ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទជនជាតិចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចក្បែររង្វង់មូលសម្តេច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ ។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ អ៊ូ ជាំងអ៊ូ ( WU ZHANGWU ) ភេទប្រុស កើតឆ្នាំ ១៩៩២ ជនជាតិចិន ។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ អ៊ូ ជាំងអ៊ូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែ សីហា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់គុក កំណត់ ២៧ ឆ្នាំ ពិន័យ ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ ពីបទ : ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ១០០០០ ក្រាម ជាង ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២ ខាងមុខ នេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
