Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ជំរុញការវិនិយោគពីសភាពអ៊ឺរ៉ុបមកកាន់កម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុប ជាទីផ្សារនាំចេញទំនិញធំបំផុតទីពីររបស់កម្ពុជា នាពេលបច្ចុប្បន្ន បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែការវិនិយោគពីបណ្តាប្រទេសមកពីរប្លុកទាំងពីរនេះ សព្វថ្ងៃមានកម្រិតតិចតួចនៅឡើយ។

ដើម្បីជំរុញបន្ថែមឲ្យមានការវិនិយោគពីប្លុកសហភាពអឺរ៉ុប ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានស្នើឲ្យសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា EuroCham បន្តដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគពីសភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ខណៈបច្ចុប្បន្ននៅមានកម្រិតតិចនៅឡើយ ពោលគឺមានប្រមាណ ១ប៊ីលានដុល្លារប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១ ធៀបនឹងការវិនិយោគរបស់សហភាពអ៊ីរ៉ុបនៅក្នុងតំបន់អាស៊ាន ដែលមានទំហំរហូតទៅដល់ជាង ៣០០ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ ២០១៩។

ឯកឧត្តម វង្សី វិស្សុត បានស្នើឡើងដូចនេះ នៅក្នុងកម្មវិធីពិភាក្សាជាមួយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EuroCham) ដើម្បីពិភាក្សាលើកកម្ពស់សហគ្រាសធនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី (Start-Ups) នៅកម្ពុជា ក៏ដូចជា ក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩  និងការជំរុញការវិនិយោគរបស់សហភាពអ៊ឺរ៉ុប មកកាន់កម្ពុជាផងដែរ។

ឯកឧត្តម បានស្នើឱ្យមានភាពផ្សារភ្ជាប់គ្នា និងការបំពេញឱ្យគ្នា រវាងជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ EU ជាមួយនឹងការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតថ្នាលវិនិយោគមួយ ឱ្យក្លាយជាអន្តរការីសម្របសម្រួល ចាប់តាំងពីកិច្ចការសិក្សាសមិទ្ធិលទ្ធភាព រហូតដល់ការប្រឹក្សាយោបល់ដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅទាក់ទាញការវិនិយោគពី EU មកកាន់កម្ពុជាឱ្យកាន់ច្រើន។

ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើដល់ EuroCham ពិចារណាលើការវិនិយោគលើវិស័យមានសក្តានុពលមួយចំនួននៅកម្ពុជាដូចជា៖ វិស័យផលិតកម្ម និងតម្លើងរថយន្ត, វិស័យផលិតកម្មគ្រឿងអេឡិចត្រូនិច, វិស័យកែច្នៃកសិកម្ម និងម្ហូបអាហារ, វិស័យសុខាភិបាល, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ រដ្ឋាភិបាល បានរៀបចំ និងប្រកាសដាក់ ឲ្យអនុវត្តច្បាប់វិនិយោគថ្មី ដែលបានផ្តល់នូវការលើក ទឹកចិត្តពន្ធកាន់តែពិសេស និងទូលំទូលាយ និង បានផ្តល់ការធានា និងការការពារការ វិនិយោគកាន់តែប្រសើរឡើង និងការចូលជាធរមាន នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី ដូចជា RCEP និង FTA រវាងកម្ពុជា-ចិន និងរវាងកម្ពុជា-កូរ៉េខាងត្បូង ព្រមទាំងការអនុម័ត ច្បាប់ភាពជាដៃគូសាធារណៈ និង ឯកជន ដែលនឹងជំរុញ និងគាំទ្រ ដល់ការចូលរួមពី វិស័យឯកជន ដើម្បីអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ៕

×