Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យបញ្ចប់នៅត្រឹមខែមករា ឆ្នាំ២០២៣

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួន ដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះ ឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ តាមផែនការដែលបានរំពឹងទុក។

សូមគូសបញ្ជាក់ផងដែរថា៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួល ក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូន តាមផ្លូវទឹកផ្ទៃក្នុងប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិ បានកាន់តែងាយស្រួលផងដែរ។

ភាគីទាំងពីរបានពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្ដូរមតិយោបល់លើទិន្នន័យ និងព័ត៌មានទាក់ទងនឹងការងារបច្ចេកទេសផ្លូវទឹក ការសិក្សា និងការវាយតម្លៃចាំបាច់លើផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យភាគីក្រុមហ៊ុនទាំងពីរយកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនគម្រោងសិក្សានេះឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×