Thursday, October 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចូលរួមបំរើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។ សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ។ ហេតុនេះ សូមកុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤៥នាទី ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងាររដ្ឋបាលចំហ ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពេលត្រួតពិនិត្យ រថយន្ត Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ (ជនជាតិខ្មែរ, ភេទប្រុស, កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០១) ត្រូវបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់ ។

ឧបករណ៍ និងសម្ភារៈដកហូតបានរួមមាន ៖

  • ទូរស័ព្ទដៃ ៣ គ្រឿង (១. Tecno Spark — ពណ៌ទឹកប្រាក់, ២. Tecno Spark — ពណ៌ប្រផេះ, ៣. Oppo — ពណ៌ខ្មៅ)
  • ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ២ គ្រឿង
  • អង់តែន FAKE BTS ២ គ្រឿង
  • Power supply ៤ គ្រឿង

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមផ្តល់ព័ត៍មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ចំពោះករណីសង្ស័យរថយន្តដឹកឧបករណ៍ទាំងនេះ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×