ភ្នំពេញ: លោកជំទាវបណ្ឌិត ដាំ ដារីនីរដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយយោធិននារី នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនោះដែរ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប
ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ជាច្រើនដើម្បីសមភាពយេនឌ័រ សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ និងតួនាទីរបស់ស្ត្រីកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរដោយទទួលស្គាល់ថា “ ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ” និងចាត់ទុកស្ត្រីជាកម្លាំងដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវបណ្ឌិត ដាំ ដារីនី បានកោតសរសើរបញ្ជាការដ្ឋានកងទ័ពជើងអាកាសដែលបានយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យោធិននារីទាំងអស់ ដែលបានអនុវត្តការងារបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ រួមទាំងការលើកកម្ពស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត តួនាទី ឋានៈ ឋានន្តរសក្តិ និងការអភិវឌ្ឍចំណេះដឹង ជំនាញ បច្ចេកទេស និងការកសាងសមត្ថភាពរបស់ស្រ្តី (យោ
ធិននារី) ឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកជំទាវបណ្ឌិតរដ្ឋលេខាធិការបានអបអរសាទរជូនចំពោះសម្តេចអគ្គតេជោ នាយករដ្ឋមន្ត្រីដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី។
សម្តេចតេជោ សែន បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក «មាសសុទ្ធមិនខ្លាចភ្លើង»។
ម្យ៉ាងវិញទៀត ក្នុងនាមយោធិននារីនៃកងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះសម្តី និងចេតនាទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ ក្នុងការប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្តីថ្លែងការណ៍ និងគម្រោងថ្មី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបានញុះញង់ ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការប៉ះបោរ ព្រមទាំងប្រមាថដោយអសីលធម៌ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជាគ្រប់រូប ។ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។
លោកជំទាវសូមអំពាវនាវជូននាយទាហាន នាយទាហានរង ទាំងអស់សូមទៅពិនិត្យឈ្មោះ ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ និងត្រៀមរាល់ឯកសារដើម្បីបម្រើឲ្យការបោះឆ្នោតដែលចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ និងសូមគាំទ្រ បេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៅអាណ្ណត្តិបន្តបន្ទាប់ និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តរវេន នៅពេលអនាគត។ បន្ទាប់ពីសំណេះសំណាល លោកជំទាវបណ្ឌិត និងប្រតិភូអមដំណើរបាន អញ្ជើញទស្សនកិច្ចយន្តហោះប្រភេទ MA60 , MI17 និង Z9 ដោយមានការបង្ហាញពីបច្ចេកទេស ពីក្រុមអាកាសនិកផងដែរ៕ រក្សាសិទ្ធិដោយ:មួង សុវណ្ណារិទ្ធ













