Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យមើលហេតុផល ៧ ចំណុច រកឃើញ លោកស្រីឧកញ៉ា លី អ៊ុំអេង និងក្រុមហ៊ុនអង្គរលែនម៉ាក្ស ប្រើល្បិចស៊ីដាច់ដីគេ ២២៣ហិកតា

spot_img

សៀមរាប ÷ លោកស្រីឧកញ៉ា លី អ៊ុំអេង ដែលគេស្គាល់ថា ជាឈ្មួញរកស៊ីដីធ្លីល្បីឈ្មោះម្នាក់នៅខេត្តសៀមរាប នាពេលនេះកំពុងរងការចោទប្រកាន់ពីក្រុមហ៊ុនរកស៊ីជួញដូរដីធ្លីមួយថា លោស្រីបានរំលោភបំពានកុងត្រា (កិច្ចសន្យា) ដោយបានលក់ដីឲ្យទៅក្រុមហ៊ុនជួញដូរអចលនៈវត្ថុមួយរួចហើយ គឺក្រុមហ៊ុន អេសភី ម៉ាស្ទ័រ អ៉ិនវេសមេន តំណាងដោយលោក ផូ ស៊ីផា (អ្នកទិញទី១) ប៉ុន្តែ ប៉ុន្មានខែក្រោយមក លោកស្រីឧកញ៉ារូបនេះ បែរជាយកដីដដែលនេះទៅលក់ឲ្យអ្នកទិញផ្សេងទៀត (អ្នកទិញទី២) គឺក្រុមហ៊ុនអង្គរលែនម៉ាក្ស ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញថាជាការប្រព្រឹត្តល្មើសកិច្ចសន្យា រំលោភទំនុកចិត្ត។

លោក ផូ ស៊ីផា ដែលជាជនរងគ្រោះត្រូវគេស៊ីដាច់ដី ២២៣ហិកតានេះ បានរៀបរាប់ថា ដំបូងឡើយរូបលោក និងដៃគូរកស៊ី តំណាងឱ្យ ក្រុមហ៊ុន អេសភី ម៉ាស្ទ័រ អ៉ិនវេសមេន បានទិញដីពីកូនៗលោកស្រីឧកញ៉ា លី អ៊ុំអេង ឈ្មោះ លី ដាលីន ទំហំដី ១០ហិកតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ និងឈ្មោះ លី សេងហួត ទំហំដី ១០០ហិកតា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយតម្លៃដីលក់ ២ដុល្លារក្នុង១ម៉ែត្រការ៉េ, ហើយក្រោយមក លោក ផូ ស៊ីផា បានទិញដីពីលោកស្រីឧកញ៉ា លី អ៊ុំអេង ផ្ទាល់ទំហំដី ១១៨ហិកតា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តម្លៃ ៣ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

ទីតាំងដីទាំង៣កន្លែងខាងលើនេះ កាត់កងផ្នែកខ្លះដែលប៉ះពាល់ដល់ដីអាជ្ញាធរអប្សរា គឺនៅសល់សរុប ២២៣ហិកតា ស្ថិតក្នុងភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប, សរុបទឹកប្រាក់ដែលត្រូវបង់ឱ្យភាគី លោកស្រីឧកញ៉ា លី អ៊ុំអេង មានតម្លៃ ៥.៧៤០.០០០ដុល្លារ, ចំណែកភាគី លោក ផូ ស៊ីផា បង់ប្រាក់បានចំនួន ២.០១៤.៧០០ដុល្លារ ដូច្នេះនៅខ្វះ ៣.៧២៥.៣០០ដុល្លារ។

ស្របពេលជាមួយគ្នានេះ មានក្រុមហ៊ុនមួយ ថ្មីទៀត គឺក្រុមហ៊ុនអង្គរលែនម៉ាក្ស បានមកចរចាទិញដីពីក្រុម លោក ផូ ស៊ីផា បន្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ទំហំផ្ទៃដីសរុប ២២៣ហិកតា ដោយភាគីអ្នកលក់តំណាងដោយ លោក ផូ ស៊ីផា និងលោក គឹម សុភា និងភាគីអ្នកទិញតំណាងដោយលោក ទូស សាភឿន លោក ងិន វុធ និង លោក លុយ បញ្ញា , ហើយការទិញ-លក់មានកុងត្រាត្រឹមត្រូវតាមច្បាប់។

ក្នុងកុងត្រាបានកំណត់ការបង់ប្រាក់ជា ៥ ដំណាក់កាល ដោយចាប់ពីដំណាក់កាលទី១ មានតម្លៃ ៣,៥០ដុល្លារ រហូតដល់ ៦ដុល្លារ ក្នុង១ម៉ែត្រការ៉េ នៅដំណាក់កាលទី៥, ដូច្នេះ សរុបទឹកប្រាក់ផ្ទៃដីទំហំ ២២៣ហិកតា មានតម្លៃ ១០.៨៦០.០០០ដុល្លារ ដែលក្រុមហ៊ុនអង្គរលែនម៉ាក្ស ត្រូវបង់ទៅឲ្យក្រុម លោក ផូ ស៊ីផា , ប៉ុន្តែ ក្រុមហ៊ុនអង្គរលែនម៉ាក្ស តំណាងដោយ លោក ទូស សាភឿន លោក ងិន វុធ និង លោក លុយ បញ្ញា បង់ប្រាក់ឱ្យក្រុម លោកផូ ស៊ីផា បានតែ ៣៧០.០០០ដុល្ការប៉ុណ្ណោះ អស់រយៈពេលជិត២ឆ្នាំ ក៏អាក់ខាន រអាក់រអួល។

ឆ្លងកាត់ពីមួយខែទៅមួយខែ ការបង់ប្រាក់ពីក្រុមហ៊ុនអង្គរលែនម៉ាក្ស ទៅឱ្យក្រុម លោក ផូ ស៊ីផា មានការយឺតយាវ បណ្តាលឲ្យក្រុម លោក ផូ ស៊ីផា ក៏ជួបឧបសគ្គក្នុងការបង់ប្រាក់ទៅម្ចាស់ដីដើមដូចគ្នា គឺលោកស្រីឧកញ៉ា លី អ៊ុំអេង ម្ចាស់ក្រុមហ៊ុន លី អ៊ុំអេង និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប។ ដោយខ្លាចប៉ះពាល់ទំនុកចិត្តជាមួយម្ចាស់ដីដើម និងមានការស្នើសុំពីភាគី លោក ទូស សាភឿន តំណាងភាគីក្រុមហ៊ុនអង្គរលែនម៉ាក្ស ផងនោះ ក្រុមរបស់ លោក ផូ ស៊ីផា ក៏បានអនុញ្ញាតឲ្យកាត់ប្លង់ដីទំហំ ១១៨ហិកតា ឱ្យក្រុមហ៊ុនអង្គរលែនម៉ាក្ស ធ្វើការទូទាត់ ឬបង់ប្រាក់ថ្លៃដើមដោយផ្ទាល់ទៅឱ្យ លោកស្រីឧកញ៉ា លី អ៊ុំអេង, ហើយប្រាក់ថ្លៃចំណេញពីដីនេះ គឺក្រុមហ៊ុនអង្គរលែនម៉ាក្ស ត្រូវបង់ទៅឱ្យក្រុម លោក ផូ ស៊ីផា តាមក្រោយជាបន្តទៀត បន្ទាប់ពីបញ្ចប់ការទូទាត់បង់ប្រាក់ជាមួយ លោកស្រីឧកញ៉ា លី អ៊ុំអេង។

ទោះជាយ៉ាងណា បញ្ហានៅតែបន្តកើតមានដោយសារតែក្រុមហ៊ុនអង្គរលែនម៉ាក្ស បានខកខានបង់ប្រាក់តាមកិច្ចសន្យារបស់ខ្លួនជាមួយម្ចាស់ដីដើម គឺលោកស្រី លី អ៊ុំអេង, ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុនអង្គរលែនម៉ាក្ស ថែមទាំងបានស្នើសុំធ្វើលក្ខខណ្ឌបង់ប្រាក់ថ្មីជាមួយ លោកស្រីឧកញ៉ា លី អ៊ុំអេង ទៀតផង ព្រោះក្រុមហ៊ុនមិនអាចបង់ប្រាក់តាមលក្ខខណ្ឌតម្លៃក្នុងកិច្ចសន្យាជាមួយ លោក ផូ ស៊ីផា នោះទេ។

លើសពីនេះ ក្រុមហ៊ុនអង្គរលែនម៉ាក្ស បានស្នើសុំលោកស្រីឧកញ៉ា លី អ៊ុំអេង ឲ្យជួយផ្ទេរកម្មសិទ្ធិដីប្លង់រឹងទំហំ ៦០ហិកតា ក្នុងចំណោមដី ១១៨ហិកតា មកឱ្យក្រុមហ៊ុនខ្លួន ដើម្បីយកទៅដាក់បញ្ចាំនៅធនាគារ រួចហើយយកប្រាក់មកសងថ្លៃដីលោកស្រីឧកញ៉ា លី អ៊ុំអេង បញ្ចប់ ដោយក្រុមហ៊ុនអង្គរលែនម៉ាក្ស ដាក់តម្កល់មូលប្បទានប័ត្រដែលមានសាច់ប្រាក់ ១.៨០០.០០០ដុល្លារ (១លាន៨០ម៉ឺនដុល្លារ) ជាការធានា។

លុះក្រោយមក ពេលកំពុងតែដំណើរការលក្ខខណ្ឌថ្មីជិតរួចរាល់ទៅហើយ ស្រាប់តែ លោកស្រីឧកញ៉ា លី អ៊ុំអេង បានឆែកមើលសាច់ប្រាក់ក្នុងមូលប្បទានប័ត្រនោះ អត់មានប្រាក់ (ឬគ្មានសាច់ប្រាក់), ហើយស្របពេលដែលក្រុមហ៊ុនអង្គរលែនម៉ាក្ស ក៏អាក់ខានក្នុងការទូទាត់ប្រាក់ជាមួយ លោកស្រីឧកញ៉ា លី អ៊ុំអេង ទៀតនោះ ក៏បង្កឱ្យភាគី លោកស្រីឧកញ៉ា លី អ៊ុំអេង ប្ដឹងក្រុមហ៊ុនអង្គរលែនម៉ាក្សទៅតុលាការ ឱ្យទទួលខុសត្រូវចំពោះការបង់ប្រាក់។

ជាបន្តមកទៀត ស្រាប់តែភាគីទាំងពីរនេះត្រូវគ្នាវិញ ក៏រៀបផែនការទាត់ លោក ផូ ស៊ីផា ចេញពីកិច្ចសន្យាទិញ-លក់ យ៉ាងបំពានបំផុត ដោយ លោក ផូ ស៊ីផា ចោទថា ក្រុមហ៊ុនអង្គរលែនម៉ាក្ស ប្រើល្បិចអាក់ខានបង់ប្រាក់ជូនលោក ធ្វើឱ្យរូបលោកអាក់ខានបង់ប្រាក់បន្តជូន លោកស្រីឧកញ៉ា លី អ៊ុំអេង ទើបកើតជាបញ្ហា។

ពោលគឺ លោក ផូ ស៊ីផា ត្រូវបានភាគីលោកស្រីឧកញ៉ា លី អ៊ុំអេង ចោទប្រកាន់ថា បង់ប្រាក់អាក់ខានមិនគោរពទៅតាមច្បាប់នៃកិច្ចសន្យា, រីឯក្រុមហ៊ុនអង្គរលែនម៉ាក្សវិញ បានចោទប្រកាន់ លោក ផូ ស៊ីផា ថា ពេលក្រុមហ៊ុនអង្គរលែនម៉ាក្ស បង់ប្រាក់ទៅជូន គឺលោកម្នាក់នេះ មិនបានយកប្រាក់ទៅបង់បន្តឲ្យ លោកស្រីឧកញ៉ា លី អ៊ុំអេង ដែលជាម្ចាស់ដីដើមនោះទេ ទើបធ្វើឱ្យគេលុបកិច្ចសន្យាទិញ-លក់របស់លោកចោល ហើយលោកគ្មានសិទ្ធិធ្វើការទូទាត់ប្រាក់ដល់បច្ចុប្បន្ន។

មានន័យថា លោក ផូ ស៊ីផា ត្រូវបានគេទាត់ចេញពីរង្វង់កិច្ចសន្យាទិញ-លក់យ៉ាងអយុត្តិធម៌បំផុត ព្រោះថា ពេលនេះក្រុមហ៊ុនអង្គរលែនម៉ាក្ស បាននិងកំពុងតែយកដីទាំង ២២៣ហិកតានោះ ទៅអង្កន់ពុះឡូត៍លក់ និងបើកជាគម្រោងអភិវឌ្ឍន៍លំនៅឋានយ៉ាងព្រោងព្រាយ រាយលើទឹកដី ភូមិសណ្ដាយ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ផូ ស៊ីផា ខាតទាំងដី ខាតទាំងប្រាក់ដែលបង់ទៅឲ្យលោកស្រីឧកញ៉ា លី អ៊ុំអេង , ខាតទាំងប្រាក់ចំណេញពីការលក់ដី សរុបទំហំ ២២៣ហិកតាទាំងស្រុង ដែលមានតម្លៃសរុប ១០.៨៦០.០០០ដុល្លារ – ៥.៧៤០.០០០ដុល្លារ (តម្លៃដើមរបស់ លោកស្រីឧកញ៉ា លី អ៊ុំអេង) = ៥.១២០.០០០ដុល្លារ , ដូច្នេះរកឃើញថា សាច់ប្រាក់ ៥.១២០.០០០ដុល្លារ (៥លាន១២ម៉ឺនដុល្លារ) ដែល លោក ផូ ស៊ីផាចំណេញពីការលក់ដីបន្តនេះ ត្រូវលោកស្រីឧកញ៉ា លី អ៊ុអេង និងក្រុមហ៊ុនអង្គរលែនម៉ាក្ស ដែលមាន លោក ទូស សាភឿន, លោក ងិន វុធ និង លោក លុយ បញ្ញា គប់គិតគ្នាស៊ីដាច់គ្មានមេត្តាធម៌។

ទាក់ទងនឹងការចោទប្រកាន់របស់ លោក ផូ ស៊ីផា នេះដែរ សម្រាប់ភាគី លោកស្រីឧកញ៉ាលី អ៊ុំអេង វិញ បានបកស្រាយថា ចំពោះការលក់ដីឲ្យទៅ លោក ផូ ស៊ីផា គឺយើងខ្ញុំនៅតែគោរពកិច្ចសន្យាលក់-ទិញដីឲ្យគាត់ដដែល, ហើយការដែលក្រុមហ៊ុនអង្គរលែនម៉ាក្ស តំណាដោយលោក ទូស សាភឿន, លោក ងិន វុធ និង លោក លុយ បញ្ញា មកបង់លុយថ្លៃដីផ្ដាច់ចុងក្រោយឱ្យលោកស្រីនោះ គឺជារឿងសម្របសម្រួលតាមផ្លូវតុលាការ និងមានលិខិតផ្ទេរសិទ្ធិ អនុវត្តកាតព្វកិច្ចពី លោក ផូ ស៊ីផា ផងដែរ មានន័យថា ជាកិច្ចព្រមព្រៀងកែសម្រួលកាតព្វកិច្ចទាំង៣ភាគី មិនមែនជាការដណ្ដើមយកដីពី លោក ផូ ស៊ីផា វិញ ហើយទៅលក់ឱ្យក្រុមហ៊ុនអង្គរលែនម៉ាក្សនោះទេ, ហើយមួយទៀត ត្រង់ចំណុចដែលថា លោក ផូ ស៊ីផា បាត់បង់ផលប្រយោជន៍នោះ គឺជារឿងរបស់ លោក ផូ ស៊ីផា ជាមួយនឹងក្រុមហ៊ុនអង្គរលែនម៉ាក្ស។

ចំណែកឯខាង លោក ទូស សាភឿន, លោក ងិន វុធ និង លោក លុយ បញ្ញា វិញ បានអះអាងថា ខ្លួនមិនទុកចិត្ត លោក ផូ ស៊ីផា ខ្លាចពេលបង់លុយជូនទៅ លោក ផូ ស៊ីផា ហើយ គាត់មិនយកទៅបង់បន្តឲ្យម្ចាស់ដើមគេនាំឲ្យមានបញ្ហា ដូច្នេះក៏ស្នើឱ្យមានការផ្ទេរសិទ្ធិ និងការអនុវត្តកាតព្វកិច្ចស្ដីពីការបង់ប្រាក់ ចេញពីលោក ផូ ស៊ីផា ទៅលោកស្រីឧកញ៉ា លី អ៊ុំអេង វិញ, ព្រោះថាលោក ផូ ស៊ីផា កំពុងមានរឿងអាក់ខានក្នុងការបង់ប្រាក់ជូនទៅ លោកស្រីឧកញ៉ា លី អ៊ុំអេង ផងដែរ។

ងាកមក លោក ផូ ស៊ីផា វិញ បានសង្កត់ធ្ងន់ថា បានជាលោកចោទប្រកាន់ លោកស្រីឧកញ៉ា លី អ៊ុំអេង និងក្រុមហ៊ុនអង្គរលែនម៉ាក្ស គប់គិតគ្នាស៊ីដាច់ដីរបស់លោក ២២៣ហិកតា ឬសាច់ប្រាក់ចំណេញ ៥.១២០.០០០ដុល្លារ (៥លាន១២ម៉ឺនដុល្លារ) នោះ គឺ ÷

១- ពេលជួបវិបត្តិហិរញ្ញវត្ថុ ក្រុមហ៊ុនអង្គរលែនម៉ាក្ស ដែលមាន លោក ទូស សាភឿន, លោក ងិន វុធ និង លោក លុយ បញ្ញា បានមកអង្វរករ លោក ផូ ស៊ីផា និងលោកស្រីឧកញ៉ា លី អ៊ុំអេង ដើម្បីសុំបន្ធូរបន្ថយបង់ប្រាក់តម្លៃដើម ២ដុល្លារ/ម៉ែត្រការ៉េទៅឱ្យម្ចាស់ដើម ក្នុងទំហំដី ១១៨ហិកតា គឺបង់ជូនលោកស្រីឧកញ៉ា លី អ៊ុអេង ដែលមានលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ច ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ , ត្រង់នេះ មានន័យថា គឺ លោក ផូ ស៊ីផា ជាអ្នកចូលរួម និងជាអ្នកអនុគ្រោះក្នុងការធ្វើលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ច ក្នុងកិច្ចសន្យាលក់-ទិញអចលនវត្ថុ (ដី) ដូច្នេះ រាល់កិច្ចសន្យាទិញ-លក់គ្រប់យ៉ាង រវាងលោកស្រីឧកញ៉ា លី អ៊ុំអេង និងក្រុមហ៊ុនអង្គរលែនម៉ាក្ស ជាមួយនឹង លោក ផូ ស៊ីផា នៅតែមានសុពលភាព ព្រោះមិនមានលក្ខខណ្ឌអ្វី ឬលិខិតបទដ្ឋានគតិយុទ្ធអ្វីរំលាយនោះទេ។

២- ពួកគេ បង្កើតកិច្ចសន្យាថ្មីមួយទៀត គឺលិខិតកិច្ចសន្យាទទួលការអនុវត្តសិទ្ធិ និងកាតព្វកិច្ចក្នុងកិច្ចសន្យាលក់-ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ , ដោយក្រុមហ៊ុនអង្គរលែនម៉ាក្ស ស្នើសុំឲ្យ លោកស្រីឧកញ៉ា លី អ៊ុំអេង កែប្រែលក្ខខណ្ឌបង់ប្រាក់ ព្រោះខ្លួនមិនមានលទ្ធភាពបង់ប្រាក់តាមតម្លៃរបស់ លោក ផូ ស៊ីផា ដែលកំណត់ក្នុងដំណាក់កាលទី៣ មួយខែៗត្រូវបង់ចំនួន ៤០០.០០០ដុល្លារ (សែសិបម៉ឺនដុល្លារអាមេរិក) ប្ដូរមកបង់ត្រឹមមួយខែៗចំនួន ១២០.០០០ដល្លារ (ដប់ពីរម៉ឺនដុល្លារអាមេរិក) វិញ , លុះពេលក្រុមហ៊ុនអង្គរលែនម៉ាក្ស និងលោកស្រីឧកញ៉ា លី អ៊ុំអេង មិនគោរពលក្ខខណ្ឌនៃកិច្ចសន្យាថ្មីមួយនេះ គឺបញ្ជាក់ច្បាស់ណាស់ថា ជាការគប់គិតគ្នាបំពានកិច្ចសន្យាជាមួយ លោក ផូ ស៊ីផា ពីព្រោះលោកមានហេតុផលច្បាស់លាស់ និងលិខិតស្នាមគតិយុត្តគ្រប់គ្រាន់។

៣- យោងលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ច ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងលិខិតកិច្ចសន្យាទទួលការអនុវត្តសិទ្ធិ និងកាតព្វកិច្ចក្នុងកិច្ចសន្យាលក់-ទិញអចលនវត្ថុ (ដី) ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ខាងលើនេះ គឺលោក ផូ ស៊ីផា នៅតែស្ថិតក្នុងអត្ថិភាពជាអ្នកទទួលបានការទូទាត់សាច់ប្រាក់ស្របតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុត្ត។

៤- មួយវិញទៀត ប្រសិនបើក្រុមហ៊ុនអង្គរលែនម៉ាក្ស ចោទថា ខ្លួនបានបង់លុយជូនទៅ លោក ផូ ស៊ីផា រួចហើយ ប៉ុន្តែ លោក ផូ ស៊ីផា ខ្លួនឯង មិនបានយកលុយនេះទៅបង់បន្តឲ្យម្ចាស់ដើម លោកស្រីឧកញ៉ា លី អ៊ុំអេង នោះ ក៏មិនសមហេតុសមផលដែរ ព្រោះថា លោក ផូ ស៊ីផា ក្នុងលក្ខខណ្ឌលក់បន្តឲ្យក្រុមហ៊ុនអង្គរលែនម៉ាក្សនេះ គឺលោកត្រូវទទួលបានប្រាក់ចំណេញជាសត្យានុម័តរួចស្រេចទៅហើយ។

៥- ចំណែកឯ លោកស្រីឧកញ៉ា លី អ៊ុំអេង វិញ បើចោទថា លោក ផូ ស៊ីផា អាក់ខានមិនបានបង់ប្រាក់ជូនលោកស្រីតាមលក្ខខណ្ឌនៃកិច្ចសន្យានោះ ក៏ពុំត្រឹមត្រូវដែរ ព្រោះថា លោកស្រីខ្លួនឯង ជាអ្នកយល់ព្រមឲ្យក្រុមហ៊ុនអង្គរលែនម៉ាក្ស ជាអ្នកបង់ប្រាក់ផ្ទាល់មកជូនលោកស្រី, សំណួរសួរថា តើមានរឿងអ្វីដែលត្រូវបាត់ចំណែករបស់ លោក ផូ ស៊ីផា នោះ មានតែពួកគេគប់គិតគ្នា គៃបំបាត់ បន្លំពន្លិចឲ្យបាត់?!

៦- ដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុផង និងបញ្ហាចម្រូងចម្រាសជាមួយ លោកស្រីឧកញ៉ា លី អ៊ុំអេង ផង ក្រុមហ៊ុនអង្គរលាន់ម៉ាក្ស តំណាងដោយ លោក ទូស សាភឿន, លោក ងិន វុធ និង លោក លុយ បញ្ញា ក៏បានឲ្យមេធាវី មឿន សុវណ្ណ តំណាងដោយអាណត្តិ ចេញលិខិតជូនដំណឹងមួយច្បាប់ ដែលមានកម្មវត្ថុសូមពន្យារពេលទូរទាត់ប្រាក់ថ្លៃដីចំនួន ៤៥ហិកតា (ក្នុងចំណោម ២២៣ហិកតា) ជំរាបជូន ក្រុមលោក ផូ ស៊ីផា ដោយយោងកិច្ចសន្យាលក់-ទិញអចលនៈវត្ថុ (ដី) ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ជាមួយក្រុម លោក ផូ ស៊ីផា, និងមានភាពរអាក់រអួលបណ្ដាលមកពីបណ្ដឹងរបស់ លោកស្រីឧកញ៉ា លី អ៊ុំអេង ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩, ការអាក់ខាននេះ សបញ្ជាក់ថា ក្រុមហ៊ុនអង្គរលឺនម៉ាក្ស អាក់ខានទាំងបង់លុយទៅឲ្យ លោក ផូ ស៊ីផា និងអាក់ខានទាំងបង់លុយទៅឲ្យលោកស្រីឧកញ៉ា លី អ៊ុំអេង។

៧- បើកក្រឡេកទៅមើលការសម្របសម្រួលឬហៅថា សះជា ដែលមានលិខិតលាយល៍ជាអក្សរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅសាលាដំបូងខេត្តសៀមរាប ដែលមានការចូលរួមទាំង ៣ភាគី គឺ១- ភាគីលោកស្រី លី អ៊ុំអេង , ២- ភាគីលោក ផូ ស៊ីផា , ៣- ភាគីក្រុមហ៊ុនអង្គរលែនម៉ាក្ស និងក្រោមការដឹកនាំពីប្រធានសាលាដំបូងខេត្តសៀមរាបផងដែរ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា លោក ផូ ស៊ីផា មានអត្ថិភាព ទទួលបានផលប្រយោជន៍ ឬប្រាក់ចំណេញពីការលក់ដីទំហំ ២២៣ហិកតានេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×