ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មានវេទិកាសុខភាព ដើម្បីបង្ហាញអំពីគោលបំណង និងប្រធានបទសំខាន់ៗនៃវេទិកា ដែលផ្តោតលើការគ្រប់គ្រងសុខាភិបាលឌីជីថល និងការផ្តល់យោបល់គោលនយោបាយថ្មីៗ សម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននេះ សភាពាណិជ្ជកម្មអឺរ៉ុបបានអំពាវនាវឱ្យមានគោលនយោបាយថ្មីៗ ដើម្បីអនុញ្ញាតឱ្យមានការព្យាបាលតាមទូរស័ព្ទ វេជ្ជបញ្ជាអេឡិចត្រូនិក និងឌីជីថល។
ការណែនាំនេះត្រូវបានធ្វើឡើងមុនវេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ EuroCham ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា នៅរាជធានីភ្នំពេញ។
វេទិកានេះមានគោលបំណងប្រមូលផ្តុំអ្នកតំណាងមកពីក្រសួង ក្រុមហ៊ុនធានារ៉ាប់រង មន្ទីរពេទ្យ និងឧស្សាកម្មនវានុវត្ដន៍ ដើម្បីស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាថែទាំសុខភាព និងភាពងាយស្រួលនៅទូទាំងប្រទេស។
លោក Martin Brisson អនុប្រធានប្រតិបត្តិរបស់ EuroCham បានលើកឡើងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាទីផ្សារក្នុងការតាំងបច្ចេកវិទ្យានោះទេ ប៉ុន្តែជាវេទិកាសហការគ្នាមួយ ដែលរួមបញ្ចូលមន្ត្រីរាជរដ្ឋាភិបាល អ្នកវិនិយោគ អ្នកច្នៃប្រឌិត និងអ្នកជំនាញសុខាភិបាល ដើម្បីជួយអភិវឌ្ឍប្រព័ន្ធសុខាភិបាលទំនើប និងមានភាពរឹងមាំជាងមុនសម្រាប់ប្រទេសកម្ពុជា។ លោកបានបន្តថា នេះជាការបើកផ្លូវសម្រាប់ប្រព័ន្ធសុខាភិបាលឌីជីថលដែលមានសុវត្ថិភាព និងទំនុកចិត្តមួយ។
ដោយឡែក លោកវេជ្ជបណ្ឌិត Elias Engelking ប្រធានរងគណៈកម្មាធិការសុខាភិបាលរបស់ EuroCham បានបញ្ជាក់ថា កម្ពុជាកំពុងឈរនៅចំណុចសំខាន់មួយ ក្នុងការផ្លាស់ប្តូរពីប្រទេសអាស្រ័យលើជំនួយ ទៅជាប្រទេសជំរុញដោយការវិនិយោគ។ លោកបានផ្តល់យោបល់សំខាន់ៗ ៣ចំណុចរួមមាន៖
១៖ បង្កើត គណៈកម្មាធិការជាតិសុខភាពឌីជីថល (NDHCC) ដើម្បីសម្របសម្រួលការងាររដ្ឋ និងវិស័យឯកជន។
២៖ បង្កើត សម្ព័ន្ធឧស្សាហកម្ម និងបច្ចេកវិទ្យាសុខភាពកម្ពុជា (CHITA) ដើម្បីជំរុញការច្នៃប្រឌិត។
៣៖ បង្កើត គ្រឿងបន្លាស់បច្ចេកវិទ្យារួម ដើម្បីធានាបាននូវប្រព័ន្ធទិន្នន័យសុខភាពដែលមានសុវត្ថិភាព និងអាចប្រើប្រាស់រួមគ្នាបាន។
អ្នកស្រី សរ សំណាងវឌ្ឍនា សហប្រធានគណៈកម្មាធិការថែទាំសុខភាពរបស់សភាពាណិជ្ជអឺរ៉ុប ដែលតំណាងឱ្យអ្នកអនុវត្ត បាននិយាយថា នវានុវត្តន៍សុខភាពឌីជីថលផ្តល់នូវដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមរបស់សហគមន៍ជនបទប្រឈមមុខ ប្រសិនបើត្រូវបានគាំទ្រដោយបទប្បញ្ញត្តិដែលបានធ្វើបច្ចុប្បន្នភាព និងអភិបាលកិច្ចផ្អែកលើទំនុកចិត្ត។
ជាមួយគ្នានេះ អ្នកស្រី បានណែនាំអំពី White Paper 2025 ដែលមានចំណងជើងថា «Governing Digital Health Platforms in Cambodia» ដែលផ្តោតលើ ការវិភាគច្បាប់ និងគោលនយោបាយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថលឲ្យមានសុវត្ថិភាព មានទំនុកចិត្ត និងឆ្លុះបញ្ចាំងតាមតម្រូវការបច្ចុប្បន្ន។
តាមរយៈសន្និសីទនេះ EuroCham បានបង្ហាញផែនការផ្សព្វផ្សាយ White Paper 2025 និងប្រកាសអំពី ព្រឹត្តិការណ៍ Healthcare Forum និង Innovation Exhibition 2025 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ SUN & MOON Riverside រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អាជីវករអន្តរជាតិ និងអ្នកជំនាញវិស័យសុខាភិបាល ដើម្បីពិភាក្សាអំពី តួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងការកែលម្អប្រព័ន្ធសុខាភិបាលកម្ពុជា។
វេទិកាថែទាំសុខភាព EuroCham នឹងស្វែងយល់បន្ថែមអំពីបញ្ហាទាំងនេះតាមរយៈការពិភាក្សាគោលនយោបាយ ការបង្ហាញបច្ចេកវិទ្យាផ្ទាល់ និងការបង្កើតបណ្តាញទំនាក់ទំនងរវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំឧស្សាហកម្ម។
ដោយមានការគាំទ្រពី GIZ និង T-Systems ព្រឹត្តិការណ៍នេះគូសបញ្ជាក់ពីគោលដៅរបស់ EuroCham ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសុខភាពឌីជីថលដែលមានការរួមបញ្ចូល ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការច្នៃប្រឌិត និងមានសុវត្ថិភាព ដែលរួមចំណែកដល់ការគ្របដណ្តប់សុខភាពជាសកល៕ រក្សាសិទ្ធដោយ៖សុទ្ធលី





