Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC សម្រេចឲ្យក្រុមហ៊ុន Toyota របស់ជប៉ុន បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន គឺក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា។

គម្រោងវិនិយោគនេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។

ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញជាយូរមកហើយ និងលើកទឹកចិត្តយ៉ាងពេញទំហំហឹង។

កម្ពុជា បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗរបស់ពិភពលោកមួយចំនួន ដូចជា ក្រុមហ៊ុនរថយន្តតូយ៉ូតា រថយន្ត Ford ម៉ាកដ៏ល្បីរបស់អាមេរិក ដែលមានទីតាំងនៅខេត្តពោធិ៍សាត់, ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួនពីរ គឺ Hyundai និង Daehan ដែលបានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។

ជាមួយគ្នានេះ ក្រុមហ៊ុន International VCV Industry CO,.ltd ក៏ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យធ្វើការវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ផងដែរ។

បច្ចុប្បន្ន រាជដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិករបស់ខ្លួន ដែលរំពឹងថា វានឹងអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីជាង ២២ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។

វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» និង «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»៕

spot_img
×