Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ឆ្នាំ​២០១៨ ជក់បារី​បណ្តាលឲ្យ​កើត​ជំងឺ​បេះដូង​សរសៃឈាម​

​ភ្នំពេញ ​៖ ជំងឺ​បេះដូង​សរសៃឈាម​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ បាន​សម្លាប់​មនុស្ស 2​លាន​នាក់ ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២០ ចំនួន​នេះ​នឹង​ឡើង​៣​លាន​នាក់​។ ជា​សរុប​ថ្នាំជក់​សម្លាប់​មនុស្ស​៧​លាន​នាក់​លើ​ពិភព ចំពោះ​កម្ពុជា​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ផងដែរ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​អង្កការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​វេជ្ជបណ្ឌិត លឹម ស៊ី​វុតថា ឯកទេស​ជំងឺ​បេះដូង​សរសៃឈាម នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឲ្យដឹងថា ការជក់បារី​បង្ក​ឲ្យ​កក​ដុំ​កំណកខ្លាញ់ លើ​ផ្ទៃ​នៃ​សរសៃឈាម ដែល​បង្ក​ឲ្យ​ស្ទះ​សរសៃឈាម​បេះដូង ទៅ​ថ្ងៃក្រោយ លើសពីនេះ​ទៀត វា​ធ្វើឲ្យ​កំណ​ក​ឈាម​នៅ​ក្នុង​សរសៃឈា​ម ងាយ​កើតឡើង ដែល​បណ្តាល​ឲ្យ​ស្ទះ​សរសៃឈាម​បេះដូង ក៏ដូចជា​ស្ទះ​សរសៃឈាម​ខួរក្បាល និង​សរសៃឈាម​ផ្សេងៗ​ទៀត​។​

នៅ​ឆ្នាំ​២០២០ រៀង​រាល់​អ្នកស្លាប់​១០​នាក់ ដោយសារ​ជំងឺ​ដែល​ទា​ក់ទង់​នឹង​ថ្នាំជក់ មាន​៧​នាក់ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ តួ​យ៉ាង​ដូច​ប្រទេស​កម្ពុជា​ជាដើម​។ ធនាគារពិភពលោក បានឲ្យដឹងថា ក្នុង​មួយ​ឆ្នាំៗ ពិភពលោក​ចំណាយ​ថវិកា​២០០​ពាន់​លាន​ដុល្លារ ទៅ​លើ​ការព្យាបាល​ជំងឺ ដែល​បណ្តាល​មក​ពី​ថ្នាំជក់ ហើយ​៥០​ភាគរយ នៃ​ចំណាយ​នេះ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

វេជ្ជបណ្ឌិត លឹម ស៊ី​វុតថា បន្ថែមទៀតថា អ្នកជំងឺ​បេះដូង​សរសៃឈាម ប្រឈមមុខ​នឹង​ការព្យាបាល​មួយជីវិត​។ អ្នកជំងឺ​បេះដូង​សរសៃឈាម ដែល​រួចផុត​ពី​ការបាត់បង់​ជីវិត គឺ​មិន​អាច​បំពេញ​ការងារ ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ បានទេ ព្រមទាំង​ត្រូវ​ចំណាយ​ថវិកា​ព្យាបាល​ជំងឺ​នេះ ពេញ​មួយ​ជីវិត​ផងដែរ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​។​

លោក នូ ផល អ្នកជំងឺ​បេះដូង​សរសៃឈាម ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឲ្យដឹងថា គាត់​ជក់បារី​រយៈពេល​២០​ឆ្នាំ​ហើយ ហើយ​ឥឡូវ​គាត់​មាន​អការៈញ័​រហត់ ពេញ​ខ្លួន ស្ទើរ​ទ្រាំ​មិនបាន​។​

ដូចនេះ​ដើម្បី​បន្ថយ​ចំនួន​អ្នកស្លាប់ និង​ពិការ ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ថ្នាំជក់​នេះ គឺ​ការអនុវត្ត​ច្បាប់ ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវធ្វើ​ឲ្យបាន​ម៉ត់ច​ត់​បំផុត​ដូចជា​៖ ការបោះពុម្ព​សារ​ព្រមាន​សុខភាព ជា​រូបភាព និង​ជា​ភាសា​ខ្មែរ នៅលើ​កញ្ចប់​បារី ការហាមឃាត់​ការជក់បារី នៅក្នុង​អគារ នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ កា​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ និង​ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

  

×