Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​រាជធានី​ភ្នំពេញ ៖ ​ មាន​ជន​ស៊ី​វិល​ ដឹក​អ្នកបើកបរ​ល្មើសច្បាប់​ទៅ​ដាក់បញ្ចាំ​ទូរ​ស័ព្ទ​ ដើម្បី​យក​លុយ​មក​បង់ថ្លៃ​ផាកពិន័យ​

spot_img

ភ្នំពេញ ៖ ​ក្រោយ​ពី​ជួប​ទល់មុខ​គ្នា​រវាង​មន្ត្រី​ទាំងអស់​នៅ​គោលដៅ​កួច​កាណុង​ និង​បុរស​អ្នក​បើក​ម៉ូតូ​កង់​៣​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជន​ស៊ី​វិល​ដែល​ដឹក​គាត់​ទៅ​បញ្ចាំ​ទូរ​ស័ព្ទ​ ហើយ​យក​លុយ​ពី​គាត់​ មិនមែន​ជា​សមត្ថកិច្ច​នៅ​គោលដៅ​នោះ​ឡើយ​ ជា​ជន​ស៊ី​វិល​ឆ្លៀតឱកាស​ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ទាក់ទង​ទៅ​នឹង​ករណី​ ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​ ១០​និង​៣០​នាទី​ព្រឹក​ មាន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដឹក​ទំនិញ​ម្នាក់​ បាន​បើកបរ​ទិស​ដៅ​ពី​វត្ត​ភ្នំ​ គោលដៅ​ឆ្លងស្ពាន​ជ្រោយចង្វារ​ លុះ​មក​ដល់​គោលដៅ​រង្វង់​មូល​កួច​កាណុង​ ក៏​ស្រាប់តែ​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ ឃាត់​ធ្វើការ​ផាកពិន័យ​ ករណី​មិន​កិប​គន្លឹះ​មួក​សុវត្ថិភាព​ ពេល​នោះ​មន្ត្រី​អនុវត្ត​ច្បាប់​ បាន​បញ្ជាក់​ថា​ តាម​ច្បាប់​លើ​ករណី​ល្មើស​នេះ​ត្រូវ​ផាកពិន័យ​ ៦០,០០០​រៀល​ ពេល​នោះ​គាត់​ក៏​បាន​និយាយ​ថា​ គាត់​គ្មាន​ប្រាក់​ដើម្បី​បង់​ពិន័យ​នោះ​ទេ​ រួច​មក​គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​និយាយ​ជាមួយ​ថៅកែ​របស់​គាត់​ បន្ទាប់​មក​គាត់​ក៏​ហុច​ទូរ​ស័ព្ទ​ជូន​មន្ត្រី​ដើម្បី​និយាយ​គ្នា​ជាមួយ​ថៅកែ​របស់​គាត់​ គោលបំណង​ស្នើ​សុំ​មន្ត្រី​នគរបាល​ចរាចរណ៍​ កុំ​ផាកពិន័យ​ ត្រឹមតែ​អប់រំ​ទៅ​បាន​ហើយ​ ។​

​ភ្លាម​នោះ​មន្ត្រី​របស់​យើង​ក៏​បាន​ប្រគល់​ទូរ​សព្ទ​ជូន​គាត់​វិញ​ ព្រមទាំង​អនុញ្ញាត​ឲ្យ​រូប​គាត់​ទៅ​ដោយ​មិន​បាន​ផាកពិន័យ​ ឆ្លៀតពេល​នោះ​មាន​ជន​ឱកាសនិយម​ ស្លៀកពាក់​ស៊ី​វិល​ឆ្លៀតឱកាស​ ហៅ​បុរស​នោះ​ចេញ​មក​ក្រៅ​ ដោយ​ប្រាប់​ថាបើ​អត់​លុយ​ គាត់​អាច​នាំ​ទៅ​កន្លែង​បញ្ចាំ​ ដើម្បី​បង់ថ្លៃ​ល្មើស​ចរាចរណ៍​ ដោយ​មិន​ចាប់អារម្មណ៍​ ហើយ​ប្រញាប់​ផង​ ក៏​ជឿ​មិន​បាន​គិត​ ហើយ​ក៏​បាន​ផ្តល់​លុយ​នោះ​ទៅ​ឲ្យ​ជន​ស៊ី​វិល​ដែល​បន្លំ​ខ្លួន​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​បាន​អញ្ជើញ​ប្រធាន​គោលដៅ​ មន្ត្រី​ទាំងអស់​នៅ​គោលដៅ​កួច​កាណុង​ និង​អ្នកបើកបរ​មក​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ព្រមទាំង​បាន​អញ្ជើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចុះ​ទៅ​សួរនាំ​ និង​ឆែក​កា​មេ​រា​ សុវត្ថិភាព​នៅ​ហាង​បញ្ចាំ​យីហោ​ ៥៨៥​ ទទួល​បាន​លទ្ធផល​បញ្ជាក់​របស់​ម្ចាស់​ហាង​បញ្ចាំ​ថា​ ៖​ នៅ​វេលា​ម៉ោង​ប្រហែល​ជិត​ ១១:០០​ នាទី​ ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២​ មាន​ជន​ស៊ី​វិល​ ចំនួន​ ០២​នាក់​ បាន​ជិះ​ម៉ូតូ​ម៉ាក​ PCX​ មិន​ចាំ​ផ្លា​ក​លេខ​ យក​ទូរ​ស័ព្ទ​មក​ដាក់បញ្ចាំ​នៅ​ហាង​របស់​គាត់​ពិតប្រាកដ​មែន​ ប៉ុន្តែ​គាត់​បាន​បដិសេធ​ថា​ ជន​ទាំង​ ០២​នាក់​ខាងលើ​ គឺ​មិនមែន​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​នោះ​ទេ​ ។​

​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ កំពុង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​ខាងលើ​ ដែល​មិនមែន​ជា​សមត្ថកិច្ច​ ដើម្បី​យក​មក​សួរនាំ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ តើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី​នគរបាល​ ចរាចរណ៍​ណា​ម្នាក់​នៅ​គោលដៅ​ខាងលើ​ដែរ​ឬ​អត់​?​ ដើម្បី​រក​ការ​ពិត​ និង​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​ជាមួយ​នោះ​ដែរ​ ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ប្រើប្រាស់​កាយវិការ​ និង​ពាក្យ​សំដី​ឲ្យ​បាន​សមរម្យ​ ជាមួយ​ប្រជាពលរដ្ឋ​ ទោះជា​កំពុង​រវល់​ ឬ​ហត់នឿយ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​យ៉ាងណា​ក៏​ដោយ​ ។​

​ម្យ៉ាងវិញទៀត​ ត្រូវ​អនុវត្ត​ការងារ​ប្រកបដោយ​សីលធម៌​ និង​ណែនាំ​អប់រំ​បន្ថែម​អំពី​ច្បាប់​ចរាចរណ៍​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា​ ដើម្បី​ការពារ​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​ របស់​ប្រជាពលរដ្ឋ​ ។

គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។

ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។

រឿងរ៉ាវនេះបានបន្សល់នូវការងឿងឆ្ងល់យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Facebook ដោយប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវការហួសចិត្ត និងមិននឹកស្មានថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលគួចកាណុងម៉ឺងម៉ាត់ដល់ថ្នាក់នេះ រហូតនាំអ្នកដែលត្រូវផាកពិន័យ ដើម្បីបញ្ចាំទូរស័ព្ទ ហើយយកលុយមកបង់ប្រាក់ពិន័យដែលមិនបានពាក់គន្លឹះមួកសុវត្ថិភាព។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែអបរំ និងណែនាំជាប្រចាំឲ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ដោយមានភាពម៉ឺងម៉ាត់ តែទន់ភ្លន់ជាមួយប្រជាជន ដោយភ្ជាប់ជាមួយការអប់រំណែនាំផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×