ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកTOYOTAHILUX ពាក់ស្លាកលេខនគរបាល ដោយមិនប្រយ័ត្នក៏រេចង្កូតជ្រុលឡើងខឿនទៅបុ.កនឹងបង្កាន់ដៃស្ពានព្រះមុន្នីវង្សចាស់ពេញទំហឹ.ង បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលម៉ោង៨យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ ឲ្យដឹងថា មុនកើតហេតុ គេសង្កេតឃើញរថយន្តបង្ក ម៉ាTOYOTA HILUXមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 2-7070 បើកបរដោយបុរសជាមន្ត្រីនគរបាលម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះសំដៅឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ខាងលើ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែ រថយន្តក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុល បើកឡើងខឿនទៅបុកនិងបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលរថយន្តគៀបជាប់នឹងបង្កាន់ដៃទៅមុខលែងរួច ហើយបង្កាន់ដៃស្ពានចំនួន២ផ្ទាំងត្រូវបា.ក់ រងការខូចខាត ។
ភ្លាមៗបុរសជាម្ចាស់រថយន្តបានបើកទ្វាររថយន្តចេញក្រៅ នឹងបានចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យ ។ តាមប្រភពពីសាក្សីដដែលឲ្យដឹងថា ផ្អែកតាមអាការៈខាងក្រៅរបស់បុរសជាម្ចាស់រថយន្ត គឺមានអាការៈហាក់ស្រវឹង ព្រោះគាត់ដើរលែងត្រង់ផ្លូវ ។
យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ នឹងបានសហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ រក្សាសិទ្ធិដោយ ៖ សា មេត







