Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នោះ! មិនដឹងជា​លុយ​ហេ​ង ឬ ជា​លុយ​គ្រោះ វ៉ាង ស្រី​ណូ អាច​ខាតបង់​លើស​ដើម បើ​និយាយ​តាម​ផ្លូវ​ច្បាប់ រឿង​ដក​លុយ​គេ 300$ យក​លេសហេងៗ

បើនិយាយពីពាក្យថា «ការធ្វើបុណ្យ» នោះយើងមិនត្រូវការការតបស្នងអ្វីនោះទេ ពោលគឺចង់បានតែកុសលផលបុណ្យប៉ុណ្ណោះ។ តែដោយឡែក ថ្មីៗនេះ រឿងរ៉ាវរបស់អតីតតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង វ៉ាង ស្រីណូ ដែលបានអួតខ្លួនឯងថាជាអ្នកធ្វើបុណ្យ ធ្វើទាន ប៉ុន្តែ បែរជាមានចិត្តចង់បានរបស់ទ្រព្យអ្នកដទៃដ៏ឥតអៀនខ្មាស ដែលខ្លួន «រើសបាន» តាម ABA (លុយគេច្រឡំបាញ់ចូលកុងចំនួន 14000$) ដោយដក 300$ ទុកយកលេសថាជាលុយហេងៗ ឬ ជាលុយកាត់គ្រោះ បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងរិះគន់កប់ៗតែម្តង។

ពិតណាស់ នៅក្នុងវីដេអូ Live បកស្រាយរឿងពន្យល់ហេតុផលដកលុយគេ 300$ ទុកជាលុយហេងៗ និងក៏ដូចប្រតិកម្មទៅកាន់ម្ចាស់លុយ ដែលទទួលបានលុយវិញត្រឹមចំនួន 13700$ មិនមានពាក្យអរគុណ អតីតតាសម្តែង និងជាអ្នកលក់ផលិតផលកាបូបរូបនេះ បាននិយាយក្តែងៗថា លុយតែបាញ់ចូលកុងគេ វាគឺជារបស់គេហើយ ទោះគេឲ្យវិញ ឬ មិនឲ្យ វាជាសិទ្ធិសម្រេចចិត្តរបស់គេ។

តែទោះជាយ៉ាងណា បើនិយាយពីផ្នែកច្បាប់ នោះអ្នកទទួលរបស់ទ្រព្យគេដោយការភាន់ច្រឡំ ឬរើសបានរបស់អ្នកដទៃដែលជ្រុះបាត់ ពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ ហើយក្នុងករណីរឹងទទឹងមិនសងត្រឡប់ នោះម្ចាស់របស់ អាចមានសិទ្ធិប្តឹងបាន ព្រោះថា នេះជាទង្វើមិនមានចេតនាសុច្ចចរិត និងគ្មានគុណធម៌ជីវិតឡើយ។

នេះបើតាមទំព័រហ្វេសប៊ុកផ្នែកច្បាប់ «មជ្ឈមណ្ឌលនីតិក្រម» បានធ្វើការពន្យល់លម្អិតអំពីករណីនេះឲ្យដឹងច្បាស់ថា៖ តើការកាក់ប្រាក់ ឬបង្កកប្រាក់ អ្នកដែលវេរលុយចូលមកគណនី អ្នកណាមួយ ជាអំពើខុសច្បាប់ដែរឬទេ?

ថ្មីៗនេះ ផ្ទុះព័ត៌មានអំពីអតីតតារាសម្តែងម្នាក់ ដែលមានគេវេរលុយតាម ABA ច្រលំចំនួន១ម៉ឺន៤ពាន់ដុល្លារ។ ហើយគាត់បានវេរលុយទៅវិញ តែផ្អឹបទុកចំនួន៣០០$ ដោយដាក់ចំណាំថា ៣០០$ អាំងប៉ាវ ដើម្បីហេងៗ ទាំងអស់គ្នា។

តើទង្វើរនេះ ខុសច្បាប់ដែរឬទេ?

យើងមកមើលអំពី សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ប្រាក់។

ម្ចាស់ប្រាក់ មានសិទ្ធិស្នើសុំទៅអ្នកដែលខ្លួនវេរទៅច្រលំ ឱ្យវេរត្រលប់មកវិញភ្លាមៗតាមគ្រប់មធ្យោបាយ។ បើម្ចាស់គណនីដែលទទួលបានប្រាក់ច្រលំនោះ មិនសហការ ម្ចាស់ប្រាក់ត្រូវប្តឹងទៅធនាគារឱ្យ បង្កកចំនួនទឹកប្រាក់ដែលបានវេរច្រលំនោះ។

សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់គណនីដែលទទួលប្រាក់ដោយការភ័នច្រលំ។

មាត្រា ៧៣៦- ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ

ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឱ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។

មាត្រា ៧៣៧- ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ដោយគំនិតទុច្ចរិត

១- បុគ្គលដែលបានទទួលផលប្រយោជន៍ ដូចបានកំណត់នៅក្នុងមាត្រា ៧៣៦ (ល័ក្ខខ័ណ្ឌ និងអានុភាពនៃសេចក្តីចម្រើនដោយឥតហេតុ) ខាងលើនេះ ក្នុងករណីដែលបានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬដឹងថាកិច្ចសន្យានោះពុំមានអានុភាព បុគ្គលដែលបានទទួលផលប្រយោជន៍ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែល មាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹងរហូតដល់ពេលសង។

២- បើបុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបានបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ដូចគ្នានឹងបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះដែរ។

៣- បើបុគ្គលដែលត្រូវបានបាត់បង់ផលប្រយោជន៍ ទទួលការខូចខាត ដូចបានកំណត់នៅក្នុងកថាខណ្ឌទី១ និងទី២ខាងលើនេះ បុគ្គលដែលបានទទួលផលប្រយោជន៍ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតនោះ។

អ្នកទទួលផលប្រយោជន៍ ត្រូវសហការវេរប្រាក់ទាំងអស់នោះទៅវិញ ដោយគ្មានលក្ខខណ្ឌ និងគ្មានសិទ្ធិទាមទារសោហ៊ុយ ឬសំណងការខូចខាតអ្វីឡើយ លើកលែងតែការបំពេញកាតព្វកិច្ចនោះ មានការចំណាយលើប្រតិបត្តិការត្រលប់ទៅវិញនោះ ហើយអាចទាមទារបានបើខ្លួនបានចេញសោហ៊ុយចំណាយនោះ។

សម្រាប់ពេលវេលាវេរប្រាក់ត្រលប់ទៅវិញ។ ដោយសារតែការវេរប្រាក់តាម App បច្ចុប្បន្ន វេរបានលឿនរហ័សភ្លាមៗ ដូច្នេះ ពុំចាំបាច់ដល់២៤ម៉ោង ឬ៤៨ម៉ោងឡើយ។ បើខ្លួនបានដឹងហើយ មានពេលវេលាសមរម្យអាចវេរឱ្យម្ចាស់ប្រាក់វិញភ្លាមៗ រិតតែល្អ ដើម្បីបង្ហាញពីចេតនាសុចរិត និងគុណធម៌ជីវិត។

តែបើខ្លួនមានមូលហេតុសមរម្យ អាចពន្យាពេលវេរប្រាក់នោះត្រលប់ទៅវិញបាន ដូចជា ករណីទូរស័ព្ទអស់ប្រាក់ គ្មានសេវាអ៊ីនធឺណែត ឬកំពុងសម្រាកព្យាបាល ឬមូលហេតុផ្សេងទៀតដែលមិនអាចវេរទៅបានភ្លាមៗ ដោយត្រូវជូនដំណឹងទៅម្ចាស់ប្រាក់វិញផង បើអាចធ្វើបាន។

មូលហេតុ នេះជាសេចក្តីចម្រើនឥតហេតុ។ ដូច្នេះបើមានការស្នើសុំទាមទារពីម្ចាស់សិទ្ធិ អ្នកទទួលសេចក្តីចម្រើនឥតហេតុត្រូវប្រគល់វត្ថុ ឬបំពេញកាតព្វកិច្ចត្រលប់ទៅម្ចាស់សិទ្ធិវិញ ដោយមានសិទ្ធិដកសោហ៊ុយចំណាយនោះ។ ព្រោះអ្នកទទួលសេចក្តីចម្រើនឥតហេតុនោះ ពុំមានកាតព្វកិច្ចចេញចំណាយសោហ៊ុយ នោះសម្រាប់ម្ចាស់សិទ្ធិ ដែលបានធ្វេសប្រហែសឡើយ ហើយការខាតបង់នោះជាបន្ទុករបស់សាមីខ្លួនម្ចាស់ប្រាក់។

តែករណីដែលវេរប្រាក់ត្រលប់ទៅម្ចាស់ដើមវិញ ពុំមានការចំណាយអ្វីឡើយ។ ដូច្នេះអ្នកទទួលបានប្រាក់នោះ ពុំអាចទាមទារដកថ្លៃកម្រៃសេវា ឬកាត់គ្រោះអ្វីឡើយ។

ចុះចំនួនទឹកប្រាក់ដែលនៅសល់ចំនួន៣០០$ នោះ តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?

ម្ចាស់ប្រាក់ ត្រូវស្នើសុំទៅធនាគារដើម្បីបង្កក និងធ្វើប្រតិបត្តិការយកប្រាក់នោះត្រលប់មកវិញ ដោយចេញសោហ៊ុយចំណាយជាក់ស្តែង។

បើម្ចាស់ប្រាក់មិនព្រម ត្រូវរាយការណ៍ ឬប្តឹងទៅធនាគារឱ្យធ្វើប្រតិបត្តិការត្រលប់មកវិញ។

ចុះបើប្រាក់នោះ អ្នកទទួលដោយការភ័នច្រលំ បានដកចេញ ឬវេរចេញអស់ ដែលធនាគារ មិនអាចបង្កក ឬដកវិញបាន តើម្ចាស់ប្រាក់ត្រូវធ្វើដូចម្តេច?

ម្ចាស់ប្រាក់ និងអ្នកតំណាងធនាគារនោះ ត្រូវប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ឱ្យអ្នកទទួលដោយច្រលំនោះសងមកវិញ។ យើងអាចលើកយកមូលហេតុនៃការទាមទារប្រាក់មកវិញ តាមរយៈរបស់ដែលបាត់ ឬសេចក្តីចម្រើនឥតហេតុ តាមមាត្រា ៧៣៦ និង ករណីកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិត តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ២០០៧។ ក្នុងករណីនេះ អ្នកទទួលប្រាក់ដោយការភ័នច្រលំ អាចត្រូវសងសំណងនៃការខូចខាត និងសំណងជំងឺចិត្តទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×