ភ្នំពេញ ៖ ប្រជាពលរដ្ឋរាប់សិបម៉ឺនគ្រួសារ ដែលចាកចេញពីរាជធានីភ្នំពេញ ទៅសម្រាកជួបជុំសាច់ញាតិក្រុមគ្រួសារ និងខ្លះទៅលំហែកាយនៅតាមបណ្ដាខេត្តនានាក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ លុះពេលដល់ថ្ងៃបិទបញ្ចប់ ក៏នាំគ្នាសម្រុកធ្វើដំណើរចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីត្រៀមចូលធ្វើការ ឬប្រកបអាជីវកម្មរបស់ពួកគាត់ឡើងវិញ បណ្ដាលឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ចាប់តាំងពីរសៀល រហូតដល់យប់ នៅលើដងផ្លូវសំខាន់ៗជាច្រើន។
ផ្លូវដែលកកស្ទះចរាចរណ៍ រួមមាន ៖
១- ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កកស្ទះ និងបិទផ្លូវត្រង់ចំណុចច្រកស្រែអំបិល និងច្រកត្រែងត្រយឹង ដោយខ្វះការរៀបចំស្ដាប់ធ្នាប់ ចាប់ពីវេលាម៉ោង ៣រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ (យកឡានទឹកមកដាក់បាំងផ្លូវ),
២- ផ្លូវជាតិលេខ៦អា កកស្ទះចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ផ្លូវបំបែកទៅស្ពានលីយ៉ុងផាត់ (ស្ពានព្រែកព្នៅ) និងបន្តកកស្ទះរហូតដល់ប្រជុំជនភ្នំពេញ,
៣- ផ្លូវជាតិលេខ៥ កកស្ទះចាប់ពីម្ដុំយឿត្រីព្រែកព្នៅ រហូតដល់ក្រោមស្ពានព្រែកព្នៅ និងបន្តកកស្ទះរហូតដល់ប្រជុំជនភ្នំពេញ,
៤- ផ្លូវជាតិលេខ៧ កកស្ទះនៅចំណុចមាត់ឃ្មង់ ខេត្តត្បូងឃ្មុំ រហូតដល់ត្រើយចូលមកទឹកដីខេត្តកំពង់ចាម,
៥- ផ្លូវជាតិលេខ៦ កកស្ទះនៅម្ដុំស្រុកស្ទោង ខេត្ដកំពង់ធំ (កត្តារួមផ្សំដោយសារទឹកជំនន់ហូរកាត់ផ្លូវជាតិ),
៦- ផ្លូវជាតិលេខ១ កកស្ទះខ្លាំងនៅម្ដុំស្ពានអ្នកលឿង និងបន្តរហូតដល់ម្ដុំបុរីប៉េងហួតបឹងស្នោ ប្រជុំជនភ្នំពេញ,
៧- ផ្លូវជាតិលេខ៣ កកស្ទះនៅម្ដុំផ្សារត្រាំខ្នារ រហូតដល់ប្រជុំជនភ្នំពេញ,
ការស្ទះចរាចរណ៍នេះ ត្រូវបានអង្កេតមើលឃើញថា ផ្ដើមចេញពីការបើកបររុករុល ស៊កសៀតយានយន្ត មិនមានស្មារតីទទួលខុសត្រូវលើការគោរពផ្លូវច្បាប់ចរាចរណ៍ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ប៉ុន្តែ ទោះជាយ៉ាងណា នៅតាមបណ្ដាផ្លូវដែលកកស្ទះចរាចរណ៍ទាំងនោះ គេឃើញមានវត្តមានរបស់កម្លាំងសមត្ថកិច្ច រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធឈរសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរយ៉ាងសកម្មផងដែរ, និងចំណុចមួយទៀត បងប្អូនប្រជាពលរដ្ឋសម្រុកចូលមករាជធានីភ្នំពេញ ចំពេលវេលាម៉ោង និងថ្ងៃតែមួយ។
សមត្ថកិច្ចដែលសម្រួលចរាចរណ៍ហត់នឿយ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកបញ្ជាយានយន្ដផ្សេងៗ ត្រូវមានស្មារតីអត់ធ្មត់ យោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គោរពសណ្ដាប់ធ្នាប់ចរាចរណ៍ និងច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវការកកស្ទះ បើទោះបីជាមធ្យោបាយធ្វើដំណើរតាមដងផ្លូវច្រើនយ៉ាងណាក្ដី ក៏វាមិនដល់ថ្នាក់កកស្ទះបែបនេះដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















