បាត់ដំបង៖ កម្ពុជាមានលទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ ដូចជា រោងចក្រផលិតស៊ីម៉ងត៍នៅខេត្តបាត់ដំបងនេះ ដែលបច្ចុប្បន្ននេះ តាម រយៈរោងចក្រផលិតស៊ីម៉ងត៍ទាំង៤រាប់ទាំងរោងចក្រនៅបាត់ដំបងនេះអាចមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបប្រមាណ៧លានតោនក្នុងមួយឆ្នាំ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេននេះ ត្រូវបានសង់នៅលើ ផ្ទៃដីសរុបទំហំ ៣១៦ហិកតា និងប្រើរយៈពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ២០១៦។ ការបង្កើតរោងចក្រនេះ បានប្រើទុនវិនិយោគប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។ រោងចក្រស៊ីម៉ងត៍នេះ មានសមត្ថភាព ផលិតស៊ីម៉ងត៍បានប្រមាណ ៥០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited តំណាងដោយភាគីចិន និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ នៃប្រទេសកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពណាស់ ដែលមានលទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ ដូចជារោងចក្រផលិតស៊ីម៉ងត៍នេះ ដែលបច្ចុប្បន្ននេះ តាម រយៈរោងចក្រផលិតស៊ីម៉ង់ត៍ទាំង៤រាប់ទាំងរោងចក្រនៅបាត់ដំបងនេះអាចមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ ដែលទាំងអស់នេះគឺជាតម្រូវការ និងជាផលចំណេញមួយសម្រាប់បំពេញតម្រូវការក្នុងស្រុក ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ក្នុងការសាងសង់ផ្សេងៗ ដូចជាផ្លូវថ្នល់ សាលារៀន និងសំណង់អគារផ្សេងៗ។ សម្រាប់រោងចក្រនេះ មួយឆ្នាំអាចផលិតបានប្រមាណជា២លានតោន គឺអាចផ្គត់ផ្គង់ត្រឹមតែខេត្តមួយចំនួននៅតំបន់នេះតែប៉ុណ្ណោះ ដូចជាខេត្តបាត់ដំបងខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឬសៀមរាបតែប៉ុណ្ណោះ មិនអាចបំពេញគ្រប់គ្រាន់តាមតម្រូវការនៅខេត្តផ្សេងៗបានឡើយ ដូច្នេះត្រូវតែមានការបង្កើតបន្ថែមទៀត។ ហើយកម្ពុជាមិនត្រឹមតែមានបំណង ផលិតស៊ីម៉ងត៍សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះនោះទេ តែយើងនឹងមានបំណងផលិតនាំចេញទៅកាន់ទីផ្សារ ក្រៅស្រុកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសមិទ្ធផលជាតិសំខាន់ៗដែលកើតមានឡើងនៅក្នុងខេត្តបាត់ដំបងនេះ ដែលរាជរដ្ឋាភិបានបានផ្តល់ជូន ក្រោយពីប្រទេសទទួលបាននូវសុខសន្តិភាព ដូចជាផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត នៅព្រឹកនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា ក្នុងការអភិវឌ្ឍប្រទេសជាតិ សម្តេចតេជោ បានប្រើយុទ្ធសាសស្ត្រ២សំខាន់ដែល ទី១)គឺការប្រែក្លាយតំបន់សមរភូមិលក្តៅដែលធ្លាប់រងដោយសង្គ្រាមទៅជាកន្លែងដែលមានការអភិវឌ្ឍ ជាកន្លែងទីផ្សារ រោងចក្រឧស្សាហកម្ម សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងទី២) ប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសជិតខាង ជាតំបន់ដែលមានសន្តិភាព និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងនោះ។ ជាពិសេសតំបន់នៃស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងនេះ ពីអតីតកាលគឺជាសមរភូមិក្តៅបំផុត ហើយភ្នំនេះផ្ទាល់គឺគ្មានអ្នកណាអាចមកបាននោះទេ គឺពោពេញដោយការប្រយុទ្ធគ្នា និងសំបូរដោយគ្រាប់មីន ក៏ប៉ុន្តែដោយសារតែនយោបាយ ឈ្នះ ឈ្នះ បានធ្វើអោយតំបន់នេះមានសន្តិភាព និងការអភិវឌ្ឍ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់ទៅប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនេះថា មានចំណុច៣ ដែលសម្តេចសម្រេចបាននូវនយោបាយឈ្នះ ឈ្នះ និងការធ្វើសមាហរណកម្មជាមួយពួកខ្មែរក្រហមរួមមាន ចំណុចទី១) គឺកាធានាអាយុរបស់ពួក ខ្មែរក្រហម ទី២) ធានា មុខរបរ អាជីពរបស់ពួកគេឲ្យនៅដដែល និងទី៣) ទទួលស្គាល់ និងរក្សាទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យរបស់ពួកគេ ដែលចំណុចទាំងអស់នេះហើយដែលធ្វើយើងបានធ្វើសមាហរណកម្មជាមួយគ្នា និងរួមរស់ជាមួយរាជរដ្ឋាភិបាលរហូតដល់សព្វថ្ងៃនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែលបាន ចូលរួមថែរក្សាសន្តិភាពរហូតមកដល់ពេលនេះ ហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សា និងការពារសន្តិភាពនេះជាបន្តទៀតដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសនេះឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ជាពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត៕ ដោយ៖បញ្ញាស័ក្តិ