ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបានបារាំងប្រចាំកម្ពុជា បានអះអាងថា បារាំងនៅបន្តលើកទឹកចិត្តដល់កម្ពុជាក្នុងការ ទប់ស្កាត់នូវគ្រឿងញៀន ផលិតផលក្លែងក្លាយ។ រដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញស៊ើបអង្កេតគ្រឿង ញៀន និងផលិតផលក្លែងក្លាយខុសច្បាប់ ដល់មន្ត្រីពាក់ព័ន្ធជាពិសេសនគរបាលជាតិកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវករណីផលិតផលក្លែងក្លាយ និងគ្រឿងញៀន។
វគ្គបណ្តុះបណ្តាលដែលធ្វើឡើង២សប្តាហ៍នេះ គឺបានធ្វើឡើង កាលពីចុងសប្តាហ៍ខែឧសភាកន្លងទៅ ហើយបានបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានមន្ត្រីពាក់ព័ន្ធមកពីតាមបណ្តាក្រសួងនានាជិតមួយរយនាក់។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការស៊ើបអង្កេតបទឧក្រិដ្ឋកម្ម មានការចាត់តាំង និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធគ្រឿង ញៀន និង ផលិតផលក្លែងក្លាយខុសច្បាប់ កាលពីថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាល្អខ្លាំងណាស់សម្រាប់មន្ត្រីអនុវត្តន៍កម្ពុជា ហើយក៏បញ្ជាក់អំពីការយកចិត្តទុកដាក់របស់បារាំងក្នុងការជួយទប់ស្កាត់នូវបទឧក្រិដ្ឋទាំងនោះផងដែរ។
លោកបានបន្តថា ចំណេះដឹងផ្នែកបទល្មើសឧក្រិដ្ឋកម្មគ្រឿងញៀន និងផលិតផលក្លែងក្លាយខុសច្បាប់មួយនេះ ដើម្បីស្វែងយល់ពីប្រភព ការផលិត ការលាក់ទុកបណ្តាញចែកចាយ បច្ចេកទេសនៃការតាម ដានស៊ើបអង្កេត វិធីសាស្ត្រក្នុងការបង្ក្រាបចំពោះការធ្វើចរាចរណ៍ គ្រឿងញៀនទាំងនោះ ក៏ដូចជាផលិតផលពាក់ព័ន្ធដែលសង្ស័យថា ក្លែងក្លាយខុសច្បាប់។
លោកបានបន្តថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ ប្រាដកជាទទួលចំណេះដឹងថ្មីល្អៗបន្ថែមរួមទាំងការអនុវត្តជាក់ស្តែង ឆ្លងតាមការចូលរួមចែករំលែកពីបទពិសោធន៍ ពីគ្នាទៅវិញទៅមក មិនត្រឹមតែបទល្មើសគ្រឿងញៀនមួយមុខប៉ុណ្ណោះទេ គឺគ្រប់បទល្មើស ទាំងអស់។
លោកស្រី Eva nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏បានថ្លែងថា បារាំងបានពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា អស់រយៈពេលជាយូរណាស់មកហើយ ទាក់ទងនឹងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ការប្រឆាំងបទល្មើសក្លែងក្លាយ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ បារាំងពិតជាត្រេកអរ ចំពោះការផ្តល់នូវវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនិងគ្រឿងញៀន និងផលិត ផលក្លែងក្លាយខុសច្បាប់ទាំងនេះ ហើយបារាំងនៅបន្តលើកទឹកចិត្តជានិច្ច ដល់កម្ពុជាក្នុងការ ទប់ស្កាត់នូវគ្រឿងញៀន ផលិតផលក្លែងក្លាយករណីផ្សេងៗទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ នៅបរិវេណទីលានចាក់សំរាម ជាប់សាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានដុតបំផ្លាញផលិតផលក្លែងក្លាយខុសច្បាប់ប្រមាណជាង៦០តោន បានបង្ក្រាបនិងរឹបអូសនាពេលកន្លងមក។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចចម្រុះដឹកនាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចាប់ឃាត់នូវគ្រឿងសំអាងក្លែងក្លាយនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ មានចំនួនជាង៦០តោន ដែលជនល្មើសបាននាំចូល ផលិត ចែកចាយ ដោយខុសច្បាប់។
បន្ទាប់ពីចាប់ឃាត់គណៈកម្មការបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី រហូតទទួលបានការសម្រេចពីតុលាការផ្ដន្ទាទោសជនល្មើសចំនួន៣នាក់ ដោយម្នាក់ៗជាប់ពន្ធនាគារ១ឆ្នាំ និងសម្រេចរឹបអូសវត្ថុតាង ម៉ាស៊ីនផលិតចំនួន១៦គ្រឿង និងរថយន្តមួយគ្រឿងជាសម្បត្តិរដ្ឋ ព្រមទាំងបង្គាប់ឲ្យកម្ទេចចោលវត្ថុតាងគ្រឿងសំអាងក្លែងក្លាយខុសច្បាប់ជាង៦០តោន។
ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ពីបណ្តាសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងណាក៏ដោយ ក៏ជនល្មើសនៅតែព្យាយាមបន្តប្រព្រឹត្ត ពីព្រោះថា ផ្អែកតាមការស្រាវជ្រាវពីសំណាក់អង្គការអន្តរជាតិនានា បានបង្ហាញថា ឧក្រិដ្ឋជនដែលចរាចរចែកចាយលើផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដូចជា បារី សុរា ឱសថក្លែងក្លាយ និងគ្រឿងសំអាងក្លែងក្លាយ ទទួលបានប្រាក់ចំណេញយ៉ាងច្រើន បើប្រៀបទៅនឹងបទល្មើសដ៏ទៃទៀត ហើយចំពោះការដាក់ទោសទណ្ឌទៀតសោតនៅមានកម្រិតស្រាល។
សូមបញ្ជាក់ថា គ.ប.ផ.ក បង្ក្រាបផលិតផលក្លែងក្លាយក្នុងឆ្នាំ២០១៧ បាន១៩ករណី រឹបអូសវត្ថុតាងសរុបចំនួន ៥៩៧,៥តោន ធ្វើពិធីដុតបំផ្លាញចោល ៨១តោន និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ៖បញ្ញាស័ក្តិ