ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ការប្រមូលចំណូល មានភាពល្អប្រសើរឡើងជារៀងរាល់ឆ្នាំ ដោយការផ្សារភ្ជាប់បរិវត្តកម្មឌីជីថល ទៅនឹងកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាម រយៈការដាក់ចេញនូវយុទ្ធសាស្ត្រកៀគរចំណូល ពិសេសការពង្រីកនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់គ្រប់គ្រងការប្រមូលពន្ធ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាប្រចាំតំបន់ស្តីពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងមានការចូលរួមពីអ្នកជំនាញការជាន់ខ្ពស់មកពីស្ថាប័នដៃគូ និងតំណាងមកពីបណ្តាប្រទេសក្នុងតំបន់នាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ គ្រប់វិស័យសេដ្ឋកិច្ច សុទ្ធសឹងទទួលរងឥទ្ធិពល ពីបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។ ក្នុងយុគសម័យសកល ភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកត្តាគន្លឹះសម្រាប់ជំរុញការគ្របដណ្តប់ និងការតភ្ជាប់បណ្តាសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ដោយមើលឃើញពីឧត្តមប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិនោះ នៅឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ឱ្យអនុវត្ត គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល ប្រព័ន្ធអភិបាលកិច្ចរបស់វិស័យសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និងស្អាតស្អំ៕