ដូចដែលបានដឹងរួចហើយ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យរដ្ឋមួយដ៏ល្បី ក្នុងការជួយសង្គ្រោះជីវិតកុមារ ហើយអ្វីដែលនឹកគុណបុណ្យមិនភ្លេចនោះ គឺការលះបង់យកចិត្តទុកដាក់របស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិគន្ធបុបា្ផ ដែលបានកសាង និងដំណើរការមន្ទីរពេទ្យនេះ អស់រយៈពេលជាង២០ឆ្នាំ នៅប្រទេសកម្ពុជា។
ប៉ុន្តែ បន្ទាប់ពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានទទួលមរណភាពមក ក៏លេចធ្លាយឪពុកម្តាយជាច្រើន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះបុគ្គលិកពេទ្យមួយចំនួន ដែលពុំត្រឹមតែមិនយកចិត្តទុកពិនិត្យព្យាបាលទេ គឺថែមទាំងប្រើពាក្យសម្តីគំរោះគំរើយ គ្មានគុណធម៌ជាគ្រូពេទ្យសោះឡើយ ពោលគឺមិនដូចកាលដែលលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ នៅមានជីវិតនោះទេ។
ជាក់ស្តែង ថ្មីៗនេះ បុរសជាឪពុកម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Boun Pheara បានបង្ហោះសារដ៏សោកសៅ និងចេញវីដេអូរិះគន់គ្រូពេទ្យនៅទីនោះថា មិនយកចិត្តទុកជួយពិនិត្យព្យាបាលកូនស្រីរបស់គាត់នោះទេ រហូតបាត់បង់ជីវិត ដោយគាត់បានអះអាងថា សំពះអង្វរគ្រូពេទ្យជួសឈាម ក្រែងកើតជំងឺគ្រុនឈាម ប៉ុន្តែ គ្រូពេទ្យមិនអើពើមើលទេ ដោយសារប្រាប់ថា «មិនអីទេ» ហើយគ្រាន់តែឲ្យថ្នាំលេបប៉ុណ្ណោះ។ បុរសជាឪពុកក៏បានប្រាប់ឲ្យដឹងទៀតថា នៅពេលកូនស្រីមានអាការធ្ងន់ធ្ងរ គាត់យកមកឲ្យពេទ្យជួយមើលម្តងទៀត ស្រាប់តែពេទ្យមិនទទួលមើល និងបោះសម្តីថាហួសពេល។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ណា រី ដែលត្រូវជាយាយកុមារីរងគ្រោះ បានរៀបរាប់បញ្ជាក់ទាំងក្តីឈឺចាប់បែបនេះថា «ថ្ងៃទី17 តុលា ខ្ញុំបានយកចៅស្រីខ្ញុំទៅពេទ្យគន្ធបុប្ផា មិនមើលចៅខ្ញុំទេ រហូតដល់ថ្ងៃទី18 តុលា ខ្ញុំបានយកទៅម្ដងទៀត និងលើកដៃសំពះ តែសំដីនិយាយមកកាន់ខ្ញុំថា ហួសពេល…»។
ទោះជាយ៉ាងណា ក្រោយរឿងរ៉ាវនេះបានផ្ទុះឡើង បង្កការរិះគន់យ៉ាងខ្លាំងពីមហាជន ជាពិសេសអាណាព្យាបាលជាច្រើន នៅពេលនេះ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២) ខាងមន្ទីរពេទ្យគន្ធបុប្ផា បានចេញលិខិតបកស្រាយ ពន្យល់ហេតុផលហាក់ផ្ទុយស្រឡះ បង្ហាញពីការយកចិត្តទុកដាក់ខិតខំខ្លាំងណាស់ មិនដូចអ្វីដែលឪពុកក្មេងស្រីរងគ្រោះបានអះអាង ដោយបានបញ្ជាក់យ៉ាងដូច្នេះថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យ និងពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ ២ ឆ្នាំ ៨ ខែ ដែលអាណាព្យាបាល បានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី ១៧ តុលា ២០២២ ម៉ោង ១៤ និង ៣០ នាទី។
ក្រោយការពិនិត្យ គ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះមិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលត្រូវដាក់ឱ្យសម្រាកពេទ្យនោះទេ ដោយគ្រូពេទ្យ បានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន ៣ ថ្ងៃ។ ជាទូទៅ និង ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២០០០ នាក់ ដែល ៨០% នៃកុមារទាំងនោះ ត្រូវបានផ្ដល់ថ្នាំឱ្យចំនួន ៣ ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគសញ្ញាប្រែប្រួល។
មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអះអាងថា ក្នុងករណីកុមារី ខន រ៉ានីកា នេះ អាណាព្យាបាលបាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំ លេប និង ព្យួរសេរ៉ូម (តាមសំដីជីដូន)។ បន្ទាប់មក ជីដូន បាននាំចៅមកមន្ទីរពេទ្យគន្ធបុប្ផាវិញ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨ យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure)។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះ អស់ពីសមត្ថភាព អស់រយៈពេលជាង ៣ ម៉ោង។ ជាអកុសល គ្រូពេទ្យមិនអាចសង្គ្រោះកុមារីនេះបាន ដែលជាការសន្និដ្ឋាន គ្រូពេទ្យអាចយល់ថាការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាមៗមុន ២៤ ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា៖ Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant។
តែទោះជាយ៉ាងណា ទន្ទឹមនឹងការបកស្រាយនេះ អាណាព្យាបាលជាច្រើន ក៏បានស្នើសុំខាងមន្ទីរពេទ្យ ពិនិត្យក្រមសិលធម៌គ្រូពេទ្យមួយចំនួន ពិសេស គ្រូពេទ្យស្រ្តីវ័យចាស់ៗ មេត្តាប្រើសំដីល្អៗមានគុណធម៌ខ្លះផងទៅ។ ហើយបើពួកបើគាត់មិនពេញចិត្តការងារនេះ គួរសុំលាឈប់ទៅ ព្រោះនេះជាការងារដោយបេះដូង ពីការស្រឡាញ់កុមារកម្ពុជា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















