សៀមរាប ៖ មកដល់ត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ ការប្រមូលផ្តុំមនុស្សនៅក្នុងចំការម្រេចរបស់លោកខឹម វាសនា មេដឹកនាំ LDP ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅមិនទាន់បានបំបែក ឬរំសាយនៅឡើយទេ ដោយនៅសល់មនុស្សប្រមាណជា ១០០០នាក់ទៀត ដែលសុទ្ធសឹងជាសមាជិកស្មោះស្ម័គ្ររបស់ LDP។
លោកលី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា “មកដល់ពេលនេះប្រជាពលរដ្ឋដែលបានចាកចេញទៅលំនៅដ្ឋានវិញជិត ១ម៉ឺននាក់ និងនៅសល់ប្រហែល ១ពានក់នាក់ ក្នុងចំណោមនេះប្រជាពលរដ្ឋមិនមានចំនួនច្រើនទេ ភាគច្រើនគឺជាសមាជិក និងសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ ហើយសង្ឃឹមថា ប្រជាពលរដឋនឹងចាកចេញជាបណ្តើរៗ ។ ហើយមានពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋដែលមករកសាច់ញាតិជាង ១០០ពាក្យបណ្តឹងហើយ ដែលមានមនុស្សត្រូវរជាង ២០០នាក់។ ដោយក្រុមគ្រួសារមួយចំនួនបានជួបគ្នា និងមួយចំនួននៅមិនទានបានជួបទេ”។
អ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ទៀតថា នៅថ្ងៃទី៥ ខែកញ្ញា ម្សិលមិញ គឺជាថ្ងៃបញ្ចប់ការជួបជុំប្រមូលផ្តុំដែលតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្ម័គ្របញ្ចប់ការប្រមូលផ្តុំរបស់ខ្លួន ។ ប៉ុន្តែនៅមិនទាន់មានបំបែក និងរំសាយទាំងស្រុងទេ ។ ហើយកិច្ចការបន្តជួយសម្រួលនិងចាត់ចែងសំណូមពររបស់ប្រជាពលរដ្ឋពាក់ជាមួយការមករកសាច់ញាតិនៅក្នុងទីតាំងនោះដើម្បីអោយបានិលត្រឡប់ទៅលំនៅដ្ឋានវិញ ។ ហើយបន្តទទួលពាក្យបណ្តឹង និងបន្តដោះស្រាយសំណូមពរប្រជាពលរដ្ឋ ដោយមានក្រុមការងារខេត្ត ស្រុក និងមូលដ្ឋានប្រចាំការនៅទីនោះ ដើម្បីធ្វើកិច្ចការមួយចំនួនទៀតពាក់ព័ន្ធការកំណត់មើលសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ ។

សូមជម្រាបថា កាលពីទី៤ ខែកញ្ញា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។
គួរបញ្ជាក់ថា មនុស្សជំនិតរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ ចំនួន ៦នាក់ បានចេញមកទទួលស្គាល់កំហុសដែលបានគៀងគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ ១២ហិតា និង ២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងប្រកាសឲ្យប្រជាពលរដ្ឋរំសាយការជូបជុំ ចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ




