Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោងទ្វារតាកាវ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់

សៀមរាប៖ ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ ដំរីទាំង៤ជ្រុងបានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឬសឈើដុះចាក់ចូលរចនាសម្ពន្ធ បណ្តាលឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេស កំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើមដោយអន្លើ ថ្មមួយចំនួនបានជ្រុះធ្លាក់មកក្រោមផង ដែលទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង១០ឆ្នាំ នៅតែមានហានិភ័យខ្ពស់ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឬសឈើដុះឬសជ្រែកហែកកាន់តែធំឡើង ឥឡូវបានវិលត្រឡប់ទៅរកភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពពេញលេញវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយអស់រយៈពេលប្រមាណជិត២ឆ្នាំដើម្បីជួសជុល។

បច្ចុប្បន្ននេះ ខ្លោងទ្វារតាកាវទាំងមូលបានសង្រ្គោះឱ្យរួចផុតពីហានិភ័យផ្សេងៗ ដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីវិស័យឯកជន តាមរយៈលោកជំទាវឧកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍) ធ្វើការជួសជុល ដើម្បីលើកតម្លៃឱ្យខ្លោងទ្វារនេះ នៅឈររឹងមាំ ជាខ្លោងទ្វារការពារក្រុងអង្គរធំ។ កំពូលខ្លោងទ្វារដែលមានព្រះភ័ក្ត្រទាំងបួនទិស ដែលធ្លាប់តែបាត់បង់ផ្នែកខ្លះជាយូរមកហើយ ត្រូវបានជួសជុលទៅតាមលក្ខណៈដើមឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និងផ្នែកផ្សេងៗបានរៀបបញ្ចូលទីតាំងដើមវិញ ធ្វើឱ្យព្រះភ័ក្រ្តញញឹមរស់រវើកឡើងវិញ ហើយរូបដំរីនៅតាមជ្រុងទាំងបួនបានលេចរូបរាងឈរឡើងវិញ ហាក់កំពុងជួយទប់លំនឹងរចនាសម្ពន្ធខ្លោងទ្វារទាំងមូលផង។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ភាគខាងលិចនៃក្រុងអង្គរធំនេះ តាំងតែពីចុងខែកុម្ភ: ឆ្នាំ២០២១ ហើយរហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ៩៧ភាគរយហើយ ដោយនៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ដែលបានជំនួសថ្មចាស់ដែលបាត់បង់ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×