Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋលើកឡើងអំពីគុណបំណាច់សម្បទានដ៏ធំធេងរបស់ សម្ដេចតេជោហ៊ុន សែន នៅតំបន់អភិវឌ្ឍន៍រុនតាឯក ជាកេរជីវិតមិនអាចបំភ្លេចបាន

spot_img

សៀមរាប ៖ តាមការស្ទាបស្ទង់មតិរបស់មជ្ឈមណ្ឌលព័ត៌មាន CEN នៅតំបន់រុនតាឯក រកឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ ពេញចិត្ត និងគាំទ្រចំពោះការផ្ដល់សម្បទានដ៏ធំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចប្រគល់ប័ណ្ណសមធម៌ក្រីក្រប្រភេទ១ ជូនដល់ពួកគេដែលផ្លាស់ប្ដូរទីលំនៅទៅកាន់ទីតាំងថ្មីនៅតំបន់ធម្មជាតិ ភូមិរុនតាឯក ពោលគឺ គិតចាប់តាំងពីអ្នកទៅមុន អ្នកទៅពេលនេះ និងអ្នកបម្រុងទៅជាបន្តបន្ទាប់ទៀត គឺផ្ដល់ប័ណ្ណសមធម៌ក្រីក្រកម្រិត១ទាំងអស់គ្នា ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំណង់ផ្សេងៗ ដោយចាត់ទុកថា ជាគុណបំណាច់កេរជីវិតមិនអាចបំភ្លេចបាន។

ការពេញចិត្តរបស់ប្រជាពលរដ្ឋនេះធ្វើឡើងក្រោយការស្ទាបស្ទង់បន្ទាប់ពីការជួបជុំសំណេះសំណាលរបស់ សម្ដេចតេជោ ហ៊ុន សែន ជាមួយពួកគាត់ ចំនួន ២,៧៥១គ្រួសារ ជាថ្មីម្ដងទៀត កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដែលនេះជាការជួបជុំប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅថ្មី នៅភូមិរុនតាឯក ស្ថិតក្នុង ស្រុកបន្ទាយស្រី មានចម្ងាយប្រមាណជា ២៤គីឡូម៉ែត្រ ពីក្រុងសៀមរាប ខេត្តសៀមរាប។

ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានបង្ហាញទស្សនៈយល់ឃើញថា ការផ្ដល់សម្បទានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដូចជា ការផ្ដល់ក្បាលដីជាកម្មសិទ្ធិស្របច្បាប់ ទំហំ ២០ គុណ ៣០ម៉ែត្រ, ការផ្ដល់ប័ណ្ណសមធម៌ក្រីក្រប្រភេទ១ , ការផ្ដល់ស្បៀងអាហារ ថវិកា និងគ្រឿងសំណង់ផ្សេងៗ ដូចជា ស័ង្កសី ជាដើម, និងការកសាងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុង រួមមាន ផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែងក្នុងក្រុង ដែលគិតជាប្រវែង ប្រហាក់ប្រហែល ១៤០ គីឡូម៉ែត្រ, សាង់សង់មណ្ឌលសុខភាព សាលារៀន អគារស្នាក់ការភូមិ និងអគាររដ្ឋបាលផ្សេងៗ គឺពិតជាបង្ហាញពីការគាំពារប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតៗ ដែលធ្វើឲ្យពួកគេមានក្ដីរំភើបចំពោះសម្បទានដ៏ធំធេង សម្រាប់កេរជីវិតបែបនេះ ហើយពួកគាត់នឹងមិនបំភ្លេចគុណបំណាច់នេះឡើយ។

ប្រជាពលរដ្ឋភាគច្រើនលើសលប់ដដែលនេះ និយាយទៀតថា កាលពីមិនទាន់ផ្លាស់ប្ដូរទីលំនៅ ពួកគាត់រស់នៅបៀមជាប់នូវទុក្ខព្រួយ កង្វល់ថា ថ្ងៃណាមួយនឹងត្រូវគេបណ្ដេញចេញជាមិនខាន ដោយហេតុថា ពួកខ្លួនកំពុងរស់នៅមិនស្របច្បាប់លើដីហាមឃាត់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា, តែពេលនេះពួកគាត់ទទួលបានដីជាកម្មសិទ្ធិស្របច្បាប់សម្រាប់តាំងទីលំនៅរស់នៅ តកូន តចៅ ទៅថ្ងៃអនាគត មិនភ័យព្រួយខ្លាចគេដេញត្រឡប់ត្រឡិនជាបន្តទៀត និងជាពិសេស កន្លែងថ្មីនេះ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំណង់ផ្សេងៗ ដែលបញ្ជាក់ថា ការរស់នៅរបស់ពួកគេនេះ មិនកណ្ដោចកណ្ដែង ដាច់ស្រយាល ដូចរស់នៅក្នុងព្រៃនោះឡើយ, ម្យ៉ាងប័ណ្ណសមធម៌ក្រីក្រប្រភេទ១ ជាចំណូលមួយផ្នែកសម្រាប់ទប់លំនឹងជីវភាពរស់នៅរបស់ពួកគាត់។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋគ្រាជួបជុំនោះថា ខ្ញុំត្រូវដោះស្រាយជាកញ្ចប់គោលនយោបាយ ជូនបងប្អូនទាំងអស់ដែលស្ម័គ្រចិត្តរើចេញពីតំបន់ចេញពីតំបន់រស់នៅចាស់ មកនៅតំបន់រុនតាឯក តំបន់ដទៃទៀត ក្រៅពីរមណីយដ្ឋានអង្គរ ដូចជា ការផ្ដល់ប័ណ្ណសមធម៌ក្រីក្រប្រភេទ១ ទាំងអស់គ្នា, ប័ណ្ណក្រីក្រមាន ២ប្រភេទ អ៊ីចឹងកុំឱ្យក្រសួងផែនការចុះទៅវាយតម្លៃថា គ្រួសារណាក្រីក្រប្រភេទ១ ឬក្រីក្រប្រភេទ២ ខ្ញុំសម្រេចចិត្តថ្ងៃនេះ ប្រគល់ជូនបងប្អូនទាំងអស់ ទាំងមុន ទាំងក្រោយ គឺប្រភេទ១ទាំងអស់, បើទោះបីជាពេលវេលានេះ មិនទាន់អាចឱ្យបងប្អូនចេញមកបាន ព្រោះដីមិនទាន់ធ្វើរួច តែបងប្អូនត្រូវចាប់ឆ្នោតទទួលយកពីថ្ងៃទី១ ខែតុលា នេះតទៅ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងក្រុមការងារកងវិស្វកម្មរបស់សម្ដេច ត្រូវរៀបចំថវិកាជូនដល់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ, ទោះជាមានប័ណ្ណក្រីក្រប្រភេទ២ក៏ដោយ ត្រូវប្តូរប័ណ្ណក្រីក្រប្រភេទ១ឱ្យគាត់, ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានប័ណ្ណត្រូវប្រញាប់ធ្វើជូនពួកគាត់ឱ្យបានឆាប់រហ័សបំផុត ដោយមិនចាំបាច់ចុះវាយតម្លៃនោះទេ។ ចំណែកការឈូសឆ្ងាយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពុះចែកក្បាលដី ត្រូវតែធ្វើឲ្យបានលឿនបំផុត តាមអ្វីដែលអាចទៅរួច។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, ហើយត្រូវបានអង្គការនេះ ព្រមានដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកវិញ ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌ ដែលធ្វើឲ្យប៉ះពាល់ដល់ទម្រង់អភិរក្សប្រាសាទអង្គរ និងបរិស្ថាន។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់កាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មាន ១១៤ ភូមិ, ២៤ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ស្មើនឹង ៩៧,៨៥៥ក្បាលដី មានទំហំ ២៩,១៧៤ហិកតា។ ពេលនេះប្រជាពលរដ្ឋ បានយល់ព្រមផ្លាស់ប្ដូរទីលំនៅ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍ ភូមិរុនតាឯកសរុប ប្រហែល ៤០០០គ្រួសារហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×