Saturday, December 3, 2022

រថយន្តដឹកជ្រូករាប់សិបក្បាល បើកគេចម៉ូតូមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ

spot_img

កំពង់ចាម៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកជ្រូករាប់សិបក្បាលបានក្រឡាប់ផ្ងារជើងទ្រមេឃ បន្ទាប់ពីគេចម៉ូតូមួយគ្រឿង រួចក៏ជ្រុលធ្លាក់ក្រោមផ្លូវតែម្ដង បណ្ដាលឲ្យជ្រូកជាច្រើនក្បាលងាប់និងរងរបួសកាលពីវេលាម៉ោងប្រមាណជា ១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦១ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3F-1782 ក្បាលពណ៌ស មានទ្រុងដឹកជ្រូកជាច្រើនបានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតតាមបណ្ដោយផ្លូវជាតិលេខ ៦១។ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តដឹកជ្រូកនោះ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបរក្នុងល្បឿនលឿន ហើយក៏បានជ្រុលចង្កូតទៅបុកដើមឈើធ្លាក់ផ្លូវ ហើយក្រឡាប់ផ្ងារជើងបែបនេះតែម្ដង តែសំណាងល្អមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតក្នុងហេតុការណ៍នេះឡើយ។
បើតាមសម្តីយុវជនម្នាក់ដែលរួមដំណើរក្នុងរថយន្តនោះបានប្រាប់ថា រូបគេធ្វើដំណើរទាំងអស់មានគ្នា ៣នាក់ ក្នុងគោលបំណងចេញពីខេត្តកំពង់ធំឆ្ពោះទៅខេត្តកំពង់ស្ពឺ ដើម្បីទៅដឹកសត្វជ្រូកទាំងនោះត្រឡប់មកខេត្តកំពង់ធំវិញ ហើយជ្រូកទាំងនោះសរុបមានចំនួន ៩៣ក្បាល ស្រាប់តែមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យមើលនៅជុំវិញទីតាំងកន្លែងកើតហេតុ ដោយរថយន្តដឹកជ្រូកខាងលើនេះ បង្កគ្រោះថ្នាក់ដោយខ្លួនឯងមិនមានប៉ះពាល់ដល់អ្នកធ្វើដំណើរណាមួយនោះឡើយ ទើបសមត្ថកិច្ចមូលដ្ឋានឲ្យម្ចាស់រថយន្ត ទាក់ទងហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯងឡើងវិញ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន