានគេបណ្តេញចេញពីការងារ បន្ទាប់ពីបានបង្ហោះរូបភាពរបស់នាង លើកម្រាមដៃកណ្តាលឡើងលើទៅកាន់ក្បួនរថយន្តរបស់ប្រធានាធិតីអាមេរិច ដូណាល់ ត្រាំ។
ស្ត្រីឈ្មោះ Juli Briskman ដែលកំពុងជិះកង់នៅក្នុងរូបភាព បានធ្វើការចោទប្រកាន់ថា គាត់ត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុន Akima LLC បណ្តេញគាត់ចេញ ក្រោយពេលគាត់បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ហ្វេសបុក និងថ្វីតធឺរបស់គាត់។
អ្នកស្រីបានថ្លែងប្រាប់សារព៌តមានអាមេរិចថា ក្រុមហ៊ុនបានហៅគាត់ឲ្យចូលប្រជុំ តែមួយថ្ងៃបន្ទាប់ពីគាត់បានប្រាប់ខាងផ្នែកគ្រប់គ្រងធនធានមនុស្សថា គាត់គឺជាប្រធានបទនៃរូបភាពដែលត្រូវបានគេផ្សាយយ៉ាងច្រើននោះ។
គាត់និយាយថា ខាងអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបានប្រាប់គាត់ថា ពួកគេបានចាត់ទុករូបភាពរបស់អ្នកស្រីជាអំពើមិនសមរម្យ (ឈ្លើស) ហើយវាល្មើសទៅនឹងគោលការណ៍។
ទោះយ៉ាងណា អ្នកស្រីបានប្រាប់ខាងអ្នកគ្រប់គ្រងក្រុមហ៊ុនវិញថា អ្នកស្រីមិនស្ថិតក្នុងម៉ោងការងារនោះទេ នៅពេលរូបភាពនោះត្រូវបានថត ហើយក៍មិនបានភ្ជាប់ខាងក្រុមហ៊ុនដែរ។
អ្នកស្រីនិយាយទៀតថា បុគ្គលិកប្រុសជាមួយគាត់ម្នាក់ ត្រូវបានខាងក្រុមហ៊ុនអនុញ្ញាតិឲ្យនៅធ្វើការដដែល បន្ទាប់ពីបានលុបរូបភាពចេញ ដែលមានបញ្ហាដូចគ្នា។
អ្នកស្រីក៍បានចោទសួរផងដែរថា តើហេតុអ្វីអ្នកស្រីត្រូវបានគេបណ្តេញចេញពីការងារភ្លាមៗ?
ស្ត្រីឈ្មោះ Juli Briskman ដែលមានកូនពីរនាក់ បានបំរើការងារផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនម៉ៅការខាងលើអស់រយៈពេល ៦ខែមកហើយ។
ទោះបីជាបាត់បង់ការងារក៍ដោយ អ្នកស្រីនិយាយថា គាត់មិនស្តាយក្រោយចំពោះការធ្វើកាយវិការនោះទេ ដោយសារអ្នកស្រីខឹងពីការដឹកនាំប្រទេសបច្ចុប្បន្ន ហើយការធ្វើកាយវិការនោះ វាគឺជាឱកាសឲ្យអ្នកស្រីចង់បញ្ចេញអ្វីដែលអ្នកស្រីចង់និយាយ។