Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ទី បូរ៉ាស៊ី ៖ សភាកម្ពុជា និងបណ្តាសភាជាច្រើននៅក្នុងពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនៃសមភាពពេញលេញរវាងស្ត្រី និងបុរស

ភ្នំពេញៈ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធាននៃក្រុមសភាជាតិប្រើភាសាបារាំង និងជាប្រធានបណ្តាញស្ត្រី នៃសភាជាតិកម្ពុជាប្រើភាសាបារាំង បានបញ្ជាក់ថា សភាកម្ពុជាក៏ដូចជាបណ្តាសភាជាច្រើននៅក្នុងពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសារៈសំខាន់ នៃសមភាពពេញលេញរវាងស្ត្រី និងបុរស។ ហើយក្រុមសភាជាតិកម្ពុជាក្នុងក្របខណ្ឌសភាប្រើភាសាបារាំង (APF) បានជ្រើសរើសយកប្រធានបទសិក្ខាសាលាទី១ ដើម្បីអបអរខួបលើកទី២០ នៃការបង្កើតបណ្តាញស្ត្រីសភាប្រើភាសាបារាំងសម្រាប់ឆ្នាំ២០២២។ ការបញ្ជាក់នេះ នៅក្នុងសិក្ខាសាលាក្នុងក្របខណ្ឌសភាប្រើភាសាបារាំងស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្រ្តនៃការចរចារប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចសភា នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវ ទី បូរ៉ាស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា “សភារបស់យើង ក៏ដូចជាបណ្តាសភាជាច្រើននៅក្នុងពិភពលោក គឺយកចិត្តទុកដាក់យ៉ាងខ្លាំង អំពី សារៈសំខាន់នៃសមភាពពេញលេញរវាងស្រ្តី និងបុរស ហើយក្រុមសភាជាតិកម្ពុជា-APF បានជ្រើសរើស យកប្រធានបទសិក្ខាសាលាទី ១ ដើម្បីអបអរខួបលើកទី ២០ នៃការបង្កើតបណ្តាញស្ត្រីសភាប្រើភាសា បារាំងសម្រាប់ឆ្នាំ២០២២។ បញ្ហាសមភាពរវាងស្ត្រី និងបុរស បានចារឹកនៅក្នុងអនុសញ្ញាឆ្នាំ១៩៧៩ ស្ដីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើងចំពោះស្រ្តី ដែលអនុម័តយល់ព្រមដោយប្រទេសហត្ថលេខី ក្នុងនោះក៏មាន ប្រទេសកម្ពុជា ជាសមាជិកផងដែរ”។

លោកជំទាវបានបន្តថា ប្រធានបទនៃសិក្ខាសាលានេះស្របទៅនឹងមូលដ្ឋានគ្រឹះគោលដៅទី៥គនៃគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៥-២០៣០។ គោលដៅ នេះមានបំណងលើកកម្ពស់សមភាពយេនឌ័រ និងស្វ័យភាពសេដ្ឋកិច្ចចំពោះស្រ្តី និងយុវតីគ្រប់រូប។

លោកជំទាវ ទី បូរ៉ាស៊ី បានសង្កត់ធ្ងន់ថា “ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គម។ នេះជាមូលហេតុ ដែលសភាកម្ពុជាបានខិតខំ ប្រឹងប្រែងអនុវត្តគោលដៅទាំងនេះក្នុងការធ្វើច្បាប់ និងអនុម័តច្បាប់នានាជាច្រើនដែលពាក់ព័ន្ធនឹង សមភាពរវាងបុរស និងស្រ្តី ក៏ដូចជាការការពារស្រ្តីនៅក្នុងមជ្ឈដ្ឋានការងារវិស័យឯកជន និងវិស័យ សាធារណៈ។ ចំណែករាជរដ្ឋាភិបាលកម្ពុជាវិញ បានធ្វើការប្តេជ្ញាចិត្តដើម្បីធានាសន្តិសុខស្បៀង និងអារ ហារូបត្ថម្ភឱ្យមានកំណើនសេដ្ឋកិច្ច និងសំដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ធ្វើឱ្យប្រសើរឡើងវិញនូវសម ធម៌រវាងបុរស និងស្ត្រី សម្រាប់លើកកម្ពស់ធនធានមនុស្សស្របទៅតាមដំណាក់កាលទី៤នៃយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាល”។
លោកជំទាវបានបន្តថា ចំពោះប្រធានបទទី២ ជាប្រធានបទពាក់ព័ន្ធនឹងវិស័យការទូតអំពីរបៀបទទួលយកនូវការខ្វែង គំនិតគ្នា និងជម្រុញការប្រជុំឱ្យមានកិច្ចដំណើរការទៅមុខលើចំណុចផ្សេងៗដែលជាផលប្រយោជន៍រួម និង/ឬ ករណីបន្ទាន់។ ប្រធានបទដែលនាំឱ្យមានការជួបជុំគ្នាថ្ងៃនេះ មានសារៈសំខាន់ណាស់ ៖ ប្រធានបទទាំងពីរ ដែលលើកយកមកពិភាក្សា គឺជាកិច្ចការស្នូលនៃការងារសភា និងជាគុណតម្លៃដែលត្រូវបានការពារដោយសភា ប្រើភាបារាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ យើងធ្វើការផ្លាស់ប្ដូរ និងពិភាក្សាគ្នាទៅវិញទៅមកអំពីការអនុវត្តផ្សេងៗនៅក្នុងសភាប្រើភាសាបារាំងដោយផ្ទាល់ មិនមែនតាមប្រព័ន្ធនិម្មិតនោះទេ។ លើសពីនេះទៀតប្រធានបទតូចៗទាំងនេះលវាគ្មិនជាតិ និងអន្តរជាតិ បានជ្រើសរើស និងរៀបចំឡើងយ៉ាងហ្មត់ចត់។
ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានថ្លែងថា ការរៀបចំសិក្ខាសាលានេះ គឺដំណាងឲ្យឆន្ទៈ នៅការសហការជាមួយសភាប្រើភាសាបារាំង (APF) ជាពិសេសគឺការចែករំលែកចំណេះដឹងល្អៗ បើទោះបីបច្ចុប្បន្ននេះកំពុងជួបប្រទះបញ្ហាសង្រ្គាម បញ្ហាអាកាសធាតុ ហើយជាពិសេសគឺគ្រោះថ្នាក់ដោយសារជំងឺកូវិដ១៩ ហើយជំងឺផ្សេងៗទៀតដែលកំពុងបំផ្លាញជីវិតរបស់ប្រជាជននៅលើពិភពលោក។

អគ្គលេខាធិការរដ្ឋសភាបានស្វាគមន៍ទៅកាន់ភ្ញៀវកិត្តិយសរបស់សភាប្រើភាសាបារាំង APF និងសភា នៃប្រទេសជាមិត្ត និងភ្ញៀវកិត្តិយសទាំងអស់ ដែលមកចូលរួមបទពិសោធន៍ ចំណេះដឹងល្អៗ ដើម្បីឲ្យសភាកម្ពូជាយើងអាចក្រេបយកចំណេះដឹង ហើយអាចដាក់ទាំងអស់នេះ នៅក្នុងបរិបទសភាកម្ពុជា។

សូមជម្រាបថា ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំសិក្ខាសាលា ក្នុងក្របខណ្ឌសភាប្រើភាសាបារាំង (APF) ស្តីពីស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្រ្តនៃការចរចារប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា ដោយការអញ្ជើញចូលរួមពីសមាជិក សមាជិកាសភាប្រើភាសាបារាំង៕ ដោយៈ ចេស្តារ

×