ម្ចាស់ម្នាក់នៅក្នុងប្រទេសចិន បានគ្រប់គ្រងជួយសង្គ្រោះសត្វឆ្កែចិញ្ចឹម៣ក្បាលរបស់គាត់យ៉ាងសាហាវ ពីចោរធ្វើសកម្មភាពដោយរថយន្តម្នាក់ បន្ទាប់ពីគាត់ជិះរថយន្តដេញតាម និងទីបំផុត កៀរឲ្យរថយន្តចោរនោះក្រឡាប់ផ្ងារជើងនៅលើកណ្តាលដងផ្លូវ និងបន្ទាប់មក ក៏ចុះវាយប្រហារជនសង្ស័យជាមួយកាំបិត ។
សារព័ត៌មាន Daily Mail បានរាយការណ៍ថា ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងកាលពីថ្ងៃចន្ទ ស្ថិតនៅផ្លូវ Shaanwei ក្នុងខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន ។
ប៉ូលីសនិយាយថា រឿងរ៉ាវទាំងអស់បានចាប់ផ្តើមនៅវេលាម៉ោងប្រហែល ៥ ទៀបភ្លឺថ្ងៃចន្ទ ដែលនៅពេលនោះ ម្ចាស់សត្វឆ្កែចិញ្ចឹមពុំស្គាល់អត្តសញ្ញាណម្នាក់ បានកត់សម្គាល់ថា សត្វឆ្កែ៣ក្បាលរបស់គាត់បានបាត់ខ្លួន ។ បន្ទាប់ពីពិនិត្យវីដេអូកាមេរ៉ាឃ្លាំឡើងវិញ គាត់បានដឹងថា សត្វឆ្កែទាំង៣របស់គាត់ ត្រូវបានលួច និងដាក់ចូលទៅក្នុងរថយន្តដឹកទំនិញតូច១គ្រឿងដោយបុរសម្នាក់ ។
ភ្លាមៗនោះ គាត់ក៏បានជូនដំណឹងនេះទៅប៉ូលីស Luhe មុនពេលទាញរថយន្តរបស់គាត់ បើកដេញតាមចោរលួចឆ្កែស៊េរីលំដាប់រថយន្តនោះ ។
កាមេរ៉ាឃ្លាំមើលសន្តិសុខក្នុងតំបន់ បានបង្ហាញឲ្យឃើញម្ចាស់ឆ្កែ បានបើករថយន្តយ៉ាងលឿន និងកៀររថយន្តចោរនោះ បណ្តាលឲ្យក្រឡាប់ផ្ងារជើងកណ្តាលដងផ្លូវតែម្តង ។ គាត់បន្ទាប់មក បានរត់សំដៅរថយន្តជនសង្ស័យខណៈកាន់នៅនឹងដៃរបស់គាត់នូវអ្វីដែលត្រូវបានសន្មត់ថាជាកាំបិត ។
ក្នុងឃ្លីបមួយផ្សេងទៀត បុរសជាម្ចាស់ឆ្កែនោះ បន្ទាប់មកត្រូវបានឃើញចូលទៅវាយប្រហារជនសង្ស័យ ដែលកំពុងជាប់គាំងក្នុងរថយន្តក្រឡាប់របស់ខ្លួន ដែលក៏បានតដៃការពារពីអាយុជីវិតផងដែរ ។
អ្នកចោមរោមមើលនៅជុំវិញកន្លែងកើតហេតុនេះ ភ្លាមៗនោះ បានហៅប៉ូលីសមកអន្តរាគម ។ បន្ទាប់ចាប់ខ្លួន ជនសង្ស័យរូបនេះក្រោយមក ត្រូវបានបញ្ជាក់មានឈ្មោះថា Xie អាយុ ៤៤ ឆ្នាំ មកពីខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន ។
ប៉ូលីសបានរឹបអូសសម្ភារៈជាច្រើនពីក្នុងរថយន្តរបស់ Xie ដែលក្នុងនោះរួមមាន៖ ខ្សែទឹកក, កាំភ្លើងដៃ, butterfly catcher និងញញូរ ដែលរបស់ទាំងអស់នេះត្រូវបានគេជឿថា ប្រើប្រាស់ដើម្បីទាក់ឆ្កែ ។ លើសពីនេះ ស្លាកលេខរថយន្តក្លែងក្លាយចំនួន ៤ ក៏ត្រូវបានរកឃើញផងដែរ ។ Xie ក្រោយមក បានសារភាពពីបទល្មើសរបស់ខ្លួន ហើយឥឡូវនេះ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស ៕ ឧត្តម